អានតួអត្ថបទ
កម្ពុជា

មនុស្ស ៣​នាក់​ស្លាប់ ដោយសារ​ព្យុះភ្លៀង​ ក្នុង​ខេត្ត​កំពង់ឆ្នាំង

ព្យុះ​ភ្លៀង កាល​ពី​យប់​ម្សិលមិញ បាន​ធ្វើ​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ អស់​មួយចំនួន នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ មន្ត្រី​ប៉ូលីស និយាយ​ថា ខ្យល់​ព្យុះ​បាន​បោក​បក់ ក្នុង​កម្រិត​ខ្លាំង​ក្លា​មួយ ថែម​ទាំង​ធ្លាក់​ភ្លៀង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ស្ទើ​តែ​រក​កន្លែង​សុវត្ថិភាព​មិន​ទាន់។

ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​មាន​មនុស្ស​៣នាក់​ត្រូវ​បាន​គេ​ដឹង​ថា​ស្លាប់​ដោយសារ​ខ្យល់ព្យុះ ដែល​នាំ​មក​នូវ​ទឹកភ្លៀង​កាល​ពី​យប់​ថ្ងៃ​ពុធ ម្សិលមិញ នៅ​ខេត្ត​កំពង់ឆ្នាំង។

លោក ម៉ៅ សម្បត្តិ មេ​ប៉ូលីស​ប៉ុស្តិ៍​ស្វាយជ្រុំ​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI មុននេះ​បន្តិច​ថា​ភ្លៀង​ខ្យល់​មាន​កំរិត​ខ្ពស់​បាន​បោក​បក់​ចំ​ចំនុច ឃុំ​ស្វាយជ្រុំ និង​ឃុំ​មួយ​ចំនួន​ទៀត បណ្តាល​ឲ្យ​មនុស្ស​២​នាក់​នៅ​ក្នុង​ស្រុក​ស្វាយជ្រុំ​បាន​ស្លាប់ ក្នុង​នោះ​បុរស​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ដោយសារ តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង និង​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​ពស់​ចឹក ខណៈ​ដែល​គាត់​កំពុង​តែ​លាក់​ខ្លួន​ពី​គ្រោះថ្នាក់​ធម្មជាតិ​ខ្យល់ព្យុះ។ដោយឡែក​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​ខ្យល់ព្យុះ​នៅ​កន្លែង​ដទៃ​នៃ​ខេត្ត​ជាមួយ​គ្នា​នេះ​ដែរ។

ក្រៅ​ពី​ឆក់​យក​ជីវិត​មនុស្ស ព្យុះភ្លៀង​កំណាច ក៏​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាង ១០ខ្នង បែក​បាក់ ខូច​ខាត និង​រសាត់​ទូក កាណូត អស់​ជា​ច្រើន​ទៀត​ផង។ មន្ត្រី​គ្រោះ​មហា​ន្ត​រាយ​ថ្នាក់​ជាតិ​នៃ​ប្រទេស​កម្ពុជា កំពុង​តែ​ស្រង់​ទិន្នន័យ​ជាក់លាក់​នៃ​ការ​ខូច​ខាត​ដោយសារ​ភ្លៀង​ព្យុះ ដែល​កំពុង​បន្ត​មក​ដល់​ថ្ងៃ​នេះ។

សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិការ​កន្លង​ទៅ​នេះ ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​នៃ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ស្ថានភាព​ដែល​អាច​កើត​មាន​អាកាសធាតុ​មិន​ល្អ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ចាប់​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិការ ដោយសារ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់។ ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន នៅ​តាម​មាត់​សមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ