អានតួអត្ថបទ
កម្ពុជា

បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង​កាល់​តិច​ផ្ទុះ​កូដកម្ម​ទាមទារ​ប្រាក់ខែ​គោល១៦០ដុល្លារ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បុគ្គលិក​កម្មករ​ដែល​បំរើ​ការងារ​នៅតាម​បណ្តា​ស្ថានីយ​​ចាក់​សាំង​កាល់តិច ជាង១០ នៅក្នុង​រាជធានី​ភ្នំពេញ បាននាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​តម្លើង​ប្រាក់ខែ​ដល់​១៦០ដុល្លារ​​ក្នុង​មួយខែ រួម​នឹង​ល័ក្ខ​ខ័​ណ្ឌ​ការងារ​មួយចំនួនទៀត។ ក្រុមអ្នកតវ៉ា​បាន​អះអាងថា ប្រាក់ខែ​របស់​ពួកគេ​ទាប​ជាង​ក្រុមហ៊ុន​លក់​ប្រេងសាំង​ឯទៀត ​ដែលមាន​ការប្រកួតប្រជែង​គ្នា និង​អន់​ជាង​កម្មករ​កាត់ដេរ​ទៅទៀត។ ពួកគេ​នឹង​បន្ត​ការតវ៉ា​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​​ពី​ក្រុមហ៊ុន​Chevron ដែលជា​ក្រុមហ៊ុន​ប្រេងសាំង​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ។

បុគ្គលិក​ក្រុមហ៊ុន​កាល់តិច ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ ព្រឹក​ថ្ងៃ​ទី​១២​ឧសភា ឆ្នាំ​២០១៤
បុគ្គលិក​ក្រុមហ៊ុន​កាល់តិច ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១៦០​ដុល្លារ ព្រឹក​ថ្ងៃ​ទី​១២​ឧសភា ឆ្នាំ​២០១៤ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​កម្មករ​ដែល​បំរើការ​ងារ​នៅ​ស្ថានីយ​ចាក់​សាំង​កាល់​តិច​ចំនួន១៧ សរុប​មនុស្ស​ជាង ២០០នាក់​នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១២ឧសភា​នេះ បានធ្វើ​កូដកម្ម​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​​ដល់១៦០ដុល្លារ និង​លក្ខខណ្ឌ​ការងារ​មួយចំនួនទៀត​សរុប៥ចំនុច។

ក្រុម​បុគ្គលិក​​គ្រប់ផ្នែក​មាន​អ្នក​ចាក់​សាំង បុគ្គលិក​ស្តារ​ម៉ា​ត បុគ្គលិក​អនាម័យ ខ្លះ​នាំគ្នា​លើក​បដា​ដោយមាន​សរសេរ​អក្សរ​ថា «ទាមទារ​ឲ្យ​ក្រុមហ៊ុន​Chevron ដំឡើង​ប្រាក់​ឈ្នួល​​គោល​​ ទាប​បំផុត​មួយខែ១៦០ដុល្លារ», «ទាមទារ​ឲ្យ​ក្រុមហ៊ុន Chevron ជូន​ប្រាក់ខែ​ទី១៣ ដូច​មុន»។

រីឯ​បុគ្គលិក​មួយចំនួនទៀត​នាំគ្នា​អង្គុយ​ជជែក​គ្នា​លេង​មិន​ធ្វើការ លើកលែងតែ​ស្ថានីយ​កាល់តិច​ មួយចំនួន​ដែល​អ្នកគ្រប់គ្រង​ស្ថានីយ៍​ចេញមក​ធ្វើ​ការបំរើ​សេវាកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់។ លោក ស ម៉ូ​រ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារនិង​សេវាកម្ម​កម្ពុជា​បាន​ថ្លែងថា ប្រៀបធៀប​ទៅនឹង​កម្មករ​កាត់ដេរ ប្រាក់ខែ​របស់​បុគ្គលិក​កម្មករ​ដែល​បំរើការ​ងារ​នៅ​ស្ថានីយ​​ចាក់​សាំង​កាល់​តិច​ មាន​លក្ខណៈ​ទាប​ជាង ដោយ​អ្នកបំរើ​ការងារ​នៅ​កាល់​តិច​មិនមាន​ប្រាក់​អត្ថប្រយោជន៍ផ្សេងៗដូចជា​កម្មករ​វិស័យ​កាត់ដេរ​ឡើយ។

លោក ស ម៉ូ​រ៉ា ឲ្យ​ដឹងថា​លោក​នឹង​បន្តធ្វើ​កូដកម្ម​ទាមទារ​បន្តទៀត​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​​ពី​ក្រុមហ៊ុន។ លើសពីនេះ ក្រុមអ្នកតវ៉ា​ង​នឹង​ស្វែងរក​អន្តរាគមន៍​ពី​ស្ថានទូត សហរដ្ឋអាមេរិក និង​សហជីព​អាមេរិកកាំង​ផងដែរ។

នៅ​មិនទាន់មាន​ការឆ្លើយតប​អ្វី​ទាំង​អស់ពី​ការទាមទារ​របស់​បុគ្គ​លិ​កក​ម្មករ​នៅថ្ងៃនេះ​ពីសំណាក់​​ក្រុមហ៊ុន​ប្រេង Chevron ក៏ប៉ុន្តែ​ កន្លងមក តាមរយៈ​បុគ្គលិក ក្រុមហ៊ុន​បានបង្ហាញ​ពី
ឆន្ទៈ​ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ផងដែរ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ តែ​មិនមាន​ភាព​ច្បាស់លាស់​​ថា​គ្រោង​តម្លើង​ប៉ុន្មាន។

សូមបញ្ជាក់ថា ​ប្រាក់ខែ​បច្ចុប្បន្ន​របស់​បុគ្គលិក​កាល់​តិច គឺ​ទទួលបាន១៣០ដុល្លារ​ផ្នែក​បេឡា បុគ្គលិក​ចាក់​សាំង​បាន ១១០ដុល្លារ និង​បុគ្គលិក​អនាម័យ​ទទួលបាន១០០ដុល្លារ ក្នុង​មួយខែ។
បើ​ប្រៀបធៀប​ទៅនឹង​ក្រុមហ៊ុន​ប្រេង​ដទៃទៀត​ដែលមាន​ការប្រកួតប្រជែង​គ្នា ក្រុមហ៊ុន​កាល់តិច ​មាន​ប្រាក់​ឈ្នួល​ទាប​ជាងគេ ដោយ​ចំណុច​នេះ​ហើយ​ដែល​បុគ្គលិក​បំរើការ​ងារ​ទាំង​នោះ​បាន​ធ្វើការ​រិះគន់ខ្លាំងៗថា ក្រុមហ៊ុន​កាល់​តិច​របស់​អាមេរិក​អន្តរជាតិ ដែល​តែងតែ​អួត​ពី​ក្រមសីលធម៌ លើក​កំពស់​សិទ្ធិមនុស្ស​នោះ​ត្រូវ​បរាជ័យ​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល​ដែល​ធានា​ការ​រស់នៅ​​សមរម្យ​ទៅដល់​បុគ្គលិក​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ