អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថាន​ទូត​អាមេរិក​រំឭក​ពី​ការ​ឃុំ​ខ្លួន​ លោក ​កឹម​ សុខា ​ដោយ​អយុត្តិ​ធម៌​

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​រំឭក​ជា​ថ្មី​ទៀត ពី​ការ​ឃុំខ្លួន​ លោក ​កឹម ​សុខា ​ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះជាតិ​។​ ជា​ការ​ជាប់​ឃុំនៅ​ក្នុង​ផ្ទះ​របស់​លោក​ បន្ទាប់ពី​ផ្ទេរ​ពី​ពន្ធនាគា​រត្រពាំង​ផ្លុង​ជាប់ព្រំដែន​វៀតណាម​ ដែល​សរុប​មក​ទល់​ពេល​នេះ ​គឺ​មាន​រយៈ​ពេល​ជិត​១៨​ហើយ។​ ការ​ជាប់​ឃុំឃាំង​ដោយ​មិនទាន់​កាត់​ទោស​បែបនេះត្រូវ​បាន​ស្ថាន​ទូត​អាមេរិក​ ចាត់ទុកថា ​ជាការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​។​

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

«តើ​អ្នក​មាន​ដឹង​ទេ​ថា លោក កឹម សុខា បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត ១៨​ខែ​មក​ហើយ?​ វា​មាន​រយៈពេល ​៥៣០ ថ្ងៃ​នៃ​ការ​ជាប់​ឃុំ»។ ​នេះជា​ការ​លើក​ឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពីម្សិល​មិញ​។

ស្ថាន​ទូត​អាមេរិក បានចាត់​ទុក លោក កឹម សុខា ថា«ជា​មនុស្ស​ស្អាត​ស្អំ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយអយុត្តិធម៌ ក្រោម​ការ​ចោទ​ប្រកាន់​មិន​ពិត​។ ​មិន​មាន​ភស្តុតាង​ណាមួយ​ប្រឆាំង​នឹង​គាត់​ឡើយ ​ហើយ​ក៏មិន​ទាន់​មាន​ការ​កំណត់​បើក​សវនា​ការ​កាត់​ទោស​គាត់​ដែរ»​។​« គ្មាន​ភស្តុតាង​ គ្មាន​សវនាការ​កាត់ទោស ​គ្មាន​យុត្តិធម៌»​។​ នេះ​ជា​គូស​បញ្ជាក់​បន្ថែម​របស់​ស្ថានទូត​អាមេរិក​ដដែល​។

ការ​រំឭក​របស់​ស្ថាន​ទូត​អាមេរិក​បែប​នេះ ​គឺ​ខណៈ​ពេល​ដែល​ការ​ពន្យា​ពេល​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន ​រហូតដល់​១៨​ខែ នោះ​ នឹង​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី៣ ខែ​មីនា​ខាង​មុខ​នេះ។

យ៉ាងណាក៏​ដោយ​ មេធាវី​ម្នាក់​ដែល​ការពារ​ក្តីឲ្យ​លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​សៅរ៍​ដោយ​ចោទ​ជា​សំណួរថា​ តើ​ខ្មែរ​គួរ​នាំគ្នា​បង្ករ​បង្កើត​បញ្ហា​បន្ថែម​ឬគួររួមគ្នា​ស្វែង​រក​ដំណោះស្រាយ​? បើ​តាម មេធាវី ដដែល លោក កឹម សុខា មិនគាំ​ទ្រការ​បង្ករ​បង្កើត​បញ្ហា​បន្ថែម​ឥត​ឈប់​ឈរនោះ​ទេ​។ ​ខ្មែរ​ត្រូវ​តែ​នាំ​គ្នាងាក​មក​ស្វែង​រក​ដំណោះស្រាយ​វិញ ​ដោយ​ចាប់​ផ្តើម​រួម​គ្នាស្រាយ​នូវ​បញ្ហា​ណា ដែល​បះពាល់​ដល់​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អាទិភាព​ ដើម្បី​មាន​ឱកាស​ឈាន​ទៅ​កសាងអនាគត​យូរ​អង្វែង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ប្រសើរ​ឡើង​។​ នេះ​ជាការ​អះអាង​របស់ ​លោក ចាន់ ចេន​។

សូមជម្រាបថា លោក​ កឹម សុខា⁣ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣​ ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន។ ប៉ុន្តែមកទល់ពេល​នេះ​តុលាការ​នៅមិន​ទាន់​កំណត់​ពេល​បើកសវនាការនៅឡើយ ខណៈសហគមន៍អន្តរជាតិខាងលោក​សេរី​នៅបន្ត​ទាមទារឲ្យ​ដោះលែង​ លោក កឹម សុខា ឲ្យមានសេរី​ភាពពេញ​ឡើង​វិញ​៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ