អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​តវ៉ា​ទៅ​តុលាការ​ឡាអេ​រឿង​សកម្មភាព​យោធា​ថៃ​នៅ​ព្រះវិហារ

នៅ​ថ្ងៃ​ពុធ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើកំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថៃ​ប្រឆាំងនឹង​សកម្មភាព​យោធា​ថៃ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​បាន​ជូនដំណឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង​ដែរ​ អំពី​សកម្មភាព​យោធា​ថៃ​ ដែល​ដាក់​រាយ​បន្លាលួស​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ពោល​គឺ​ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ដែល​កំណត់​ដោយ​ដីកា​បង្គាប់​របស់​តុលាការ​ឡាអេ​ ថ្ងៃ​ទី​១៨​កក្កដា​២០១១។

ផែនទី​ភ្ជាប់​ជាមួយ​ដីកា​តុលាការ​អន្តរជាតិ បង្ហាញ​អំពី​តំបន់​គ្មាន​កងទ័ព នៅ​​ព្រះវិហារ
ផែនទី​ភ្ជាប់​ជាមួយ​ដីកា​តុលាការ​អន្តរជាតិ បង្ហាញ​អំពី​តំបន់​គ្មាន​កងទ័ព នៅ​​ព្រះវិហារ
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ទី​៤​កក្កដា​នេះ ប្រមុខ​ការទូត​កម្ពុជា ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ក្រឡា​បញ្ជី​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ ដោយ​មាន​រៀបរាប់​អំពី​សកម្មភាព​របស់​យោធា​ថៃ​នៅ​ក្បែរ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ សម្រាប់​កម្ពុជា សកម្មភាព​យោធា​ថៃ​ដែល​បាន​ដាក់​រាយ​បន្លា​លួស​ជាច្រើន​លើក​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​ជណ្តើរ​ដែក​ ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​សកម្មភាព​រំលោភ​លើ​ដីកា​បង្គាប់​របស់​តុលាការ​ឡាអេ​ ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ហោ ណាំហុង ​បាន​ស្នើ​អោយ​លោក​ក្រឡា​បញ្ជី​រូប​នេះ នាំ​យក​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​យោធា​ថៃ​ទៅ​ប្រាប់​ក្រុម​ប្រឹក្សា​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

តាម​ពិត​ នៅ​ថ្ងៃ​នេះ​ដូចគ្នា រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ក៏​បាន​ធ្វើ​កំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​ទីក្រុង​បាងកក​ផងដែរ​ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នេះ។

នៅ​ក្នុង​កំណត់ទូត​នោះ កម្ពុជា​បាន​បង្ហាញ​របាយការណ៍​លម្អិត​ទៅ​រដ្ឋាភិបាល​ថៃ ​អំពី​ពេលវេលា ទីកន្លែង ​និង​សកម្មភាព​របស់​យោធា​ឈុត​ខ្មៅ​ថៃ។ ហើយ​បើយោងតាម​របាយការណ៍​នោះ យ៉ាង​ហោចណាស់ យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ដាក់​រាយ​បន្លាលួស​៥​ដង​ដែរ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៣​មិថុនា​មក។

ដោយ​អត្ថាធិប្បាយ​ប្រាប់​រដ្ឋាភិបាលថៃ​ផង និង​ប្រាប់​ទៅ​តុលាការ​ទីក្រុង​ឡាអេ​ផង កម្ពុជា​បាន​ចាត់ទុក​សកម្មភាព​របស់​យោធា​ថៃ​ថា​ ជា​ការ​រំលោភ​លើ​ដីកា​របស់​តុលាការ​ឡាអេ ហើយ​ថា​ វា​ក៏​ជា​សកម្មភាព​ដែល​អាច​បង្ក​អោយ​មាន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន។ កម្ពុជា​បាន​ស្នើ​អោយ​រដ្ឋាភិបាល​ថៃ​ចាត់វិធានការ​បញ្ឈប់​សកម្មភាព​របស់​យោធា​ថៃ ​ដើម្បី​ចៀសវាង​បង្ក​បរិយាកាស​អវិជ្ជមាន​សម្រាប់​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​ឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ