អានតួអត្ថបទ
កម្ពុជា

សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​កា​របាញ់​សម្លាប់​លោក​ ឈុត​ វុទ្ធី​ ដោយ​គ្មាន​ការ​រា​រាំង​

សកម្មជន​ការពារ​ព្រៃឈើ និស្សិត រួមទាំង​ប្រជាពលរដ្ឋ និង​ព្រះ​ស​ង្ឈ​ប្រមាណ​ជា១០០​អង្គ​និង​នាក់ នៅ​ថ្ងៃ​សៅ​រិ៍​នេះ បានមក​ជួប​ជុំគ្នា ត្រង់ចំណុច​វាល​បី ក្នុងស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​ ដើម្បី​ប្រារ​ព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ​ដ៍​សកម្ម​។ អ្នកឃ្លាំមើលសិទ្ធិ​មនុស្ស​ប្រចាំខេត្ត​កោះកុង បាន​បញ្ជាក់ថា ពិធី​បាន​ប្រារព្ធ​ធ្វើឡើង ដោយ​គ្មាន​ការរារាំង​ពី​អាជ្ញាធរ​នោះទេ។

លោក ឈុត​ វុទ្ធី​ប្រធានអង្គការពារធនធាន​ធម្មជាតិ​ កាលនៅរស់។
លោក ឈុត​ វុទ្ធី​ប្រធានអង្គការពារធនធាន​ធម្មជាតិ​ កាលនៅរស់។ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

អ្នកចូលរួម​ទាំងអស់ បាន​ចំណាយពេល​ជាង២ម៉ោង ដើម្បី​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​កោះ​កុង​ តាំងពី​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃ​សៅ​រ៍នេះ ឆ្ពោះទៅកាន់​ទីតាំង​នៃ​ការ​ប្រារព្ធ​ពិធី​ជាទី​នៃ​ការបាញ់សំលាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃឈើ ដែល​ស្ថិតនៅ​ចំណុច​វាល​បី ក្នុង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង។

ការ​ប្រារព្ធ​ខួប២ឆ្នាំ​នៃ​ការបាញ់សំលាប់​លោក ឈុត វុទ្ធី សកម្ម​ជន​ការពារ​ព្រៃឈើ​រូបនេះ បាន​ចាប់ផ្តើម​ឡើង នៅ​ប្រមាណ​ជា​ម៉ោង១១ព្រឹក ដោយ​អ្នកចូលរួម​ជាង១០០នាក់ បាន​ដើរ​ដង្ហែរ​ក្បួន​ចំងាយ៣០០ម៉ែត្រ ឆ្ពោះទៅកាន់​ទីតាំង​នៃ​ការបាញ់សំលាប់​លោក ឈុត វុទ្ធី ដោយមាន​កាន់​បដា អមដោយ​ការស្រែក​ច្រៀង​ចំរៀង​ស្តីពី​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផ​ង​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ឈឹម សាវុធ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ថ្ងៃ​សៅ​រិ៍​នេះ។

លោក​បន្តថា សកម្មជន​ការពា​ព្រៃឈើ រួមទាំង​ព្រះសង្ឃ​ដែល​មកពី​ខេត្ត​ចំនួន៦ រួមមាន​ខេត្ត​កំពង់​ធំ ព្រះវិហារ កោះកុង ស្ទឹងត្រែង និង​ខេត្តពោធិ៍សាត់  បាន​ទៅ​ជួបជុំគ្នា​នៅ​ទីតាំង​នៃ​ការ​បាញ់សំលាប់​លោក ឈុត វុទ្ធី ស្ថិត​ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដោយ​ពិធី​បានចាប់​ផ្តើម​​បន្ត​ដោយ​ការសូត្រ​ជីវប្រវត្តិ​របស់លោក ឈុត វុទ្ធី និង​បន្ត​មក ក៍មាន​ការចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ដោយមាន​ការចុះហត្ថលេខា​ពី​គ្រប់​អង្គការ​សង្គម​ស៊ីវិល​ផងដែរ ហើយ​ចុង​ក្រោយ ក៍មាន​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​សព​លោក​ឈុត វុទ្ធី មុន​ពេល​ធ្វើ​សន្និសីទកាសែត​បញ្ចប់​ក​ម្ម​វិធី។  

 
លោក ឈុត វុទ្ធី ដែលជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា​ ត្រូវបាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃទី២៦ មេសា ឆ្នាំ២០១២កន្លងទៅ នៅត្រង់ចំណុច​វាល​បី ក្នុងស្រុក​មណ្ឌលសីមា ខេត្តកោះកុង នៅ​ចន្លោះ​ម៉ោង១០ទៅ​ម៉ោង១២ថ្ងៃត្រង់ ខណៈ​ដែល​​លោក​បាន​ចុះទៅ​ស៊ើបអង្កេត និង​ថត​យក​រូបភាព​ជុំវិញ​សកម្មភាព​បទ​ល្មើ​ល​ព្រៃឈើ នៅ​តំបន់​ព្រៃ​ជួរ​ភ្នំក្រវាញ។ ភ្លាមៗក្រោយ​មរណភាព​នោះ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​គណៈ​កម្ម​ការ​ស៊ើបអង្កេត​មួយ ហើយ​សាលាដំបូង​ខេត្តកោះកុង​បាន​ជម្រះក្តី​សំណុំ​រឿងនេះ ជា​រឿង​ក្តី​មនុស្សឃាត​ដោយ​អ​ចេតនា។

ប៉ុន្តែ​យ៉ាងណា​ក៍ដោយ លោក អ៊ិន គង់​ជិត អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង នៅតែ​សំដែង​ការសោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​រដ្ឋាភិបាល​នៅក្នុង​សំណុំ​រឿង។ លោក​ថា ជាការ​ស៊ើបអង្កេត គ្រាន់តែ​ដើម្បី​បិទ​សំណុំ​រឿងនេះ​ទៅវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ