អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ខឹង​​ចិន​ដែល​បង្កើត​តំបន់​ការពារ​ដែនអាកាស ជប៉ុន​​រួម​ជាមួយ​អាស៊ាន​ដើម្បី​សេរីភាព​ក្នុងការហោះហើរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​អាស៊ាន និង​ជប៉ុន បាន​បើក​ធ្វើ នៅថ្ងៃ​សៅរ៍​ទី ១៤ ធ្នូ នៅទីក្រុង​តូក្យូ។ ជប៉ុន​ដែល​ជា​ម្ចាស់ផ្ទះ​បាន​សន្យា​មុន​គេ ផ្តល់​ជំនួយ និង​កម្ចី​ក្នុង​ទឹកប្រាក់​២០​ពាន់​លាន​ដុល្លារ ដល់​អាស៊ាន។ ជប៉ុន​នៅ​បាន​រួម​គ្នា​ជាមួយ​អាស៊ាន​ចេញ​សេចក្តីប្រកាស​រួមមួយ ដែល​នៅក្នុង​អាស៊ាន​និង​ជប៉ុន​បាន​ព្រមព្រៀង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធានា​សេរីភាព និង​សន្តិសុខ​នៅក្នុង​ការហោះហើរ​របស់​អាកាសចរណ៍​ស៊ីវិល។ សេចក្តីប្រកាស​មិន​បាន​និយាយ​ចំៗ​ពី​តំបន់​ការពារ​ដែន​អាកាស​ដែល​ចិន​ទើប​បង្កើត និង​ដែលជប៉ុន​កំពុង​ចោទ​ថា បាន​រំលោភ​លើ​ដែន​អាកាស​របស់ខ្លួន។ តាម​គម្រោង ជំនួប​កំពូល​អាស៊ាន​នៅជប៉ុន ជាជំនួប​អាស៊ាន​​បូក​បី (ចិន កូរ៉េខាងត្បូង) ប៉ុន្តែ ចិន និង​កូរ៉េខាងត្បូង មិនត្រូវ​បាន​គេ​អញ្ជើញ។

នាយករដ្ឋមន្រ្តី ជប៉ុន​​ចាប់ដៃ​ចាប់ជាមួយ​ប្រមុខដឹកនាំ​របស់​សមាជិក​អាស៊ាន​ដែល​ស្ថិតនៅ​​តាម​បណ្តោយ​ទន្លេមេគង្គ
នាយករដ្ឋមន្រ្តី ជប៉ុន​​ចាប់ដៃ​ចាប់ជាមួយ​ប្រមុខដឹកនាំ​របស់​សមាជិក​អាស៊ាន​ដែល​ស្ថិតនៅ​​តាម​បណ្តោយ​ទន្លេមេគង្គ ©REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

 

នៅពេល​ចូល​កាន់តំណែង​ជា ​នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ​ធ្លាប់​ប្រកាស​យក​អាស៊ាន ជា​នយោបាយ​ការទូត​អាទិភាព នៅក្នុង​អាណត្តិ​របស់​លោក។ ក្នុង​រយៈពេល​តែមួយ​ឆ្នាំ នាយករដ្ឋមន្រ្តី ជប៉ុន បានធ្វើដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។ ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​អាស៊ាន​ដែល​កំពុង​មាន​សក្តានុពល​សេដ្ឋកិច្ច និង​សំខាន់​សម្រាប់​ទីផ្សារ​ផលិតផល​របស់​ជប៉ុន​ជារឿងមួយ ប៉ុន្តែ ដែលជប៉ុន​យកចិត្ត​ទុកដាក់​ខ្លាំង​គឺ​យុទ្ធសាស្រ្ត​ភូមិសាស្រ្ត​នយោបាយ។

សមាជិក​មួយ​ចំនួន​របស់​អាស៊ាន ដូចជា​ហ្វីលីពីន វៀតណាម ជាដើម ក៏​កំពុង​មាន​ជម្លោះ​ដណ្តើម​ទឹកដី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិនដែរ។ ហ្វីលីពីន​តែម្តង​បាន​ហ៊ានទាំង​ចេញ​មុខ​តទល់​តាមការទូត​ប្រឆាំង​នឹង​ចិន បន្ទាប់ពី​ចិន​បាន​បញ្ជូន​កប៉ាល់​ល្បាត​ឲ្យ​ទៅ​ប្រចាំ​នៅ​ប្រជុំកោះ Scabouroug​ដែល​ហ្វីលីពីន​បាន​ទាមទារ​ថា ជាដីកោះ​របស់​ខ្លួន។ ហ្វីលីពីន​បាន​ប្រឈមមុខ​តទល់​ខ្លាំង​ជាមួយ​ចិន នៅក្នុង​រយៈពេល​ពីរឆ្នាំ​ចុងក្រោយនេះ។ ដូច្នេះ គេ​មិន​ចាំបាច់​ប្លែក​ចិត្តទេ ហេតុអ្វី​បាន​ជប៉ុន​ខំប្រឹង​ដុតដៃ ដុតជើង​ជួយ​ហ្វីលីពីន​ខ្លាំងម្ល៉េះ នៅក្នុង​ពេល​ហ្វីលីពីន​ជួប​រងគ្រោះ ដោយខ្យល់ព្យុះ​ហៃយ៉ាន់​កន្លងទៅនោះ​ជប៉ុន​ខំប្រឹង​ដុតដៃ ដុតជើង​ជួយ​ហ្វីលីពីន។ ជប៉ុន​បាន​បញ្ជូន​ទាហាន​រាប់រយ​នាក់​ដើម្បី​ទៅ​ជួយ​ជនរងគ្រោះ ហើយ​នៅក្នុង​ជំនួប​កំពូល​នៅថ្ងៃ​នេះទៀត ជប៉ុន​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​ប្រមាណ ៩៧​លាន​ដុល្លារ ដើម្បី​ជួយ​ហ្វីលីពីន នៅក្រោយ​គ្រោះ​មហន្តរាយ។

នៅលើ​ក្រដាស គឺ​ជាជំនួយ​គ្មាន​ចំណង។ ប៉ុន្តែ ការជួយ​ជ្រោមជ្រែង​របស់​ជប៉ុន​មិនមែន​ធ្វើឡើង​ដោយ​គ្មាន​ទិសដៅនោះទេ។ យ៉ាងហោច ជប៉ុន​បាន​អូសទាញ​ហ្វីលីពីន មក​ជា​គ្នីគ្នា​របស់​ខ្លួន។ ជប៉ុន​បាន​ធ្វើនយោបាយ​បែបនេះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត។ មានន័យថា ប្រទេស​ជប៉ុន និង​អាស៊ាន មិនត្រឹម​មាន​ចិន ជា​សត្រូវ​រួមគ្នា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​នៅ​មាន​ចំណង​សេដ្ឋកិច្ច​ដែល​មិន​អាច​មើល​រំលងបាន។

កម្ពុជា ឡាវ​ជាមិត្ត​របស់​មហាចិន

មហិច្ឆតា​របស់​ជប៉ុន គឺ​ចង់​ពង្រឹង​មិត្តភាព និង​រហូត​ដល់​ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​អាស៊ាន ដើម្បី​រួមគ្នា​តទល់​ជាមួយ​ចិន។ ប៉ុន្តែ នៅក្នុង​អាស៊ាន មាន​តែ​ប្រទេស​បួន​ប៉ុណ្ណោះ ដែល​មាន​កំពុង​មាន​ជម្លោះ​ដណ្តើម​ដីកោះ ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប្រទេស​ទាំងបួន នោះ​មានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ។ ប៉ុន្តែ នៅ​មាន​ប្រទេស​៦​ទៀត ដែល​ខ្លះ​តាំងខ្លួន​នៅ​កណ្តាល និង​ខ្លះ​ទៀត ដូចជា​ភូមា កម្ពុជា និង​ឡាវ​ជាដើម ត្រូវ​គេមើលឃើញថា កំពុង​មាន​ទំនាក់​ទំនង​ជិតស្និទ​ជាមួយ​ប្រទេស​ចិន។ ជំហរ​នយោបាយ​មិនដូចគ្នា របស់​សមាជិក​អាស៊ាន​ចំពោះ​មហាអំណាច​ចិន កំពុង​បង្ក​ជា​ឧបសគ្គ​ក្នុង​នយោបាយ​ការទូត​របស់​ជប៉ុន។

ប៉ុន្តែ យ៉ាងណា​ក៏ដោយ នៅថ្ងៃនេះ នាយករដ្ឋមន្រ្តី ជប៉ុន​បាន​​សម្រេច​បញ្ចុះបញ្ចូល​​សមាជិក​អាស៊ាន ឲ្យ​ទទួល​ស្គាល់ និង​គាំទ្រ​នយោបាយ​សន្តិសុខ​របស់លោក។ នៅក្នុង​សេចក្តី​ប្រកាស​រួមមួយ  ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​បាន​ចុះហត្ថលេខា​ជាមួយ ជប៉ុន មាន​ឃ្លាមួយ​ដែល​សរសេរ​ថា នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បង្កើត​នយោបាយ​សន្តិសុខ​មួយ ដែល​មាន​ទិសដៅ​​ចូលរួម​ចំណែក​ក្នុង​ការរក្សា​ស្ថិរភាព និង​សន្តិភាព នៅក្នុង​តំបន់។ គេ​មិន​បាន​ដឹងថា តើ​នយោបាយ​សន្តិសុខ​ដែល​នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បង្កើតឡើង​សំដៅ​ទៅលើ​អ្វី​ឲ្យ​បា្រកដទេ ប៉ុន្តែ កន្លងមក ចិន​តែងតែ​រិះគន់​លោកនាយករដ្ឋមន្រ្តី​ជប៉ុន​ថា ជាមនុស្ស​ជាតិ​និយម និង​មាន​មហិច្ឆតា ចង់​ត្រលប់​ទៅ​បំពាក់​អាវុធ​ឲ្យ​​កងទ័ព​ជប៉ុន​ចូល​ធ្វើ​សង្រ្គាម​ឡើង​វិញ។ នៅក្រោយ​សង្រ្គាម​លោកលើកទីពីរ អាមេរិក​បាន​សរសេរ​រដ្ឋធម្មនុញ្ញ​មួយ​ឲ្យ​ជប៉ុន​ដែល​បាន​កំណត់​ថា កងទ័ព​ជប៉ុន​មាន​ត្រឹម​សិទ្ធិ​ស្វ័យការពារខ្លួន ប៉ុន្តែ មិនអាច​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​ណាទេ។

ក្រៅតែពី​ការទទួល​ស្គាល់​នយោបាយ​សន្តិសុខ​របស់​ជប៉ុន​ពី សំណាក់​អាស៊ានហើយ ជប៉ុន​នៅ​បាន​រួម​គ្នា​ជាមួយ​អាស៊ាន​ចេញ​សេចក្តីប្រកាស​រួមមួយ ដែល​នៅក្នុង​អាស៊ាន​និង​ជប៉ុន​បាន​ព្រមព្រៀង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ធានា​សេរីភាព និង​សន្តិសុខ​នៅក្នុង​ការហោះហើរ​របស់​អាកាសចរណ៍​ស៊ីវិល។ បើទោះបី​ជា​សេចក្តីប្រកាស​មិន​បាន​និយាយ​ចំៗ​ពី​តំបន់​ការពារ​ដែន​អាកាស​ដែល​ចិន​ទើប​បង្កើត និង​ដែលជប៉ុន​កំពុង​ប្រឆាំង​តវ៉ា ប៉ុន្តែ វា​ច្បាស់​ណាស់ថា ជប៉ុន និង​អាស៊ាន​កំពុង​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​គិតគូរ​មើល​ច្បាប់​របស់ខ្លួនឡើងវិញ។ ចិន​​​ផ្ទាល់​ធ្លាប់​អះអាង​ចង់​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ស្រដៀងគ្នានេះ នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​សមាជិក​អាស៊ានខ្លះ។ ជប៉ុន​បាន​ជំរុញ​ឲ្យ​អាស៊ាន​ចេញ​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​ចិន​ នៅ​សមុទ្រ​ចិន​ខាងត្បូង។

នៅក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ជប៉ុន និងអាស៊ាន​ក៏​មាន​បញ្ចូល​ចំណុច​ឯកភាព​គ្នា​រវាង​អាស៊ាន និង​ជប៉ុន​ដែល​នឹង​រួមគ្នា​ធ្វើការ​ដើម្បី​ធានា​ដល់​ការគោរព​គោលការណ៍​ជា​សកល និង​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ដែន​សមុទ្រ ដែល​ធ្វើ​ឡើង នៅ​ឆ្នាំ ១៩៨២។ យ៉ាងណាក៏ដោយ នៅក្នុង​ជំនួប​កំពូល​អាស៊ាន​ជប៉ុន គ្មាន​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិក​អាស៊ាន​ណាមួយ​បាន​បង្ហើប​ឈ្មោះ និង​ទម្លាក់កំហុស​ទៅលើ​ចិន ដែល​បាន​បង្កើត​តំបន់ការពារ​ដែនអាកាស​ដែល​រំលោភ​ទៅលើ​ជប៉ុនដែរ។ បើទោះបី​ជាឈ្លោះជាមួយ​ចិន ប៉ុន្តែ សមាជិក​អាស៊ាន​ទាំង​អស់​នៅតែ​មាន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន និង​ត្រូវការ​ចិន​ដែល​ជា​មហា​អំណាច​​សេដ្ឋកិច្ច​ពិភពលោក​ទីពីរ នាំមុខ​ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ