អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បក្ស​នយោបាយ៤​ក្នុង​ចំណោម​១១​នឹង​ចូលរួម​បោះឆ្នោត​ព្រឹទ្ធ​សភា​នៅ​ដើម​ឆ្នាំ​ក្រោយ

គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត(..)​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ នូវ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ចំនួន​៤​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធ​សភានីតិកាលទី៤ឆ្នាំ២០១៨។ ការ​ទទួល​ស្គាល់នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គ.ជ.ប បាន​បញ្ចប់​ដំណើរ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោត​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​១២ ខែធ្នូ ។

រូបថតៈ តំណាង​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ប្រជុំ​នា​ពេល​កន្លង
រូបថតៈ តំណាង​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ប្រជុំ​នា​ពេល​កន្លង @RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​នយោបាយ​ទាំង៤​ដែល គ.ជ.ប​ បាន​ប្រកាស​ទទួល​ស្គាល់​នេះ​រួម​មាន គណ​បក្ស​​​ប្រជាជន គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា។ បើតាម​គ.ជ.ប គណបក្ស​ប្រជាជន​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​សុទ្ធ​តែ​បាន​ចុះ​បញ្ជីបេក្ខជន​ឈរ​ឈ្មោះ​បាន​គ្រប់​មណ្ឌល​ភូមិ​ភាគ​ចំនួន​៨ ដោយ​មាន​បេក្ខជន​ចំនួន​១១៦រូបដូចគ្នា។ រីឯ​គណបក្ស​យុវជន​កម្ពុជា បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន៤​ភូមិភាគ មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​៣៨រូប។ ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​វិញ បាន​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន៧​ភូមិភាគ ដោយ​ភូមិ៥ អត់​ឈរ​ឈ្មោះ​ទេ តែ​មាន​បេក្ខ​ជន​ឈរ​ឈ្មោះ​ចំនួន​១០២​រូប។

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ផ្ដល់​​សុពលភាព​រួច​ហើយ គ.ជ.ប នឹង​ចាប់​ផ្ដើម​បិទ​ផ្សាយ​បញ្ជី​គណបក្ស​នយោបាយឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៨ ឬ​ថ្ងៃចុង​ក្រោយ ដើម្បី​ឲ្យ​អង្គ​បោះឆ្នោត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​អាណត្តិ និង​តំណាង​រាស្រ្ត ក្នុង​អាណត្តិ ពិនិត្យ​ផ្ទៀង​ផ្ទាត់។

សូមបញ្ជាក់ថា គណបក្ស​នយោបាយ​ដែល​អាច​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះ​ឆ្នោត​​ព្រឹទ្ធសភា​ខាង​មុខ​នេះ មាន​ចំនួន​១១​បក្ស ខណៈ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​តុលា​ការ​កំពូល​រំលាយ​ចោល។ ប៉ុន្តែ​មាន​គណបក្ស​តែ​៤​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គ.ជ.បប្រកាស​ទទួល​ស្គាល់។ បើតាម​លោក​សោម សូរីដា ដែល​ជា​អគ្គលេខាធិការ​រង គ.ជ.ប នេះ​គឺ​ដោយ​សារ​តែ​គណបក្ស​នយោបាយ​ចំនួន​៧​ទៀត មិន​បាន​ដាក់​បញ្ជី​ឈ្មោះបេក្ខជន​មក​ដាក់​គ.ជ.ប។ សម្រាប់​លោក​សោម សូរីដា នេះ គឺជា​សិទ្ធិ​របស់​គណបក្សទាំង​នោះ​ចំពោះ​​ការ​ឈរ​ឈ្មោះ ឬ​មិន​ឈរ​ឈ្មោះ​។

គួរជម្រាបជូនថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៤ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ ការ​បោះឆ្នោត​នេះ គឺ​ធ្វើ​ឡើងដោយ​អសកល មាន​ន័យ​ថា មាន​តែ​តំណាង​រាស្រ្ត និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត។ សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី៤​នេះ គណៈកម្មការធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) គ្រោង​ប្រើប្រាស់​ថវិកា ២លានដុល្លារអាមេរិក ដើម្បី​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ