អានតួអត្ថបទ
កម្ពុជា-អប់រំ

លទ្ធផល​បាក់​ឌុប៖ បេក្ខជន​៦៣,៦៦៨​នាក់​ប្រឡង​ជាប់ និង​៤២៤​នាក់​ទទួល​បាន A

លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ឬ​បាក់​ឌុប​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០​១៧​​​នេះ​បាន​បង្ហាញ​ថា មាន​បេក្ខជន ៦៣,៦៦៨​នាក់​បាន​ប្រឡង​ជាប់​ស្មើ​នឹង៦៣.៨៤​ភាគ​រយ។ ក្នុង​នោះ​សិស្ស​ជាប់​និទ្ទេស​A​មាន​ការ​កើន​ឡើង​រហូត​៤២៤​នាក់។  

បេក្ខជនប្រលងសញ្ញាបត្របាក់ឌុប កំពុងពិនិត្យមើលលទ្ធផលរបស់ខ្លួនកាលពីឆ្នាំកន្លងមក
បេក្ខជនប្រលងសញ្ញាបត្របាក់ឌុប កំពុងពិនិត្យមើលលទ្ធផលរបស់ខ្លួនកាលពីឆ្នាំកន្លងមក rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេសA៤២៤​នាក់​គឺ​មក​ពី​២១​រាជធានី​ខេត្ត​រួម​មានៈ​ភ្នំពេញ​មាន​ចំនួន​១៩៤​នាក់ សៀមរាប​៤៧​នាក់ កណ្ដាល​២៦​នាក់ បាត់ដំបង​២៣​នាក់ កំពត់​២១​នាក់ កំពង់​ចាម​២០​នាក់ ព្រៃ​វែង​១២​នាក់ បន្ទាយមាន​ជ័យ​១២​នាក់ កំពង់​ឆ្នាំង១២​នាក់ ព្រះ​សីហនុ​៩​នាក់ កំពង់​ធំ​៩​នាក់ តាកែវ​៨​នាក់ ត្បូង​ឃ្មុំ​៧​នាក់ ពោធិ៍​សាត់​៦នាក់ ក្រចេះ​៦​នាក់ ស្វាយ​រៀង​៥​នាក់ ព្រះវិហារ​២​នាក់ កំពង់​ស្ពឺ​១​នាក់ កែប​២​នាក់ ប៉ៃលិន​១​នាក់ កោះ​កុង​១​នាក់ ។ ចំណែក​ខេត្ត​ដែល​បេក្ខជន​មិន​ទទួល​បាន​និទ្ទេសA មណ្ឌល​គិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ។

ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​ទៅ សិស្ស​ទទួល​បាន​និទ្ទេស​A​នៅ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​១៩​នាក់។ ក្រៅ​ពី​សិស្ស​ទទួល​បាន​និទ្ទេស​មាន​ចំនួន​៤២៤​នាក់​ហើយ​នោះ​និន្ទេស​B​មានចំនួន​២៤៦៤​នាក់​C ៥០០០នាក់ D៩១៣២នាក់ E៤៦,៦៥៧នាក់។

គួរបញ្ជាក់ថា បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​២០១៧​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៦ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​៦៣,៦៦៨​នាក់​ស្មើ​នឹង​៦៣​ភាគរយ​ក្នុង​ចំណោម​បេក្ខជន​មាន​វត្ត​មាន​ប្រឡង​៩៩ ៧២៨​នាក់។​ ក្នុង​នោះ​បេក្ខជន​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យា​សាស្ត្រ​មាន​ចំនួន​៣៤ ២៣៤ ។ ចំណែក​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​មាន​ចំនួន​២៩ ៤៣៤នាក់។ រីឯ​បេក្ខជន​ប្រឡងជាប់កាលពីឆ្នាំ​២០​១៦​មាន​ចំនួន​៥៥,៧៥៣ នាក់​ស្មើ​និង​៦២ភាគរយ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជិត ៩ម៉ឺន​នាក់។

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​១០​កញ្ញានេះ​ដែរ ក្រសួង​អប់រំ​ក៏​បាន​បង្ហាញ​ថា បេក្ខជន​២៨​នាក់​ត្រូវ​បាន​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ក្រោយ​កើត​មាន​ករណី​ប្រឡង​ជំនួស ប្ដូរ​លេខតុ លួច​ចម្លង ប្រើ​ប្រាស់​ទូរព្ទ​ដៃ យក​សំណៅ​ឯកសារ ម៉ាស៊ីន​គិត​លេខ​ចូល​បន្ទប់​ប្រឡង។

ចំណែក​បុគ្គលិក​អប់​រំ​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ក្នុង​ការ​ដំណើរ​ការ​ប្រឡង​ក៏​ទទួល​បាន​ទណ្ឌកម្ម​ខាង​វិន័យ​ដែរ​រួម​មាន​ការ​ស្ដី​បន្ទោស​ផ្ទាល់​មាត់ ជា​លាយ​លក្ខណ៍​អក្សរ ស្ដី​បន្ទោស​ជា​ទម្ងន់ លុប​ឈ្មោះ​ចេញ​ពី​តារាង​ឡើង​ឋានន្តរ​ស័ក្ដិ​២​ឆ្នាំ ផ្អាក​មិន​ឲ្យ​ចូល​រួម​ជាគណៈ​មេ​ប្រយោគ​១​ឆ្នាំ និង​ផ្អាក​លែង​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​ប្រឡង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ