អានតួអត្ថបទ
កម្ពុជា

ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ផ្តល់​កំចី២៦លាន​ដុល្លារ​អោយ​កម្ពុជា​ពង្រីក​ប្រព័ន្ធ​ស្រោចស្រព

កសិករ​​ខ្មែរ​​ក្នុង​​ខេត្ត​កំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​កណ្តាល គួរ​​មាន​សង្ឃឹម​​ខ្លះ​​ហើយ ដែល​​នៅ​ពេល​នេះ​​ គម្រោង​​ស្តារ​​ប្រព័ន្ធ​​ធារា​​សាស្ត្រ​១១​កន្លែង និង​​ព្រែក​​នានា​៣០​កន្លែង​​ទៀត មាន​​ប្រាក់​​សម្រាប់​​អនុវត្ត។នោះ​​ជា​​​ប្រាក់​​ឥណទាន​​សម្បទាន ២០​លាន​​អឺរ៉ូ ឬ​​ប្រហែល​២៦​លាន​​​​​ដុល្លារ​​សហរដ្ឋ​អាមេរិក ដែល​​ក្រសួង​​សេដ្ឋកិច្ច​​និង​​ហិរញ្ញ​វត្ថុ​​បាន​ទទួល​​ពី​​ទី​ភ្នាក់ងារ​បារាំង​​សម្រាប់​​ការ​អភិវឌ្ឍន៍។ កិច្ច​ព្រម​ព្រៀង​​ខ្ចី​ប្រាក់ ដែល​​បាន​​ចុះ​ហត្ថ​លេខា​​នៅ​​រសៀល​​ថ្ងៃ​ចន្ទ​​នេះ ត្រូវ​គេ​​រំពឹង​ថា​​នឹង​​រួម​ចំណែក​​ក្នុង​ការ​​បង្កើន​​ផ​លិ​ត​ផល​​ស្រូវ ដើម្បី​​សម្រេច​​ផែន​ការ​នាំ​អង្ករ​​ចេញ​​ឱ្យ​បាន​១​លាន​​តោន នៅ​ឆ្នាំ២០១៥។

ពិធីចុះកិច្ចព្រមព្រៀងឥណទានសម្បទាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។
ពិធីចុះកិច្ចព្រមព្រៀងឥណទានសម្បទាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។ @AFD
ផ្សាយពាណិជ្ជកម្ម

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា នា​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ដែលមាន​តម្លៃ២០លាន​អឺរ៉ូ ឬ​ប្រមាណ​ជា ២៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ និង​ជាមួយ​ស្ថានទូត​បារាំង​នៅ​កម្ពុជា។ ប្រាក់​ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​នេះ ​គឺ​សម្រាប់​យកទៅ​ប្រើ​លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ធារាសាស្ត្រ​និង​កសិកម្ម​កម្ពុជា និយាយឱ្យចំ​គឺ​ដើម្បី​ស្តារ​ប្រព័ន្ធធារាសាស្ត្រ១១កន្លែង​នៅ​ខេត្តកំពង់ធំ ខេត្ត​សៀមរាប និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ស្តារ​ព្រែក៣០កន្លែង​ទៀត​នៅ​ខេត្តកណ្តាល។ ជារួម ផ្ទៃដី១ម៉ឺន៦ពាន់​ហិកតា​នឹងត្រូវ​ស្រោចស្រព​ដោយសារ​ឥណទាន​សម្បទាន​ទីភ្នាក់ងា​រ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ដែល​ផ្តល់ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើកដំបូង។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ឥណទាន​សម្បទាន​រប​ស់​ទីភ្នាក់ងារ​បារាំង​នេះ រួមចំណែក​ជាពិសេស​ក្នុងការ​ជម្រុញ​ផលិតកម្ម​ស្រូវ​របស់​កម្ពុជា។ កម្ពុជា ដែលមាន​ផែនការ​នាំ​អង្ករ​ចេញ​ឱ្យបាន១លាន​តោន​នៅ​ឆ្នាំ២០១៥។ ក្នុង​រយៈពេល​១០ខែ​​​នៃ​ឆ្នាំ២០១៣នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន ជិត៣សែន​តោន ពោលគឺ​កើន​ឡើង១០១ភាគរយ បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន ក្នុង​រយៈពេល​ដូចគ្នា។

លោក ស៊ែ​រ្ស ម៉ូ​ស្ទូ​រ៉ា (Serge Mostura) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា កសិកម្ម​កម្ពុជា ពឹង​ផ្អែកលើ​ការផលិត​ស្រូវ​ជាសំខាន់។ ដោយបាន​ថ្លែងថា ប្រទេស​បារាំង​គាំទ្រ​ការងារ​កសិកម្ម​នៅកម្ពុជា លោក ម៉ូ​ស្ទូ​រ៉ា បាន​កត់សម្គាល់ថា មុន​ឆ្នាំ១៩៩៨ ប្រទេស​កម្ពុជា​នាំ​អង្ករ​ចូល ដោយសារតែ​ផលិតកម្ម​ក្នុងស្រុក​មិន​គ្រប់គ្រាន់ ប៉ុន្តែ​ក្រោយ​ឆ្នាំ១៩៩៨ ប្រទេស​នេះ​បាន​នាំ​អង្ករ​ចេញ ដោយសារ​ការផលិត​លើស​តម្រូវការ​ក្នុងស្រុក។ ប្រទេស​បារាំង​ជា​ប្រទេស​ទី២នៅ​អឺរ៉ុប ដែល​នាំ​អង្ករ​ផ្កាម្លិះ​កម្ពុជា​ចូល​ច្រើនជាងគេ។

លោកស្រី នី​ណែ​ល អ៊ុ​ល​ឡាវ ម៉ូ​រ៉េ​រ៉ា (Ninel Ulloa Maureira) ដែលជា​តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ថ្លែងថា ស្ថាប័ន​របស់លោក​ស្រី​មាន​មោទនភាព​ខ្លាំង ក្នុងការ​ធ្វើឱ្យ​ការគ្រប់គ្រង​ប្រព័ន្ធ​ធា​រាស្ត្រ​នៅ​កម្ពុជា មាន​និរន្តរភាព តាមរយៈ​ការផ្ទេរ​កិច្ចការ​គ្រប់គ្រង​ទៅឱ្យ​សហគមន៍​អ្នកប្រើប្រាស់​ទឹក ដូចជា​សហគមន៍​ព្រៃនប់​ជាដើម ដែល​បានទទួល​ជំនួយ​ពី​ទីភ្នាក់ងារ​បារាំង​នេះ។ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​បានផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ជា២៧០លាន​អឺរ៉ូ ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​កម្ពុជា តាំងពី​ឆ្នាំ១៩៩៣។ លោកស្រី ម៉ូ​រ៉េ​រ៉ា​បាន​បន្ថែមថា ជំនួយ​របស់​ទីភ្នាក់ងារ​បារាំង​ថ្ងៃនេះ​ជា​យុទ្ធសាស្ត្រ​ថ្មី ដែល​កម្ពុជា​អាច​ប្រើ​ដើម្បី​សម្រេច​គោលបំណង​នៃ​ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ