អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ប្រកាស​ធ្វើ​ប្រជា​មតិ​ ដើរ​ចេញ​ពី​រដ្ឋសភា​ បើ​ដូរ​គជប​ មិន​បាន​

លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានប្រកាស​ពី​គម្រោង​ធ្វើ​ប្រជាមតិ ដើម្បី​សុំ​ការសម្រេច​ថា តើ​តំណាងរាស្ត្រ​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ គួរ​នៅក្នុង​រដ្ឋសភា​ ទៀត ឬ​ដើរ​ត្រូវ​ចេញ បើសិនជា​ដូរ​គជប មិនបាន។ ជា​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ខណៈដែល​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រក​ការ​ឯកភាពគ្នា​មិនបាន ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់ គជប។

លោក កឹម សុខា អនុ​ប្រធានគណបក្ស​សង្គ្រោះជាតិ​
លោក កឹម សុខា អនុ​ប្រធានគណបក្ស​សង្គ្រោះជាតិ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ មុននឹង​ចូល​រដ្ឋសភា បានធ្វើ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ ដើម្បី​សុំ​យោបល់​ថ្នាក់មូលដ្ឋាន។ យើង​ចូល​រដ្ឋសភា ដើម្បី​ដូរ គ.ជ.ប តែបើ​ដូរគ.ជ.បមិន​បានទេ យើង​នឹង​វិល​មក​ទៅធ្វើ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​ឡើងវិញ ដើម្បី​សុំ​ការសម្រេច​ពីសន្និបាត តើ​យើង​គួរ​នៅក្នុង​សភា​ទៀត ឬ​ត្រូវ​ចេញ?។ នេះ​បើតាម​លោក​កឹម​សុខា។

លោក​កឹម​សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ថ្លែង​ដូច្នេះ នៅក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ ខេត្តពោធិ៍សាត់ ស្ថិតនៅ​ភូមិ​អូរ​ស្ដៅសង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ព្រឹក​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០។

លោក កឹម​សុខា លើកឡើងថា ឥឡូវនេះ បើ​ថ្ងៃ​ណាមួយ យើង​ចូល​សភា​ហើយ ស្រាប់តែ​បោកប្រាស់​យើង ដូរ​គជប មិនបាន កែទម្រង់​ការបោះឆ្នោត មិនបាន នោះ​យើង​នឹង​បើក​មហាសន្និបាត​មួយ នៅ​ភ្នំពេញ​ម្តងទៀត ដើម្បី​សួរ​ទៅ​តំណាង​របស់​ប្រជារាស្ត្រ ដែលមាន​ក្រុម​ប្រឹក្សាជាតិ​ទាំងអស់ នៅតាម​មូលដ្ឋាន ដើម្បី​ធ្វើ​សេចក្តី​សម្រេចចិត្តថា តើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​បន្ត​អង្គុយ​ក្នុង​រដ្ឋសភា ឬក៏​ចេញមកក្រៅ​សភា ធ្វើ​អ្វី​ទៀត?។

ដោយ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ផែនការ​ជាក់លាក់ លោក​កឹម​សុខា បញ្ជាក់ថា តំណាងរាស្ត្រ​ត​គណបក្ស​សង្គ្រោះ​ជាតិ មិន​អង្គុយ​ងាប់ក្រឡា នៅក្នុង​រដ្ឋសភា​ទេ បើ​ដូរ​គជប មិនបាន យ៉ាងយូរ​នៅ​ឆ្នាំ២០១៥ គណបក្សប្រឆាំង នឹងធ្វើ​សន្និបាត សួរ​មតិ។ បើ​ប្រជារាស្ត្រ​សម្រេច​ថា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​រដ្ឋសភា នោះ​គណបក្សប្រឆាំង នឹង​បន្ត​ធ្វើ តាម​ប្រជារាស្ត្រ។

ការលើកឡើង​របស់លោក​កឹម​សុខា ដែលជា​មនុស្ស​សំខាន់​ទី២ ក្នុង​គណបក្សប្រឆាំង នៅពេលនេះ បានកើត​ឡើង ខណៈដែល​ក្រុមការងារ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ មិនបាន​ឯកភាពគ្នា លើ​ចំណុច​មួយចំនួន ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​គជប ពិសេស​លើ​លក្ខខណ្ឌ បញ្ហា​សញ្ជាតិ​របស់​បេក្ខជន​ប្រធាន និង​សមាជិក​គជប ជាដើម។

យ៉ាងណាក៏ដោយ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២៤វិច្ឆិកា​នេះ ក្រុមការងារ​ចរចា​គណបក្ស​ទាំងពីរ ដឹកនាំ​ដោយ​លោក​ប៊ិន​ឈិន និង​លោក គួ​យ​ប៊ុន​រឿន នឹង​ជួបប្រជុំ​ចរចា​បន្តទៀត។ ជា​កិច្ចចរចា ដែល​លោក​អេង​ឆៃអ៊ាង អះអាងថា ក្រុមការងារ​នឹង​បន្ត​ពិភាក្សា​លើ​ចំណុច​សេសសល់ ពាក់ព័ន្ធ​នឹង​ពង្រាងច្បាប់​គជប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ