៥ខែក្នុងឆ្នាំ២០១៨៖ រដ្ឋាភិបាលបើកប្រាក់៦លាន២សែនដុល្លារជូនកម្មករក្រោយថៅកែបិទទ្វាររោងចក្រ
៥ខែក្នុងឆ្នាំ២០១៨នេះ រដ្ឋាភិបាលបានផ្តល់ថវិកាបុរេប្រទាន៦លាន២សែនដុល្លារ សម្រាប់បើកជូនកម្មករ និយោជិក ៥៨៩១នាក់ បំរើការងារក្នុងរោងចក្រចំនួន១២ បន្ទាប់ពីថៅកែបានបិទទ្វាររោងចក្រ។ ក្នុងនោះក្រសួងការងារបានផ្ដល់ថវិកាដល់កម្មករនិយោជិតបានចំនួនជាង២៥០០នាក់។ ហើយនៅសល់ជាង៣០០០នាក់ទៀត ក្រសួងកំពុងញាប់ដៃញាប់ជើងទូទាត់ជូនពួកគេឲ្យបានត្រឹមថ្ងៃទី១០មិថុនា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុបារាំងតាមរយៈប្រព័ន្ធតេឡេក្រាមនៅថ្ងៃអាទិត្យនេះថា ទឹកប្រាក់៦លាន២សែនដុល្លារនេះ នឹងធ្វើការទូទាត់ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់ខែចុងក្រោយ ដល់កម្មករនិយោជិតចំនួន ៥៨៩១នាក់ ជាពិសេសដល់កម្មករនិយោជិត ដែលមានកិច្ចសន្យាគ្មានថិរវេលាកំណត់ ឬកិច្ចសន្យារយៈពេលវែង។ តាមរយៈថវិកាបុរេប្រទាន៦លាន២សែនដុល្លារនេះ ក្រសួងការងារបានផ្ដល់ជូនកម្មករនិយោជិកជាង២៥០០នាក់រួចហើយ ដែលពួកគេបំរើការនៅក្នុងរោងចក្រចំនួន៤ មានទីតាំងនៅភ្នំពេញនិងខេត្តកណ្ដាល ខណៈកម្មករជាង៣ពាន់នាក់ បំរើការងារក្នុងរោងចក្រ៨កន្លែងផ្សេងទៀត ក្រសួងកំពុងទូទាត់បញ្ចប់ឲ្យបានត្រឹមថ្ងៃទី១០មិថុនា។ នេះបើតាមលោក ហេង សួរ។
សូមបញ្ជាក់ថា ការបញ្ចេញថវិកា៦លាន២សែន របស់រដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រចំនួន១២ បានបិទទ្វាររត់ចោលកម្មករដោយសារតែការក្ស័យធនរបស់ថៅកែ។ ប្រឈមបញ្ហានេះ ក្រសួងការងារបាន រឹបអូសសម្ភារៈនៅក្នុងរោងចក្រយកទៅលក់ឡាយឡុង ដើម្បីយកប្រាក់បើកជូនកម្មករ។ ចំណែកករណីខ្លះទៀត ក្រសួងបន្តតាមទារបំណុលរោងចក្រទាំងនោះដល់ក្រៅប្រទេស។
បើតាម លោក ហេង សួរ ប្រាក់អតីតភាពគឺជាផ្នែកមួយសំខាន់ធ្វើឲ្យថៅកែបិទទ្វាររោងចក្ររត់ចោលកម្មករ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា បញ្ហាថៅកែរត់ចោលរោងចក្រ ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយធ្លាក់មកលើរាជរដ្ឋាភិបាល ដែលបញ្ហានេះបានកើតមាន និងមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារពន្យល់ថា ករណីថៅកែរោងចក្ររត់ចោលកម្មករនឹងលែងក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភទៀតហើយ នៅពេលវិសោធនកម្មមាត្រាចំនួន៨នៃសេចក្ដីព្រាងច្បាប់ស្ដីពីការងារត្រូវបានអនុម័តដោយរដ្ឋសភានាដើមខែមិថុនានេះ។ លែងព្រួយបារម្ភដោយតែប្រាក់អតីតភាពការងារកម្មករនឹងត្រូវផ្ដល់ជូនពួកគេមួយឆ្នាំពីរដង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ