អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រលំអគារ៖ សោកនាដកម្ម​ដែល​មិនគួរ​នឹង​កើត នាំឲ្យ​ចោទសំណួរ​ជុំវិញ​សុវត្ថិភាព​កម្មករ​កាត់ដេរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំនួន​អ្នក​ស្លាប់​ ក្នុង​ការ​រលំអគារ​រោងចក្រ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​​ បាន​កើនឡើង​រហូតដល់​ទៅ​ជិត ៣០០នាក់​ហើយ នៅថ្ងៃ​សុក្រ​នេះ។ នេះ​គឺ​ជាសោកនាដកម្ម​ថ្មី​មួយទៀត ដែល​កើតឡើងនៅ​ក្នុង​វិស័យ​កាត់ដេរ បន្ទាប់​ពី​សោកនាដកម្ម​អគ្គិភ័យ ក្នុង​រោងចក្រ​កាត់ដែរ កាល​ពី​ប្រមាណ ៥ខែ​មុន បាន​បណ្តាល​ឲ្យ​កម្មករ​ ១១១នាក់ ត្រូវ​បាត់បង់​ជីវិត។ សោកនាដកម្ម​ផ្ទួនៗ​គ្នា​នេះ កំពុង​តែ​ធ្វើ​ឲ្យ​មានការរិះគន់​កាន់តែ​ខ្លាំង ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ នៃ​កម្មករ​កាត់ដេរ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ប្រទេស​ដែលជាប់ចំណាត់ថ្នាក់​លេខ២ នៅលើ​ពិភពលោក​ខាង​វិស័យកាត់ដេរ។

កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​ត្រូវ​គេ​ជួយសង្រ្គោះ​ចេញ​ពី​គំនរ​អគាររោងចក្រ ដែល​រលំ កាល​ពីថ្ងៃ​ពុធ ២៤ មេសា ២០១៣
កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​ត្រូវ​គេ​ជួយសង្រ្គោះ​ចេញ​ពី​គំនរ​អគាររោងចក្រ ដែល​រលំ កាល​ពីថ្ងៃ​ពុធ ២៤ មេសា ២០១៣ Reuters
ផ្សាយពាណិជ្ជកម្ម

ការរលំអគារ​រោងចក្រ​កាត់ដេរ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស កាល​ពីថ្ងៃ​ពុធ កន្លងទៅនេះ គឺ​ជា “សោកនាដកម្ម” ដ៏ធំមួយ ប៉ុន្តែ វា​មិនមែន​ជា “គ្រោះថ្នាក់” នោះទេ។ មិនមែន​ជា​រឿង​គ្រោះថ្នាក់ ពីព្រោះ វាជា​រឿង​មិន​គួរ​នឹង​ឲ្យកើត។ វាគឺ​ជា​សោកនាដកម្ម ដែល​គួរ​តែ​អាច​ចៀសវាង​បាន។

កម្មករកាត់ដេរ​ជាច្រើន​ ដែល​មានជីវិត​រួចពី​ការ​រលំអគារ​នេះ សុទ្ធតែ​បាន​អះអាង​ថា គេ​ឃើញ​មាន​ស្នាម​ប្រេះ​កាន់តែ​រីកធំ នៅ​ក្នុង​អគារ​រោងចក្រ​នេះ តាំង​ពីថ្ងៃ​អង្គារ​ម៉្លេះ រហូត​ថែម​ទាំង​មាន​ការ​ជម្លៀស​បុគ្គលិក និង​កម្មករ​ចេញ​ពី​អគារ​នេះ​ទៀតផង។ ក៏ប៉ុន្តែ នៅថ្ងៃពុធ ថៅកែ​រោងចក្រ​កាត់ដេរ បាន​បង្ខំ​ឲ្យ​កម្មករ​​ទាំង ៣ពាន់នាក់ ត្រឡប់​ចូល​មក​ធ្វើ​ការវិញ​ទាំងអស់ ដោយ​ព្រមាន​ថា បើ​អ្នកណា​មិនមក​ធ្វើការ​នឹង​ត្រូវ​កាត់ប្រាក់​ខែ ឬ​ត្រូវ​បញ្ឈប់​ការងារ។ មួយម៉ោង​ក្រោយ​ពី​​​ចូល​ធ្វើការ អគារ​ទាំងមូល​ក៏រលំសង្កត់កម្មករ​រាប់រយពាន់នាក់ នៅ​ក្នុងនោះ ដែល​រហូតមកទល់នឹង​ពេលនេះ គេ​នៅ​មិនទាន់​សង្រ្គោះចេញ​មក​បាន​អស់នៅឡើយ។

គួរបញ្ជាក់ថា នៅ​ក្នុង​អគារ​ដែល​រលំបាក់​នេះ ក្រៅពី​រោងចក្រ​កាត់ដេរ ក៏​មាន​ការិយាល័យ​ធនាគារ​​មួយ​​ផងដែរ។ ហើយយោងតាម​សេចក្តីថ្លែងការណ៍​របស់​​ធនាគារនេះ បន្ទាប់​ពី​ឃើញ​មាន​ស្នាមប្រេះ​ក្នុង​អគារ កាល​ពីថ្ងៃ​អង្គារ ធនាគារ​​បាន​ប្រាប់​បុគ្គលិក​របស់​ខ្លួន​ទាំងអស់ មិន​ឲ្យ​មក​ធ្វើ​ការទេ នៅ​ថ្ងៃ​ពុធ។ ជាលទ្ធផល មិនមាន​បុគ្គលិក​ធនាគារ​ណាម្នាក់​ត្រូវ​ស្លាប់ ឬ​របួស នៅ​ក្នុង​ការរលំ​អគារ​នេះ​ទេ។ ដូច្នេះ ការស្លាប់ និង​របួស​ដ៏ច្រើន​សន្ធឹកសន្ធាប់ នៅ​ក្នុង​ការ​រលំអគារ​នេះ គឺ​ជា​​សោកនាដកម្ម​ ដែល​គួរតែ​អាច​ចៀសវាងបាន ប្រសិន​បើ​ថៅកែរោងចក្រ​ មាន​ស្មារតី​ទទួលខុសត្រូវ ចេះ​គិតគូរ​ពី​សុវត្ថិភាព​និយោជិត​របស់​ខ្លួន ដោយ​មិន​គិត​តែ​ពី​រឿង​លុយ​ចំណេញ។

ចំនួនកម្មករ​​ស្លាប់ និង​របួស​ដ៏ច្រើន​សន្ធឹកសន្ធាប់​ បូករួម​ជាមួយ​នឹង​ដំណឹង​អំពី​ទង្វើ​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​របស់​ថៅកែ​រោងចក្រ​​នៅពេលនេះ កំពុង​តែ​មក​បន្ថែម​ពីលើ​សោកនាដកម្ម​មួយចំនួន​ផ្សេងទៀត ដែល​ចេះតែ​កើតឡើង​ឥតឈប់ នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​បង់ក្លាដែស ជាពិសេស សោកនាដកម្ម កាល​ពី​ខែ​វិច្ឆិកា​កន្លងទៅ ដែល​អគ្គិភ័យ​នៅក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ១រយនាក់។

វិស័យកាត់ដេរ គឺ​ជា​វិស័យ​ឈានមុខ​មួយ នៃ​សេដ្ឋកិច្ច​បង់ក្លាដែស។ ផលិតផលក្នុងសរុប​របស់​បង់ក្លាដែស ប្រមាណ​ជា ១៧% បាន​មក​ពី​វិស័យ​កាត់ដេរ។ ក្នុង​មួយ​ឆ្នាំៗ ការនាំចេញ​សម្លៀកបំពាក់​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ៨០% នៃ​ការនាំចេញ​សរុប​របស់​បង់ក្លាដែស។ បើគិត​ជា​ទឹកប្រាក់ ការនាំចេញសម្លៀកបំពាក់​បង់ក្លាដែស ក្នុងមួយ​ឆ្នាំៗ មានរហូតដល់​ទៅ ២០ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បង់ក្លាដែស​ជាប់ចំណាត់ថ្នាក់​លេខ ២ នៅលើ​ពិភពលោក ខាង​វិស័យ​កាត់ដេរ ហើយ​គេ​ព្យាករ​ថា បង់ក្លាដែស​អាច​នឹង​ប្រជែង​យក​តំណែងលេខ១ ពីចិន នៅ​ក្នុង​រយៈពេល ៧ឆ្នាំ​ខាងមុខ​ទៀត​នេះ។

ក៏ប៉ុន្តែ នៅ​ក្នុងការ​ប្រកួតប្រជែង​គ្នា​នេះ វិស័យ​កាត់ដេរ​បង់ក្លាដែស​ផ្តោត​ទៅលើ​យុទ្ធសាស្រ្ត​មួយ គឺ​ប្រកួតប្រជែង ទៅលើ​តម្លៃ​ផលិត ពោលគឺ​ធ្វើយ៉ាងណា​ផលិត​សម្លៀកបំពាក់​ឲ្យ​បាន​ថោក​ជាង​ប្រទេស​ជា​គូប្រជែង ដូចជា ចិន និង​វៀតណាម ជាដើម។ ការ​ព្យាយាម​បញ្ចុះតម្លៃ​ផលិត​នេះ ធ្វើ​ឡើង​តាមរយៈ​ការ​ផ្តល់​ប្រាក់ឈ្នួល​ទាប​ដល់​កម្មករ លក្ខខណ្ឌការងារ​មិន​សមរម្យ ហើយ​សុវត្ថិភាពការងារ​របស់​កម្មករ​មិន​ត្រូវ​បាន​ថៅកែ​យកចិត្ត​ទុកដាក់។

ចំណែក​ឯរដ្ឋាភិបាល​បង់ក្លាដែស​វិញ នៅពេល​ដែល​មាន​សោកនាដកម្ម​កើតឡើង ទៅលើ​កម្មករ​កាត់ដេរ​ម្តងៗ បាន​ត្រឹមតែ​ស្រែក​ថ្កោលទោស រិះគន់​រោងចក្រ ក៏ប៉ុន្តែ មិនឃើញ​មាន​ធ្វើ​អ្វី​ធំដុំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សោកនាដកម្ម​នេះ​កើតឡើង​នោះទេ។ ក្រុម​អង្គការ​ការពារ​សិទ្ធិពលករ នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ក៏ដូចជា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​ទៀត តែងតែ​បាន​លើកឡើង​ថា នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ថៅកែរោងចក្រ​កាត់ដេរ​មាន​អំណាច​អាច​អង្គុយ​លើ​ច្បាប់បាន ពីព្រោះ​ថា ពួកគេ ព្រមទាំង​ក្រុមគ្រួសារ​ សាច់ញាតិ​របស់​ពួកគេ​ កាន់កាប់​​អាសនៈ​ក្នុង​រដ្ឋសភា​បង់ក្លាដែស រហូតដល់​ទៅ ប្រមាណ​ជា ១០%។ ក្នុង​ចំណោម​ថៅកែរោងចក្រ​កាត់ដេរ​ទាំងនេះ មាន​ច្រើន ដែល​ជា​សមាជិក​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​ នៅ​បង់ក្លាដែស។ ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកថៅកែរោងចក្រ​អាច​ធ្វើ​អ្វី ស្រេចតែ​នឹង​ចិត្ត។

សោកនាដកម្ម​រលំអគារ នៅបង់ក្លាដែស នៅពេលនេះ ព្រមទាំង​សោកនាដកម្ម​មុនៗ​ផ្សេងទៀត នៅ​ក្នុង​វិស័យ​កាត់ដេរ​បង់ក្លាដែស ថ្វីដ្បិត​តែ​វា​ជា​ការទទួលខុសត្រូវ​ធំបំផុត​របស់​ថៅកែរោងចក្រ និង​អាជ្ញាធរ​បង់ក្លាដែស ក៏ប៉ុន្តែ ក្រុមហ៊ុន​បរទេស ជាពិសេស ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ នៅអឺរ៉ុប និង​អាមេរិក ក៏​មាន​ចំណែក​ទទួល​ខុសត្រូវ​ច្រើន​ដែរ ពីព្រោះ ពួកគេ​ស្វះស្វែង​រក​តែ​កន្លែងណា​ដែល​ផលិត​សម្លៀក​បំពាក់​ក្នុង​តម្លៃ​ថោក ដើម្បី​បង្កើន​ប្រាក់​ចំណេញ ដោយ​មិនខ្វល់ខ្វាយ ពី​លក្ខខណ្ឌការងារ​​របស់​កម្មករ ដែល​ផលិត​ទំនិញ​ទាំងនេះ។ បើ​និយាយ​ពី​ការទទួលខុសត្រូវនេះ គេ​ក៏​មិនគួរ​ភ្លេចដែរ ពី​អតិថិជន​ទិញសម្លៀកបំពាក់ ជាពិសេស អតិថិជន នៅ​អឺរ៉ុប និង​អាមេរិក ដែលស្វះ​ស្វែងរក​ទិញ​តែ​សម្លៀកបំពាក់​ណា​ដែល​មាន​តម្លៃ​​ថោក ដោយ​មិន​ខ្វល់​ថា​ តើ​សម្លៀកបំពាក់នេះ ផលិត​នៅ​ទីណា? ក្នុង​លក្ខខណ្ឌ​ការងារ​បែបណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ