អានតួអត្ថបទ
កម្ពុជា-សង្គម

​បញ្ហា​របស់​លោក កឹម សុខា នឹង​ត្រូវ​លើក​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ឧបការី​រង​ការពារ​ជាតិ​អាមេរិក​នៅ​កម្ពុជា​

ឧប​ការី​រង​ក្រសួង​ការពារ​ជាតិ​អាមេរិក​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​លោក Dr. Joseph H. Felter កំពុង​បំពេញ​ទស្សនៈ​កិច្ច​រយៈ​ពេល​២​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ បញ្ហា​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​។ 

លោក Dr. Joseph H. Felter ឧបការីរងក្រសួងការពារជាតិអាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍
លោក Dr. Joseph H. Felter ឧបការីរងក្រសួងការពារជាតិអាមេរិកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ @RFI
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Dr. Joseph H. Felter បាន​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​របស់​លោក​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ថ្ងៃទី ១៦ មករា ឆ្នាំ ២០១៩ នេះ​ត​ទៅ​។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា លោក​នាយ​ឧត្តម​សេនីយ៍ នាង ផាត​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដោយ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​យោបល់​គ្នា ជុំវិញ​ការ​បើក​ទូលាយ​និង​សេរី​នៅ​ក្នុង​តំបន់ Indo-Pacific។

សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​នេះ​ឲ្យ​ដឹង​បន្ថែម​ថា លោក Joseph H. Felter ក៏​នឹង​ពិភាក្សា​ពី​របៀប​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពង្រឹង​ច្បាប់ រួម​ទាំង​ការ​ខិត​ខំ​ធ្វើ​កំណែ​ទម្រង់​ផ្សេងៗ​ទៀត​។ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ លោក Joseph H. Felter ក៏​នឹង​ពិនិត្យ​មើល​លើ​ការ​រីក​ចំរើន​នៃ​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ផង​ដែរ​។

គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​អាមេរិក​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​សហ​រដ្ឋអាមេរិក​កំពុង​ត្រៀម​ដោះ​ដូរ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា និង​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​អាមេរិក ហាក់​មាន​គម្លាត​ពី​គ្នា​កាន់​តែ​ឆ្ងាយ​ទៅៗ​។

កាល​ពី​ថ្ងៃ​ទី ១៤ មករា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ខ្លាំង​ៗ ពី​ការ​ដាក់​គំនាប់​កាន់​តែ​ខ្លាំងលើ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ប្រសិន​បើ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ