អានតួអត្ថបទ
កម្ពុជា-អប់រំ

មនុស្ស​១,៦ម៉ឺន​​នាក់​​ត្រូ​វ​​បាន​​ឃាត់​​ខ្លួន​​ពាក់​​ព័ន្ធ​​នឹង​​គ្រឿង​​ញៀន​​នា​ឆ្នាំ​​២០១៨​​

យោង​តាម​របាយ​ការណ៍​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​រយៈ​ពេល​មួយ​ឆ្នាំ​២០១៨​នេះ មាន​មនុស្ស​ប្រមាណ​១៦.២៣២​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ចំនួន​៨.០១៨ករណី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ប្រៀប​ធៀន​រយៈពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៧ ករណី​បទ​ល្មើស​គ្រឿង​ញៀន​មាន​ការ​ថយ​ចុះ​។​

សកម្មភាពដុតកំទេចគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨
សកម្មភាពដុតកំទេចគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៨ NACD
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​បឋម ដែល​វិទ្យុ​បារាំង​អន្តរ​ជាតិ​ទទួល​បាន​ពី លោក មាស វីរឹទ្ធ អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន គិត​ចាប់​ពី​ថ្ងៃទី១ ខែ​មករា ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​ ៨.០១៨​ករណី និង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន ១៦.២៣២នាក់ ដែល​មាន​ជន​បរទេស ៣១០​នាក់​នៅ​ក្នុង​នោះ​ផង​ដែរ​។

ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ ករណី​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​មាន​ការ​ថយ​ចុះ ចំនួន​១៥៥​ករណី ពោល​គឺ​នៅ​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​សរុប ៨ ១៧៣​ករណី។ នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

តួលេខ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ចំនួន​មនុស្ស ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ក៏​មាន​ការ​ថយចុះ​ដែរ។ នៅ​ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​បាន​ចំនួន ១៧.៨០០នាក់ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​បាន​ចំនួន​ ១៦.២៣២នាក់ មាន​ការ​ថយចុះ​ប្រមាណ​ជិត​៩​ភាគ​រយ។

សូម​ជម្រាប​ជូន​ថា របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ថា​សមត្ថ​កិច្ច ចាប់​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទំងន់​ប្រមាណ​៥៣៣​គីឡូ​ក្រាម និង​៣៧០​កញ្ចប់, កញ្ឆា​ក្រៀម​ប្រមាណ​៧៤​គីឡូ​ក្រាម និង​១៦ម៉ឺន​ដើម​។

នៅ​ក្នុង​ឱកាស​ទិវា​អន្តរជាតិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ​ប្រទេស​កម្ពុជា​បាន ​ធ្វើ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ជាង​៦០​គីឡូក្រាម​។ ​លោក​ មាស វី​រិ​ទ្ធ ​អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ធ្លាប់បាន​ថ្លែង​ប្រាប់វិទ្យុបារាំងអន្តរជាតិថា ​ប្រទេស​កម្ពុជា​បាន​ប្រឹងប្រែង​ទប់​ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​ក្នុង​ប្រទេស​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់ ​ខណៈ​កម្ពុជា​ ត្រូវ​បាន​ឧក្រិដ្ឋជន​ចាត់ទុក​ថា​ជា​ចំណុច​ឆ្លង​កាត់​និង​ចរាចរ​គ្រឿងញៀន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ