អានតួអត្ថបទ
កម្ពុជា

អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត​"កង្វះ​រូបភាព" សម្ដែង​សុទិដ្ឋិ​និយម ​ទោះ​​ជា​រឿង​នេះ​មិន​បាន​ឈ្នះ​ពាន​រង្វាន់​អូស្កា​ក្ដី

ខ្សែ​ភាពយន្ត «​កង្វះ​រូបភាព The Missing Picture» របស់​សមិទ្ធិករ​ភាពយន្ត​ខ្មែរ លោក ប៉ាន់​ ​រិទ្ធី មិន​បាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ​​ ក្នុង​ផ្នែក ភាពយន្ត​ជា​​ភាសា​បរទេស​ល្អ​បំផុត​ទេ។ ពាន​រង្វាន់​នោះ បាន​ធ្លាក់​ទៅ​លើ​​ខ្សែ​ភាពយន្ត ពី​ប្រទេស​អ៊ីតាលី រឿង «The Great Beauty» របស់​សមិទ្ធិករ​ភាពយន្ត Paolo Sorrentino។ ​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្កា​​​នេះ ជា​ជំហាន​វិជ្ជមាន​មួយ ហើយ​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខ កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​បាន​​ឆ្ងាយ​ជាង​នេះ​ទៀត។

យុវជន​កម្ពុជា ចូល​រួម​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្កា​ នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា​ ថ្ងៃ​ទី​៣​មីនា ឆ្នាំ​២០១៤។
យុវជន​កម្ពុជា ចូល​រួម​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្កា​ នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផាណា​ ថ្ងៃ​ទី​៣​មីនា ឆ្នាំ​២០១៤។ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ព្រឹក​ព្រលឹម​ម៉ោង​៨ ថ្ងៃ​ទី​៣​មីនា​នេះ ទូរទស្សន៍​​ចំនួន​ពីរ នៅ​មជ្ឈមណ្ឌល​សោតទស្សន៍ បុប្ផាណា បាន​ចាប់​ផ្ដើម​បញ្ចាំង​ការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្កា​ ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ជាង​៥០​នាក់ ភាគ​ច្រើន​ជា​បរទេស។

​ការ​ផ្សាយ​បន្ត​​ផ្ទាល់​កម្មវិធី​ពាន​រង្វាន់​អូស្ការ​​នេះ ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត និង​អបអរ​សាទរ ចំពោះ​វត្តមាន​ខ្សែ​ភាពយន្ត​កម្ពុជា រឿង «កង្វះ​រូបភាព» ជាអង់គ្លេស​ហៅថា The Missing Picture ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ភាពយន្ត​ចំនួន​ប្រាំ​ចុង​ក្រោយ សម្រាប់​ប្រកួត​ផ្ដាច់​ព្រ័ត្រ យក​ពាន​រង្វាន់​អូស្កា​ ក្នុង​ផ្នែក​ខ្សែ​ភាពយន្ត​ជា​ភាសា​បរទេស​ល្អ​ជាង​គេ​បំផុត។ ភាពយន្ត​ឯកសារ​ រឿង «កង្វះ​រូបភាព» ត្រូវ​​​ប្រកួត​ប្រជែង​​ជាមួយ​ខ្សែ​ភាពយន្ត​៤​ផ្សេង​ទៀត មក​ពី​ប្រទេស​ប៉ាឡេស្ទីន អ៊ីតាលី ដាណឺម៉ាក និង​ប្រទេស​ប៊ែលហ្ស៊ិក។

ជា​លទ្ធផល ខ្សែ​ភាពយន្ត «​កង្វះ​រូបភាព The Missing Picture» របស់​សមិទ្ធិករ​ភាពយន្ត​ខ្មែរ លោក ប៉ាន់​ ​រិទ្ធី​ មិន​បាន​ឈ្នះ​ពាន​រង្វាន់​អូស្កា​​​ ក្នុង​ផ្នែក ភាពយន្ត​ជា​​ភាសា​បរទេស​ល្អ​បំផុត​ទេ។ ពាន​រង្វាន់​នោះ បាន​ធ្លាក់​ទៅ​លើ​​ខ្សែ​ភាពយន្ត ពី​ប្រទេស​អ៊ីតាលី រឿង «The Great Beauty» របស់​សមិទ្ធិករ​ភាពយន្ត Paolo Sorrentino។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​គាំទ្រ​ខ្សែ​ភាពយន្ត «កង្វះ​រូបភាព» និង​ជា​ផលិតករ​ភាពយន្ត លោក​ស៊ុំ ស៊ីថែន ​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អូស្កា​​​នេះ ជា​ជំហាន​វិជ្ជមាន​មួយ ហើយ​​លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខ កម្ពុជា​នឹង​អាច​ធ្វើ​ដំណើរ​បាន​​ឆ្ងាយ​ជាង​នេះ​ទៀត។

ដោយ​ឡែក សមិទ្ធិករ​ភាពយន្ត​កង្វះ​រូបភាព ​លោក ប៉ាន់​ ​រិទ្ធី ​ផ្ទាល់ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​បរទេស​ដូច្នេះ​ថា វត្តមាន​ខ្សែភាពយន្ត​ខ្មែរ នៅ​ក្នុង​កម្មវិធី​អូស្កា​​នេះ គឺ​ជា​ជ័យ​ជំនះ​មួយ​រួច​ស្រេច​ទៅហើយ។ ប្រសិន​បើ​រឿង​«កង្វះ​រូបភាព» ​ទទួល​បាន​ពាន​រង្វាន់​អូស្កា​​មែន​នោះ វា​ជា​ការយក​ផ្លែ​ឈើ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត មក​តែង​លម្អ​លើ​នំ​ខេក​​ដែល​មាន​ស្រាប់​ដូច្នោះ​ដែរ។

ខ្សែ​ភាពយន្ត «កង្វះ​រូបភាព The Missing Picture» របស់​សមិទ្ធិករ​ភាពយន្ត​ខ្មែរ ​លោក ប៉ាន់​ ​រិទ្ធី ជា​ខ្សែ​ភាពយន្ត​ដំបូង​បង្អស់​របស់​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ភាពយន្ត​ចំនួន​ប្រាំ​ចុង​ក្រោយ សម្រាប់​ប្រកួត​ផ្ដាច់​ព្រ័ត្រ យក​ពាន​រង្វាន់​អូស្កា។ រឿង​នេះ​រៀប​រាប់​ពី​ជីវិត​វ័យ​កុមារ​របស់​លោក​ប៉ាន់ រិទ្ធី នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​កាល​ណោះ សមាជិក​គ្រួសារ​របស់​លោក​ជា​ច្រើន បាន​​ស្លាប់​បាត់​បង់​ជីវិត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ