អានតួអត្ថបទ
កម្ពុជា

ភាពយន្ត​ចំនួន​៦៩​មក​ពី​១៩​ប្រទេស នឹង​ដាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃនៅ​ភ្នំពេញ ពេញ​មួយ​​សប្ដាហ៍​ក្រោយ

មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា និង​នាយក​ដ្ឋាន​ភាព​យន្ត និង​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​រោងភាពយន្ដ​ជា​ដៃ​គូ​ចំនួន​៤ រៀប​ចំ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា លើក​ទី​៤ ពី​ថ្ងៃ​ទី​៧ ដល់​១២ ខែ​ធ្នូ​ខាង​មុខ។ មហោស្រព​ភាពយន្ត​នេះ នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ជាតិ និង​អន្ដរជាតិ ប្រកប​ដោយ​គុណភាព ចំនួន​៦៩រឿង មក​ពី​១៩​ប្រទេស ដោយ​ឥត​គិត​ថ្លៃ ជូន​សាធារណជន​ទស្សនា។

ផ្ទាំង​ឃោសនា​មហោស្រពភាពយន្ត​អន្ដរជាតិ​​កម្ពុជា លើក​ទី​៤
ផ្ទាំង​ឃោសនា​មហោស្រពភាពយន្ត​អន្ដរជាតិ​​កម្ពុជា លើក​ទី​៤ CIFF
ផ្សាយពាណិជ្ជកម្ម

មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ធ្វើ​ឡើង​​​​ដើម្បី​ជម្រុញ​ទស្សនិកជន​ខ្មែរ ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​រោងភាពយន្ត ព្រម​ទាំង​ចែក​រំលែក​មនោសច្ចេតនា​របស់​ខ្លួន នៅ​ចំពោះ​មុខ​ផ្ទាំង​សំពត់​ស។ ជា​មហោស្រព​ភាពយន្ត ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា និង​នាយក​ដ្ឋាន​ភាព​យន្ត និង​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ដៃគូ​សហការ ជា​រោងភាពយន្ត​ល្បី​ៗ​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ។ 

​ភាពយន្ត​ល្អ​ៗ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ត្រូវ​បាន​ប្រមែប្រមូល​យក​មក​ចូល​រួម ដើម្បី​ចែក​រំលែកបទ​ពិសោធន៍​ផលិត​ភាពយន្ត​ល្អ​ៗ ​ដល់​ផលិតករ និង​សមិទ្ធិករ​កម្ពុជា ក្នុង​គោលដៅពង្រឹង និង​ពង្រីក​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន។

មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២​ធ្នូ​នេះ លោក​ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​មហោស្រព​ភាពយន្ត​នេះ​ថា ជា​ការ​បើក​ឱកាស​ដល់​ផលិតករ​វ័យ​ក្មេង ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ដល់​សាធារណជន។ ហើយ​ដើម្បី​ជម្រុញ​ការ​ផលិត​ភាពយន្ត​កម្ពុជា ឲ្យ​កាន់​តែ​ដើរ​លឿន​ទៅ​មុខ​ទៀត ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​ខ្សែ​ភាពយន្ត ទាំង​ខ្នាត​វែង និង​ខ្នាត​ខ្លី នៅ​កម្ពុជា នា​​ឆ្នាំ​ក្រោយ​នេះ។

ភាពយន្ត​មាន​គុណភាព របស់​កម្ពុជា និង​ភាពយន្ត​មក​ពី​ជុំ​វិញ​ពិភពលោក ចំនួន​៦៩​រឿង នឹង​ត្រូវ​ដាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ ជូន​សាធារណជន ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ខាង​មុខ​នេះ។ ពិសេស​ជាង​នេះ​ទៀត​នោះ មហោស្រព​ឆ្នាំ​នេះ ក៏​នឹង​មាន​វត្តមាន​​ភ្ញៀវ​កិត្តិយស​ចូល​រួម ជា​ម្ចាស់​ពាន​រង្វាន់​អូស្កា លោក Regis Wargnier អ្នក​ដឹក​នាំ​រឿង​ជនជាតិ​បារាំង, សមិទ្ធិករ​ភាពយន្ត​ឯកសារ​ជើង​ចាស់ ជនជាតិ​អូស្ដ្រាលី James Gerrand, អ្នក​ដឹក​នាំ​រឿង​ឥណ្ឌូណេស៊ី Dirmawan Hatta, ព្រម​ទាំង​សមិទ្ធិករ​និង​ផលិតករ​ភាពយន្ត​ខ្មែរ គឺ លោក ប៉ាន់ រិទ្ធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ