អានតួអត្ថបទ
កម្ពុជា

អគ្គ​ស្នងការ​នគរបាល​ជាតិ​ ប្រាប់​ក្រុមហ៊ុន​ទូរសព្ទ​​ឲ្យ​បិទ​សេវា​ និង​បញ្ឈប់​ការ​ចែក​ចាយ​ ស៊ីម​កាត​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​

អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​ប្រាប់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សាខា​លក់ និង​ចែកចាយ​លក់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ ត្រូវ​បញ្ឈប់​ការចែក​ចាយ​លក់​ស៊ីម​កាត ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ នៅក្នុង​រយៈពេល២សប្ដាហ៍។ ការប្រកាស​នេះ ធ្វើ​ឡើង​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ជាមួយ​​តំណាង​​ក្រុមហ៊ុន​​ទូរ​សព្ទ​​ចល័ត​ និង​​អចល័ត ​ព្រម​ទាំង​​តំណាង​​ប្រតិបត្តិ​ករ​​ចែក​ចាយ​​លក់​​ស៊ីម​​កាត​​ទាំង​អស់ ​នៅ​​ព្រឹក​​ថ្ងៃ​ទី​២៦​មិថុនា​​ម្សិល​មិញ​។

សន្និសីទកាសែត នៅ​ក្រសួង​ប្រៃសណីយ៏ និង​ទូរគមនាគមន៏ អំពី​បញ្ញតិ្តកម្ម​សេវាទូរស័ព្ទ ។
សន្និសីទកាសែត នៅ​ក្រសួង​ប្រៃសណីយ៏ និង​ទូរគមនាគមន៏ អំពី​បញ្ញតិ្តកម្ម​សេវាទូរស័ព្ទ ។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សាខា​លក់ និង​ចែកចាយ​លក់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ទាំងអស់ មាន​ពេល​ពីរ​សប្ដាហ៍ ដើម្បី​បញ្ឈប់​ការចែក​ចាយ​លក់​ស៊ីម​កាត ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ។ នេះ​ជាការ​ប្រកាស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​តំណាង​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត និង​អចល័ត ព្រមទាំង​តំណាង​ប្រតិបត្តិ​ករ​ចែកចាយ​ស៊ីម​កាត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៦មិថុនា។

លោក​ឆៃ ស៊ីណា​រិ​ទ្ធ បាន​គូសបញ្ជាក់​បន្ថែមទៀតថា ចំពោះ​ស៊ីម​កាត​ដែល​លក់ ឬ​ចែក​ទៅហើយ ដោយ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ ក្រុមហ៊ុន​ត្រូវ​ជូនដំណឹង​ទៅ​អតិថិជន ឲ្យ​មក​ធ្វើការ​កំណត់​អត្តសញ្ញាណ​របស់ខ្លួន​នៅក្នុង​លេខ​ទូរ​សព្ទ ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ។ បើ​ពុំ​ដូច្នោះ​ទេ ក្រុមហ៊ុន​ត្រូវតែ​បិទ​លេខ​ទូរ​សព្ទ​នោះ​ចោល។

ទាក់ទិន​នឹង​បញ្ហា​នេះ វិទ្យុ​បារាំង​អន្ដរជាតិ​បាន​ព្យាយាម​ទាក់ទង​ទៅកាន់​បណ្ដា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរ​សព្ទធំៗនៅ​កម្ពុជា​ដើម្បី​សុំ​ប្រតិកម្ម និង​ការបំភ្លឺ ប៉ុន្តែ​មិនមាន​ការឆ្លើយតប​ឡើយ។

សូម​ជម្រាបជូន​ថា យុទ្ធនា​ការបិទ​សេវា និង​បញ្ឈប់​ការចែក​ចាយ ស៊ីម​កាត​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​នេះ ធ្វើឡើង​តាម​សេចក្ដីណែនាំ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការស្រាវជ្រាវ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ និង​ដើម្បី​ជម្រុញ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​ខ្លឹមសារ​សារាចរ​អន្ដរក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ ស្ដីពី​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម។

ដោយឡែក ទិន្នន័យ​ពី​អគ្គស្នងការ​នគរបាល​ជាតិ បង្ហាញថា ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០១៤នេះ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​អ្នកប្រើប្រាស់​លេខ​ទូរស័ព្ទ​ជិត២០លាន​លេខ និង​អ្នកប្រើប្រាស់​សេវា​អ៊ី​ន​ធឺ​ណែ​ត មាន​ប្រមាណ៣លាន៨សែន​នាក់។ ក្នុងចំណោម​អ្នកប្រើប្រាស់​លេខ​ទាំងនោះ មាន​លេខ​ទូរ​សព្ទ​ប្រមាណ១ពាន់៤៧លេខ បាន​ប្រើប្រាស់​ដោយ​គ្មាន​អត្តសញ្ញាណ​ត្រឹមត្រូវ និង​មាន​លេខ​មួយចំនួន បាន​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​សង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ