អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហាផ្ទៃ​ បង្កើត​គណៈកម្មការ​ជួយ​ព​លករ​មក​ពី​ថៃ​

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧ មិថុនា បាន​ប្រកាស​បង្កើត​គណៈកម្មការ​ជំនាញ​មួយ ដែល​មាន​សមាជិក ៩​រូប ដើម្បី​សហការ​សម្របសម្រួល​ទទួល​ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ការ​រៀបចំ​ការ​ដឹក​ជញ្ជូន ការ​ធានា​នូវ​បញ្ហា​សុមាលភាព។ ដោយឡែក​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ក៏​ជា​វិធានការ​ម៉ឺងម៉ាត់​មួយ​របស់​គណៈកម្មការ​ពិសេស​នេះ​ផង​ដែរ។ សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​គណៈកម្មការ​របស់​ក្រសួងមហាផ្ទៃ​នេះ។

កិច្ច​ប្រជុំ របស់​ក្រសួងមហាផ្ទៃ នាពេលកន្លងមក។
កិច្ច​ប្រជុំ របស់​ក្រសួងមហាផ្ទៃ នាពេលកន្លងមក។ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ជំនាញ ដើម្បី​ត្រួត​ពិនិត្យ ណែនាំ និង​សហការ​សម្របសម្រួល អំពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ បាន​បញ្ជូន​មក​កាន់​កម្ពុ​ជា​វិញ គឺ​ត្រូវ​បាន​បង្កើតឡើង ដោយ​ភ្ជាប់​ជាមួយ​នឹង​ភារៈកិច្ច​ធំ។ នោះ​បើ​តាម​សេចក្តី​ប្រកាស​ក្រសួងមហាផ្ទៃ។ ក្រុម​គណៈកម្មការ ដែល​មាន​សមាសភាព ៩​រូប​ដឹកនាំ​ដោយ លោក​ឌុល គឿន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​នេះ នឹង​សម្រប​សម្រួល​ការ​ទទួល​ពលករ​ពី​ប្រទេស នៅ​តាម​ច្រក​ព្រំដែន ដោយ​ធ្វើ​ការ​ជាមួយ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

ការ​សម្របសម្រួល​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន អាហារ​ថ្នាំពេទ្យ គ្រូពេទ្យ ដើម្បី​ធានាបាន​នូវ​សុខមាលភាព​ពលករ​ទាំងអស់ ការ​ដឹកជញ្ជូន​ដោយ​សុ​វត្ថ​តិ​ភាព​ពី​តំបន់​ព្រំដែន​ទៅកាន់​មូលដ្ឋានរៀងៗខ្លួន។ និង ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការទប់ស្កាត់​ការឆ្លងកាត់​ព្រំដែន​ខុសច្បាប់ និង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ជាដើម។

សេចក្តីសម្រេច​បង្កើត​គ​ណៈ​កម្ម​ការ​ពិសេស​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង នេះ​គឺធ្វើឡើង​ក្រោយ​ពេលដែល​ពលករ​កម្ពុ​ជា​ខុសច្បាប់​រ៉ាប់​ម៉ឺន​នាក់​ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​ដឹកជញ្ជូន​មកកាន់​កម្ពុជា​វិញ​យ៉ាងគំហុក​តាំងពីដើម​ខែមិថុនា​មក។ គិត​ត្រឹម​យប់​ថ្ងៃទី១៧ មិថុនា​ម្សិលមិញ មាន​ពលករ​ខ្មែរ​ប្រមាណ១៧ម៉ឺន ១ពាន់​អ្នក​ហើយ ដែល​ត្រូវបាន​បញ្ជូន​មកដល់​ទឹកដី​កម្ពុជា​វិញ នេះ​បើតាម​ការបញ្ជាក់​ពី លោក គោ សុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ។ លោក​អភិបាល​ដដែល បាន​បញ្ជាក់ថា កម្លាំង​អាជ្ញាធរ​គ្រប់​ប្រភេទ រួមទាំង​ក្រុមគ្រូពេទ្យ ប្រមាណ២ពាន់​នាក់ កំពុង​រងចាំ​ទទួល​ពលករ និង​ផ្តល់​សេវា​សុខភាព ម្ហូបអាហារ និង​ការដឹកជញ្ជូន​ផងដែរ។

សូមបញ្ជាក់​ជូន​ថា ទាក់ទង​នឹង​ការដឹកជញ្ជូន​ពលករ​ខ្មែរ​យ៉ាងគំហុក​នេះ រដ្ឋាភិបាល​កម្ពុជា និង​ថៃ​តាមរយៈ​ក្រសួងការបរទេស​និង​ស្ថានទូត បាន​ឯកភាពគ្នា​បង្កើត​បណ្តាញ​ទំនាក់ទំនង hot line រវាង​ភាគី​ទាំងពី​ដើម្បី​ដោះស្រាយ​បញ្ហាបន្ទាន់ៗដែល​ពលករ​ខ្មែរ​ជួបប្រទះ​នៅក្នុង​ប្រទេស​ថៃ និង​ពេល​កំពុងធ្វើដំណើរ​មកកាន់​កម្ពុជា​វិញ។ បើទោះបីជា​យ៉ាងណាក៏ដោយ សង្គម​ស៊ីវិល លោក មឿង​តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​គណៈកម្មការ​របស់​រដ្ឋាភិបាល​នេះ។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា គឺ​ការបង្កើត​ការងារ​ដល់​ពលករ​ទាំង​អស់​ដើម្បី​ទប់ស្កាត់​ការ​ចំណាកស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ