អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក អ៊ូ ច័ន្ទរ័ត្ន ស្នើ​តុលាការ​សើ​រើ​ពី​កំហុស​របស់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​នាំ​ដល់​ការ​ផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​សើរើ ទៅ​កាន់​តុលាការ​កំពូលជា​លើក​ទី២ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨​ខែធ្នូ ជុំវិញ​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ ការ​ការ​ពារ​សមាជិកក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ការ​ដោះ​លែង​លោក កឹម សុខា រួម​នឹង​ការ​ស្នើ​ឲ្យ​ជំនុំ​ជំរះ​ជាថ្មី ទាក់ទង​នឹងការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ក្នង​នោះ អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន ស្នើ​តុលាការ​សើ​រើ​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​១១៨នាក់ ខុស​អ្វី បាន​ជា​ត្រូវផ្អាក​សិទ្ធិ​ធ្វើ​នយោបាយ។

រូបថតៈ លោក អ៊ូ ច័ន្ទរ័ត្ន រួម​ជាមួយ​លោក​មេធាវី ហែម ផេង នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៧
រូបថតៈ លោក អ៊ូ ច័ន្ទរ័ត្ន រួម​ជាមួយ​លោក​មេធាវី ហែម ផេង នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៧ @Chhoeun Chhum
ផ្សាយពាណិជ្ជកម្ម

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​ម្ចាស់​បណ្ដឹង​បាន​អះអាង​ថា ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា តុលាការ​គួរ​ពិចារណា​ដោះស្រាយ​ឡើង​វិញ ករណី​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​១១៨​នាក់ ព្រោះ​សេចក្ដី​សម្រេច​របស់​តុលាការមិន​បាន​ផ្ដល់​ឱកាស​ដល់​មេធាវី​តំណាង​ឲ្យ​អ្នក​ទាំង​១១៨​នាក់ ចូល​ខ្លួន​ទៅ​តតាំង​ជាមួយតុលាការ​នៅ​ឡើយទេ។ តែ​ផ្ទុយ​ទៅ​វិញ តុលាការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ហើយ ថែម​ទាំងរំលាយ​កៅ​អី​តំណាងរាស្ត្រ​ថែម​ទៀត ដែល​ចំណុច​នេះ លោក អ៊ូ ច័ន្ទរ័ត្ន ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌។ ដូច្នេះ​ក្នុង​ន័យ​នេះ លោក អ៊ូ ចន្ទ័រ័ត្ន ចង់​ឲ្យ​តុលាការ​សើរើ​សំណុំ​រឿង​នេះ ឡើង​វិញ​ថា អតីត​តំណាង​រាស្រ្ត​ទាំង​នេះ​ខុស​អ្វី បាន​ជា​ត្រូវ​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ។ ហើយ​សម្រាប់​រូបលោក​ផ្ទាល់ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ទាំង​១១៨ ពេញ​ចិត្ត​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ។

ក្រៅ​ពី​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ការ​ធានា​អំពី​សុវត្ថិភាព​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវ​បាន​លោក អ៊ូ ច័ន្ទរ័ត្ន ស្នើ​ឲ្យ​តុលាការ​ពិចារណា​ក្នុង​ការចេញ​ដីកា​ការពារ​ពួក​គេ​ដែរ ព្រោះ​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​លើ​ទេ។ មក​ដល់​ចំណុច​នេះលោក​បាន​​លើក​យក​ប្រសាសន៍​ទទួល​ស្គាល់​របស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​គូសបញ្ជាក់​ថា ឥរិយាបថ​ថ្នាក់​លើ​មិន​ពាក់ព័ន្ធ​ដល់​អ្នក​ក្រោម​នោះ​ទេ។

សូមបញ្ជាក់ថា ការ​ដាក់​ពាក្យ​ប្ដឹង​សើរើ​ពី​សំណាក់​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ជា​លើក​​ទី២​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ​ចេញ​ដីកា​សម្រេច​មួយ​ថា ខ្លួន​នឹង​មិន​លើក​យក​ករណី​រំលាយ​គណបក្ស​សង្រ្គោះជាតិ​មក​ជំនុំ​ជម្រះ​សាជា​ថ្មី​ទេ។ តែ​ទោះ​ជាមាន​ការ​បដិសេធ​ពី​តុលាការ​កំពូល​បែប​នេះក្ដី អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ដាក់​បណ្ដឹងលើក​ទី២​នេះ ទៅ​កាន់​តុលាការ​ដដែល ដោយ​ស្នើ​ឲ្យ​ជំនុំ​ជំរះ​ជាថ្មី​ទាក់​ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​អតីត​តំណាង​រាស្ត្រ​១១៨​រូប , ចេញ​ដីកា​រក្សាការពារ​លើ សមាជិក​ក្រុម​ប្រឹក្សា រាជធានី​ខេត្ត ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់​។ ចុងក្រោយ ពាក្យ​បណ្ដឹង​លើក​ទី​២ បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង លោក កឹម សុខា។ ជុំវិញ​ពាក្យ​បណ្ដឹង​នេះ ពី​ខាង​តុលាការ​កំពូល​មក​វិញ បាន​ទទួល​រួចហើយ និង​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ