អានតួអត្ថបទ
កម្ពុជា

ជំនួយ​ដល់​ពលករ​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ក្លាយ​ជា​ជម្លោះ​

ទាំង​អាជ្ញាធរ​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​បក្សប្រឆាំង​នៅតែ​បន្ត​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ដល់​ពលក​រ​ឆ្លងដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ។ ប៉ុន្តែ ការប៉ះទង្គិច​គ្នាខ្លះៗបានកើត​ឡើង​រវាង​អាជ្ញាធរ​និង​ក្រុមយុវជន​ខ្មែរក្រោម​ក៏ដូចជា​​រវាង​​អាជ្ញាធរ​​និង​​តំណាង​​បក្ស​ប្រឆាំង​​នៅ​ពេល​​ចែក​​អំណោយ​​ដល់​​ពលករ​។​ ​អង្គការ​​សង្គម​​ស៊ី​វិល​​ដែល​​តាម​ដាន​​រឿង​នេះ​​បាន​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​​បើក​ទូលាយ​​ក្នុង​ការ​​ចូល​រួម​​ជួយ​​ពលករ​​ខ្មែរ​។​

ពលករខ្មែរដែលថៃបញ្ជូនមកវិញ។
ពលករខ្មែរដែលថៃបញ្ជូនមកវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

គិត​មកទល់នឹង​ថ្ងៃនេះ តួលេខ​ពលករ​ឆ្លងដែន​ខុសច្បាប់​ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ​បាន​កើន​ដល់​ជាង២សែន​នាក់​ហើយ។ នេះ​បើ​យោងតាម​តួលេខ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។ ការបញ្ជូន​ពលករ​ខ្មែរ​មកវិញ​ក៏​នៅតែ​មិនទាន់​ចប់​នៅឡើយ​ដែរ។ ស្រប​ពេលដែល​ទាំង​អាជ្ញាធរ ទាំង​សង្គម​ស៊ីវិល ទាំង​បក្សប្រឆាំង​និង​សម្បុរ​សជន​នានា​កំពុង​សម្រុក​ចែក​អំណោយ​ដល់​ពលករ ការប៉ះទង្គិច​គ្នា​ខ្លះ​បាន​កើតឡើង។

ជាក់ស្តែង ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក កឹម សុខា ដែល​បាន​ទៅដល់​ទីក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រតិភូ​របស់​គណបក្ស​ប្រឆាំង​ត្រូវបាន​រារាំង​ដោយ​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ក្រោម​ហេតុផល​ថា គណបក្សប្រឆាំង​នឹង​ទៅ​បង្ក​ភាពអនាធិបតេយ្យ​នៅ​ទីនោះ។ ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​បាន​ស្រែកថា​ពួកគេ​មិន​ត្រូវការ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

ភ្លាមៗនោះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ថ្កោលទោស​ចំពោះ​ការរារាំង​នេះហើយ​បានទាមទារ​ឲ្យ​គណបក្សកាន់អំណាច​បញ្ឈ​ប់​ការរើសអើង​បែបនេះ​តទៅទៀត។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ​គោរព​សិទ្ធិ​និង​គោរព​គោលការណ៍​មនុស្សធម៌​ចំពោះ​ពលករ​ខ្មែរ​ផងដែរ។

លោក ស៊ុម ចាន់​គារ មន្ត្រី​អង្គការ​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​វិទ្យុ​បារាំង​ថា តាំងពី​មុន​ការ​ទៅដល់​របស់​មន្ត្រី​បក្សប្រឆាំង មាន​ក្រុមមនុស្ស​ដើរ​ស្រែកប្រាប់​ពលករ​តាម​មីក្រូ​ថា​កុំ​ឲ្យ​ជឿ​តាម​ការឃោសនា​របស់​ប​ណ​បក្សនយោបាយ។ លោក​សង្ស័យថា​នេះ​ជាការ​រៀបចំ​របស់​អាជ្ញា​ធរ។ កាលពី​យប់​ថ្ងៃ​ពុធ​ក៏មាន​ការប៉ះទង្គិច​ពាក្យ​ស​ម្តី​គ្នា​យ៉ាង​តឹងតែង​ដែរ​រវាង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ជាមួយ​យុវជន​មួយក្រុម​ដែលមាន​ពាក់​អាវយឺត​សញ្ញា​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​ហើយ​ដែល​បាន​ទៅ​ចែក​អំណោយ​ដល់​ពលករ​នៅ​ទីនោះ។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​លោក ស៊ុម ចាន់​គារ បាន​អំពាវនាវ​ថា ការចែក​អំណោយ​ដល់​ពលករ​គួរតែមាន​ការចូលរួម​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​គ្មាន​ការរើសអើង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ