អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លោក ​សម រង្ស៊ី ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ តែ​ គជប ​ថា ​ជា​ទង្វើ​ប្រឆាំង​នឹង​ច្បាប់​

គណៈកម្មាធិការ​​ជាតិ​​រៀបចំ​ការ​បោះឆ្នោត ​ហៅ​​កាត់​​ថា ​គជប ​នៅ​​ថ្ងៃទី ​៩ ​មេសា​​នេះ ​បាន​​ចេញ​​​សេចក្តី​ប្រកាស​​ព័ត៌មាន​​មួយ ​ដោយ​​អំពាវនាវ​​ឲ្យ​​ប្រជាពលរដ្ឋ​​ចូល​រួម​​បោះ​ឆ្នោត​ជាតិ​​នៅ​​​ខែ​​កក្កដា​​ខាង​មុខ​នេះ។​​ ជា​ការ​​អំពាវនាវ ​ទល់​នឹង​​លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​ដែល​​បាន​​អំពាវនាវ​​កុំ​​ឲ្យ​​ពលរដ្ឋ​​ចេញ​ទៅ​​បោះ​ឆ្នោត ​នៅ​​ខែ​កក្កដា​​ថា​​​ជា​ការ​​បោះ​ឆ្នោត​​ក្លែង​ក្លាយ​។ ​យ៉ាង​ណា​ក៏​ដោយ ​បើ​តាម ​គជប ​ការ​បោះឆ្នោត​​ជ្រើស​​តាំង​​តំណាង​រាស្ត្រ​​នៅ​​ខែ​ក​ក្កដា ​កំពុង​​ប្រព្រឹត្ត​ទៅ​​ស្រប​តាម​​ច្បាប់​បោះឆ្នោត ​ដោយ​​គ្មាន​​ការ​រារាំង​។  

លោក​សម រង្ស៊ី អតីត​ប្រធានគណបក្សសង្រ្គោះជាតិ
លោក​សម រង្ស៊ី អតីត​ប្រធានគណបក្សសង្រ្គោះជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​ព័ត៌មាន​របស់ គជប ដែលមាន​កម្រាស់​ពីរ​ទំព័រ បាន​អំពាវនាវ៣ចំណុច ទល់នឹង​ការអំពាវនាវ​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី ៨ មេសា។ ទី១. គ.ជ.ប បាន​អំពាវនាវ​ដល់​បុគ្គល​ដែល​រារាំង​ការបោះឆ្នោត ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ដែល​ខុសពី​គន្លង​ច្បាប់។ ទី២. អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៧អញ្ជើញ ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨​ ដែល​នោះ គឺជា​ឱកាស​តែមួយគត់ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ក្នុង​រយៈពេល៥ឆ្នាំ​ម្តង និង​ទី៣. គជប បាន​អំពាវនាវ​ដល់​អ្នកសង្កេតកា​រណ៍​ជាតិ​និង​អន្តរជាតិ បំពេញ​បែប​បទ​​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា​ខាង​មុខ​នេះ​។

ប្រតិកម្ម​របស់ គជប គឺជា​ការឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ៨ មេសា ដែល​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពល​រដ្ឋ​​កម្ពុជា​ចេញទៅ​បោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ បើ​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​។ ប៉ុន្តែ គជប បាន​ចាត់ទុកថា ការអំពាវនាវ​នោះ គឺជា​ទង្វើ​ខុសច្បាប់ ដែល​អាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​កម្ពុជា។

គួ​ជំរាបជូន​ថា តាមរយៈ​គណនី​យ​ហ្វេ​ស​បុក​របស់ខ្លួន បន្ថែម​ពីលើ​បទសម្ភាសន៍​របស់លោក​ជាមួយ​វិទ្យុ​អាស៊ីសេរី (RFA) កាលពី​រាត្រី ថ្ងៃទី ៧ មេសា លោក សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញទៅ​បោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ បើ​មិន​មាន​​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម និង​បាន​ចាត់ទុកថា ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា​ខាងមុខនេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ រៀបចំឡើង​គ្រាន់តែ​ដើម្បី​ឲ្យ​គណបក្សកាន់អំណាច​សព្វ​ថ្ងៃ ឈ្នះឆ្នោត​យ៉ាង​ងាយ តាមរយៈ​ការបំបាត់​គូរ​ប្រជែង​​ពិតប្រាកដ​តែមួយគត់ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ថែម​លើ​នេះ លោក សម រង្ស៊ី ក៏​បាន​​អំពាវនាវ​កុំ​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​បែប​នេះ​ឲ្យ​សោះ។ ប៉ុន្តែ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ៩ មេសា នេះ គជប បាន​​គូសបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា កំពុង​ប្រព្រឹត្តទៅ​ស្រប​តាម​ច្បាប់បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ