អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី​ លោក​ កឹម​ សុខា​៖ ​តួនា​ទី​ប្រធាន​ស្តីទី​CNRP​ របស់​លោក ​សម ​រង្ស៊ី​ មិន​អាច​យក​ជា​ការ​បាន​ទេ​

ភ្លាមៗ​ក្រោយ​ពី​ លោក​ សម​ រង្ស៊ី ​ប្រកាសថា​ លោក​ត្រូវ​បាន​បញ្ជាក់​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្សិល​មិញ​នោះ​ មេធាវី​ម្នាក់​ដែល​ការ​ពារ​ក្តី​ឲ្យ​ លោក​ កឹម​ សុខា​ បាន​ចេញ​មុខ​បដិេសធ​ចោល​នូវ​តួនាទី​នេះ​។​ លោក​មេធាវី ​ចាន់​ ចេន​ បាន​អះអាង​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការជ្រើស​តាំង​ឬ​តែង​តាំង ​លោក​ សម​ រង្សី​ ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះជាតិ​នេះ​ នៅ​តែ​មិនអាច​យក​ជា​ការ​បាន​ ដោយ​ថា ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​មិន​ទទួល​ស្គាល់​ដដែល​។​

លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​
លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អាត្លង់តា សហរដ្ឋ​អាមេរិក​ @Sam Rangsy
ផ្សាយពាណិជ្ជកម្ម

«មិន​យក​ជា​ការ​បាន​និង​មិន​ទទួល​ស្គាល់​ព្រោះ​៖​១ ​ខុស​គោល​ការណ៍​របស់​ cnrp​ ដោយមិន​ មាន​ឯក​ភាព​ និង​មិន​មាន​ការ​ចូល​រួម​ពី​ភាគី ​ម្ខាង​ទៀត​។​ រៀប​ចំធ្វើ​និង​សម្រេច​តែ​ភាគី​ម្ខាង។​២ បើ​យល់​ថា​ cnrp​មិន​រលាយ​ត្រូវ​តែ​ធ្វើ​ឬ សម្រេច​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​បក្ស​ឲ្យ​ស្របតាម​លក្ខន្តិកៈ​។​ ៣ ​បើ​យល់ថា​cnrp​រលាយ​ឬ​ជាប់​គាំង​ហើយ ​ក៏មិន​មាន​ប្រធាន​ស្តីទីcnrp​ដែរ​។​ ពួកគេ​អាច​តែង​តាំង​ លោក​ សម​ រង្សី​ ជា​ប្រធាន​ក្រុមគេ​មួយ​ក្រុម​នោះ​បាន​ មិនអាច​ជា​តំណាង​ឲ្យ​cnrp​ទាំង​មូល​បាន​ឡើយ​»​។ ទាំង​នេះ​គឺ​ជា​ហេតុផល​ដែល ​លោក ​ចាន់​ ចេន​ សហ​មេធាវី​ការ​ពារ​ក្តី ​លោក​ កឹម​ សុខា​ បាន​សរសេរ​លើ​ហ្វេស​ប៊ុក​របស់​លោក​ព្រឹក​ថ្ងៃពុ​ធ​នេះ​។

ការ​ចេញ​មុខ​បដិសេធ​នេះ ​ធ្វើឡើង​បន្ទាប់ពី​ លោក ​សម​ រង្ស៊ី​ កាល​ពី​អង្គារ​ បាន​ប្រកាស​ថាលោក​ត្រូវ​បាន​បញ្ជាក់​ជា​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះជាតិ​ជា​ផ្លូវ​ការ​។

ការ​បញ្ជាក់​ជា​ថ្មី​របស់ ​លោក ​សម​ រង្ស៊ី ​ដើម្បី​ជៀស​វាង​ មិន​ឲ្យ​ក្បាល​ម៉ាស៊ីន​គណ​បក្ស​សង្គ្រោះជាតិ​ មាន​ការ​ជាប់​គាំង ​ក្រោយ​ពី ​គណ​បក្ស​នេះត្រូវ​បាន​រំលាយ​ ដោយ​អាជ្ញាធរ​ទី​ក្រុង​ភ្នំពេញ ហើយ​ក្រោយ​ពី​ លោក​ កឹម​ សុខា ​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង​។​ នេះ​បើ​តាម​ លោក ​សម​ រង្ស៊ី​។

បើ​តាម​ លោក ​សម ​រង្ស៊ី ​ការ​ដែល​លោក​ទទួល​យក​តួនាទី​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ​ គឺ​ធ្វើ​ឡើង​តាម ​មតិ​ភាគ​ច្រើន ​នៃ​មន្ត្រី ​និង​សកម្មជន​គណ​បក្ស ​ដែល​អាច​ទាក់​ទង​បាន ហើយ​ដែល​ហ៊ាន​បញ្ចេញ​យោបល់​របស់​ខ្លួន​ជា​សាធារណៈ​។

​យ៉ាង​ណាក៏​ដោយ សម្រាប់​ លោក ​ចាន់ ​ចេន ​មេធាវី​ម្នាក់​ការ​ពារ​ក្តី​ឲ្យ លោក ​កឹម​ សុខា​ បានលើក​ឡើង​ថា ​«ទោះ​បី លោក ​សម​ រង្ស៊ី ​និង​ក្រុម​គាត់ ខិត​ខំ​ឆ្លេឆ្លា ​បកស្រាយ​ ម្តង​សន្និសីទ ម្តងវេទិកា ម្តង​រត់​ទៅរក​គណកម្មការ​ចំពោះ​កិច្ច​ ម្តង​រត់​ទៅរក​គណកម្មាធិការ​អចិន្ត្រៃយ៍ ​ម្តង​រត់​រកអនុ​ប្រធាន​ពីរ​នាក់​ជួយ​បញ្ជាក់ ​យ៉ាង​ណាក៏​ដោយ ​ក៏​តួនាទី​ជា​ប្រធាន​ស្តីទី ​cnrp​របស់ លោក​ សម​ រង្សី​ នៅ​តែមិន​អាច​យក​ជា​ការ​បាន​ឡើយ​។

ប៉ុន្តែ​ លោក ​សម ​រង្ស៊ី ​បាន​អះអាងថា​ លោក​នឹង​បំពេញ​តួនាទី​ ជា​ប្រធាន​ស្តីទី​នេះ ​ក្នុង​រយៈពេល​បណ្តោះ​អាសន្ន​ រហូត​ដល់​ថ្ងៃ​ដែល ​លោក​ កឹម​ សុខា​ ទទួល​បាន​សេរីភាព​ពេញ​លេញ​វិញ ហើយ​អាច​សម្តែង​មតិ​របស់​លោក​ជា​សាធារណៈ​ដោយ​ខ្លួន​ឯង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ