អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រោយ​ចាប់​ខ្លួន​លោក ឈឹម ពិសិដ្ឋ ACU ប្រាប់​​មន្ដ្រីក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជាឲ្យ​បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹម​ត្រូវ

លោក ឈឹម ពិសិដ្ឋ ដែល​ជា​ជំនួយ​ការ​អគ្គលេខាធិការ​រង​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា CDC បាន​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ជាតិ​និង​អន្ដរជាតិ ក្នុង​បំណង​ទាមទារ​ប្រាក់​បន្ថែម​ពី​ការ​ផ្ដល់​សេវា​នានា​។ នេះ​គឺជា​ការ​បំភ្លឺ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ទាប់​ពី​អង្គភាព​នេះ​បាន​ចាប់​ខ្លួន​លោក ឈឹម ពិសិដ្ឋ នៅ​ថ្ងៃ​ទី​២០​មេសា និង​បញ្ជូន​ទៅ​កាន់​តុលាការ​ពី​បទ​ពុក​រលួយ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​អំពាវនាវ​ឲ្យ​មន្ដ្រី​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​មន្ដ្រី​រាជការ​សាធារណៈ​ជា​ទូទៅ បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក ឈឹម ពិសិដ្ឋ ដែលជាជំនួយការអគ្គលេខាធិការរងនៅ CDC  ត្រូវបាន ACU ហៅទៅសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយកាលពីថ្ងៃព្រហស្បតិ៍ ទី២០មេសា
លោក ឈឹម ពិសិដ្ឋ ដែលជាជំនួយការអគ្គលេខាធិការរងនៅ CDC ត្រូវបាន ACU ហៅទៅសាកសួរពាក់ព័ន្ធនឹងអំពើពុករលួយកាលពីថ្ងៃព្រហស្បតិ៍ ទី២០មេសា @ACU
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន​លោក ឈឹម ពិសិដ្ឋ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទទួល​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ថា មន្ដ្រី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​​កម្ពុជា CDC បាន​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ ក្នុង​បំណង​ទាមទារ​ឬ​ទទួល​ប្រាក់​បន្ថែម​ពី​ការ​ផ្ដល់​សេវា​។ បើ​តាម ACU លោក ឈឹម ពិសិដ្ឋ គឺ​ជា​មន្ដ្រី​ម្នាក់​ក្នុង​ចំណោម​នោះ ដែល​ទាល់​តែ​ទទួល​បាន​ប្រាក់ ទើប​ឯកសារ​ត្រូវ​ទទួល​ស្គាល់​ថា​ត្រឹមត្រូវ​និង​បោះ​ត្រា​ឲ្យ​ភ្លាម​។ បើ​ពុំ​ដូច្នោះ​ទេ ឯកសារ​នានា​នឹង​ត្រូវ​លោក ឈឹម ពិសិដ្ឋ បដិសេធ​ខុស​នេះ​ខុស​នោះ​មិន​ចេះ​ចប់​។

លោក ឈឹម ពិសិដ្ឋ ដែល​ជា​ជំនួយ​ការ​អគ្គលេខាធិការ​រង​នៅ​ CDC  ត្រូវ​បាន ACU ហៅទៅ​សាក​សួរ​ពាក់ព័ន្ធនឹង​អំពើ​ពុក​រលួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី​២០​មេសា​។ ក្រោយ​ការ​សាកសួរអស់​រយៈ​ពេល​៤៨​ម៉ោង ACU សម្រេច​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​តុលាការ​តែ​ម្ដង​។

គួរ​ជម្រាប​ជូន​ថា ការ​ទាមទារ​ប្រាក់​ក្នុង​នាម​ជា​មន្ដ្រី​សាធារណៈ ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​។ សម្រាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សកម្មភាពរបស់​លោក ឈឹម ពិសិដ្ឋ ​ដូច្នេះ មិន​ត្រឹម​តែ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ​ និង​​មន្ដ្រី​សាធារណៈ​ដទៃ​ទៀតទេ​ វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ ទៅ​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​ទៀត​ផង​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​អំពាវនាវ​ឲ្យ​មន្ដ្រី​រាជការ​សាធារណៈ ពិសេស​មន្ដ្រី​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា CDC បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹម​ត្រូវ ពិសេស​ត្រូវ​ស្ដាប់​តាម​ការ​អប់រំ​ណែនាំ​របស់​ប្រធាន​ស្ថាប័ន CDC​។ ប្រធាន​ស្ថាប័ន CDC លោក សុខ ចិន្តាសោភា ដែល ACU អះអាង​ថា តែងតែ​អប់រំណែនាំ និងព្រមាន​ដល់​មន្ដ្រី​ថ្នាក់​ក្រោម កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ផ្ទុយ​នឹង​ច្បាប់​ ឬ​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ