ក្រសួងការពារជាតិ៖ការតាំងពិព័រណ៍សម្ភារៈយោធាកម្ពុជានិងចិនមិនមែនជាការបង្ហាញសាច់ដុំទៅប្រទេសណាមួយនោះទេ
ប្រទេសកម្ពុជា និងចិន នឹងបើកការតាំងពិព័រណ៍សម្ភារៈយោធារួមគ្នានៅថ្ងៃស្អែកនេះនៅមជ្ឈមណ្ឌលកោះពេជ្រ។ ការតាំងពិព័រណ៍នេះ ធ្វើឡើង ខណៈប្រមុខការពារជាតិចិនកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិខ្មែរ អះអាងថា ការតាំងពិព័រណ៍នេះ មិនមែនជាការបង្ហាញសាច់ដុំទៅប្រទេសណាមួយនោះទេ បើទោះបីជាអាមេរិកបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមេទ័ពម្នាក់របស់កម្ពុជាក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៧
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា គម្រោងតាំងពិព័រណ៍សម្ភារៈយោធារវាងប្រទេសទាំងពីរនេះ បានត្រៀមតាំងពីយូរណាស់មកហើយ។ លោកអះអាងថា ការតាំងពិព័រណ៍នេះគឺដើម្បីអបអរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាការបង្ហាញពីសមិទ្ធិផល៥ឆ្នាំនៃកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ។
ក្រៅពីតាំងពិព័រណ៍សម្ភារៈយោធានៅពេលនេះ សមភាគីទាំងពីរ នឹងបន្តធ្វើសមយុទ្ធយោធានាគមាស នៅឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យជិតស្និទ្ធបន្ថែមទៀត។ នេះបើតាមអ្នកនាំពាក្យដដែល។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ (WEI FENGHE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងការពារចិនកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជាតាំងពីថ្ងៃទី១៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២០ខែមិថុនានេះ។
ក្នុងកិច្ចប្រជុំជាមួយក្រសួងការពារជាតិកម្ពុជា ថ្ងៃទី១៧ ខែមិថុនា លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារកម្ពុជាបានថ្លែងថា កម្ពុជាក៏ត្រៀមខ្លួនដើម្បីទទួល នូវការសំចតនាវាកងទ័ពជើងទឹករបស់ចិន ដែលនឹងមកទស្សនកិច្ចកម្ពុជាដើម្បីផ្លាស់ប្តូរបទពិសោធគ្នានៅពេលខាងមុខដែរនេះ។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការពារចិននៅកម្ពុជានេះ ចិនប្រកាសសន្យាថានឹងបន្តផ្តល់ជំនួយឥតសំណងចំនួន៦៤៥លានយ័ន ឬជាង១០០លានដុល្លារអាមេរិកដល់វិស័យយោធាកម្ពុជាផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ