អានតួអត្ថបទ
កម្ពុជា

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ​ចាប់​ផ្តើមធ្វើ​សកម្មភាព​ពីថ្ងៃ​ទី១ធ្នូ​តទៅ

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ១០ធ្នូ​ឆ្នាំនេះ​ត្រូវបាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​ឲ្យ​មាន​ក្បួន​ដង្ហែ​ចេញពី​បណ្តា​ខេត្ត​នានា​ចាប់ពី​ថ្ងៃទី០១ធ្នូ​តទៅ​ហើយ។សកម្មជន​ដីធ្លី និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ​ជា ៥០០ នាក់​ក្នុងនោះ​ក៏មាន​ទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ​ផង​ចាប់ផ្តើម​ដង្ហែ​ក្បួន​ចេញដំណើរ​ពី​គោលដៅរៀងៗខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះ​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ជួបជុំគ្នា​នៅ​ថ្ងៃទី១០ធ្នូ។

សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការ ខុមហ្រ្វែល
សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការ ខុមហ្រ្វែល
ផ្សាយពាណិជ្ជកម្ម

គោលដៅ​ដែល​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​គ្រោង​ចេញដំណើរ​នៅ​ថ្ងៃអាទិត្យ​ទី០១ធ្នូ​នេះ​មាន​មកពី​ខេត្តស្វាយរៀង កំពត កំពង់ស្ពឺ ពោធិ​សា​តិ និង​កំពង់ធំ។ ក្រុម​សកម្មជន​ទាំងនោះ​នឹង​ដើរ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ចេញពី​គោលដៅរៀងៗខ្លួន​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃទី១០ធ្នូ។

លោក យ៉េ​ង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែលជា​សមាជិក​ក្រុម​អ្នករៀបចំ​ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រុម​អ្នកចូលរួម​នឹងធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​ជា​ពី១៥ទៅ២០គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ។ នៅពេល​យប់​ពួកគេ​នឹង​ឈប់សម្រាក​ដោយមាន​ការ​ប្រារព្ធ​ពិធី​ល្បែង​ល្បងប្រាជ្ញា សំណួរចម្លើយ​ស្តីពី​សិទ្ធិមនុស្ស រួមទាំង​ការសម្តែង​ធម្មទេសនា ដោយ​សកម្មជន​ព្រះសង្ឃ​ដែល​ចូលរួម​ក្នុង​ធម្ម​យាត្រា​នោះ​ផង។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ឆ្នាំនេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ«មាន​យុត្តិធម៌ មាន​សន្តិភាព!»។ ឆ្នាំ២០១៣ នេះ​ជា​ខួប​ទី៦៥ឆ្នាំ​ហើយ​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សាកលលោក​តែង​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ។ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​គឺជា​ឱកាស​ដែល​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស ប្រជាពលរដ្ឋ អង្គការ​ជាតិ​និង​អន្តរជាតិ​រួមទាំង​រដ្ឋាភិបាល​ផង​ប​បង្ហាញ​ពី​កិច្ចខិតខំ​របស់ខ្លួន​ក្នុង​កិច្ចការ​ការពារ​សិទ្ធិមនុស្ស។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ធម្ម​យាត្រា​និង​សិទ្ធិ​យាត្រា​នេះ​នឹង​មកជួប​ជុំគ្នា​នៅមុខ​រដ្ឋសភាជាតិ​ដើម្បី​ប្រគល់​ឯកសារ​មួយចំនួន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដល់​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត។ ក្រុម​សង្គម​ស៊ីវិល​បាន​ហៅ​ប្រទេស​កម្ពុជា​ថា​កំពុង​ប្រឈម​នឹង​បញ្ហា​សិទ្ធិមនុស្ស​ជាច្រើន។ ផ្ទុយ​ពី​រដ្ឋាភិបាល​ដែល​ចាត់ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​មាន​លក្ខណៈ​ល្អប្រសើរ។

បើ​យោងតាម​លោក យ៉ង វីរៈ នេះ​មិនមែនជា​លើក​ទី១ទេ​ដែលមាន​ការរៀបចំ​ក្បួន​ធម្ម​យាត្រា និង​សិទ្ធិ​យាត្រា​បែបនេះ។ សកម្មជន​ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ធ្លាប់​បានរៀបចំ​បែបនេះ​ជា​ហូរហែ​រួចមកហើយ​ដើម្បី​បួងសួង​និង​ទាមទារ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព យុត្តិធម៌​សង្គម និង​ការគោរព​សិទ្ធិមនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ