អានតួអត្ថបទ
កម្ពុជា-ច្បាប់

ប្រតិកម្ម​ធ្លាក់​មក​ជា​ហូរ​ហែ​ក្រោយ​ចាប់​ខ្លួន​លោក កឹម សុខា

ប្រតិកម្ម​រិះ​គន់​បាន​ធ្លាក់​មក​ជា​ហូរ​ហែ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក្រោយ​រដ្ឋាភិបាល​ចាប់ខ្លួន​លោក កឹម សុខា ពី​ទោស​ក្បត់​ជាតិ។ ប្រតិកម្ម​ទាំង​នោះ​បាន​បារម្ភ​ពី​ដំណើរ​ការ​ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា ហើយ​ថែម​ទាំង​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការបោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ​ដែរ។

រូបថតៈ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ
រូបថតៈ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ @the cambodia daily
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន លោក កឹម សុខា កំពុង​ធ្វើ​ឲ្យ​ស្ថាន​ការណ៍វិវឌ្ឍន៍​ទៅ​កម្រិត​ថ្មី​មួយ​ទៀត​គួរ​ឱ្យ​បារម្ភ។ នេះ​គឺ​ជា​ខ្លឹម​នៃ​សេចក្ដី​ថ្លែង​ការណ៍​របស់​សភា​អាស៊ាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ។ សភា​អាស៊ាន បន្ត​ទៀត​ថា ខណៈ​ការ​បោះឆ្នោត​កំពុង​ខិត​ជិត​មក​ដល់ ការ​ចាប់​ខ្លួន​លោក កឹម សុខា នៅ​ពេល​នេះ បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ចេទនា​បំផ្លាញ​​គណបក្ស​ប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច។

សភា​អាស៊ាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កត់​សម្គាល់​ថា អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល ក្នុង​ការ​បំភិត​បំភ័យ​គណបក្ស​ប្រឆាំង ចេះ​តែ​កើនឡើង ។ ហើយ​នៅ​ពេល​នេះ វា​ហាក់​ដូច​ជា លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន​សែន ភ័យ​ខ្លាចការ​បោះ​ឆ្នោត ហើយ​មិន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង។ សភា​អាស៊ាន​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ដោយគ្មាន​លក្ខ​ខណ្ឌ។

ចំណែក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Right Watch បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ដោយ​ចាត់​ទុក​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ។ តាម​រយៈ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នា​ពេល​នេះ Human Right Watch ក៏​បាន​អំពាវ​នាវ​​ឲ្យ ម្ចាស់​ជំនួយ​បរទេស បើក​កិច្ច​ប្រជុំ​ជាមួយ​នឹង​បណ្តា​ស្ថាន​ទូត​កម្ពុជា​ប្រចាំនៅ​ប្រទេស​ជា​ម្ចាស់​ជំនួយ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។

ងាក​មក​មើល​ប្រតិកម្ម​នៅ​ក្នុង​ស្រុក​វិញ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និងសិទ្ធិមនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់ (Central)មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ធ្វើ​ឡើង​ខុស​នីតិវិធី។ ខុស​នីតិវិធីនី​ត្រង់​ថា ការ​ចាប់​ខ្លួននេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១២​យប់​ដែល​ផ្ទុយ​ពី​គោលការណ៍​ព្រហ្មទណ្ឌ​ដែល​មិន​អនុញ្ញាតឲ្យ​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​បែប​នេះ​ទេ។ ធ្ងន់​ធ្ងរ​យ៉ាង​ក៏ដោយ​សមត្ថកិច្ច​គួរ​តែ​ឡោមព័ទ្ធ​ផ្ទះ​សិន ដើម្បី​ចាប់​ខ្លួន​នៅ​ម៉ោង​៦​ព្រឹក​វិញ។ នេះ​បើតាម​លោក មឿន តុលា។

លោក មឿន តុលា យល់ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយបន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​ជា​ដៃ​គូរ​ប្រកួត​ប្រជែង​ដ៏​សំខាន់របស់​គណបក្ស​កាន់​អំណាច។ លោក​បន្ថែម​វា មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ទេ​ ដែល​ផ្សារភ្ជាប់​រឿង​នេះ​ជាមួយ​អាមេរិក​នោះ​ព្រោះ​អាមេរិក​គឺ​ជាទី​ផ្សារ​នៃ​ការ​នាំ​ចេញ​ដ៏​សំខាន់របស់​កម្ពុជា។

ចំណែក លោក សៀ ភារម្យ ប្រធាន​អង្គការ​សិទ្ធិ​លំនៅ​ដ្ឋាន​មើល​ឃើញ​ថា ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ចំពោះ​លោក កឹម សុខា ធ្វើ​ឡើង​រាង​ចាស់​ដៃ​បន្តិច ព្រោះ​បើ​លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ​មែន ហេតុ​អ្វី​ពី​មុន​មក​រដ្ឋសភា​ទទួល​ស្គាល់​គាត់​ជា​សមា​ជិក​សភា​ទៅ​វិញ។ លោក​បន្ថែម​ថា ខ្លឹម​សារ​លោក កឹម សុខា និយាយ​ក្នុង​វីដេអូ​ពាក់​ព័ន្ធ​នឹងសហរដ្ឋ​អាមេរិក គួរ​តែ​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​សិន។ បើ​ពុំ​ដូច្នោះ​ទេ កម្ពុជា​នឹង​ទទួល​រង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​លោក សៀ ភារម្យ។

លោក សូរ ចន្ថា អ្នក​តាម​ដាន​បញ្ហា​សង្គម និង​នយោបាយ​ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ​ថា​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​សិន​មុន​ពេល​ចោទ​លោក​ កឹម សុខា ពី បទ​ក្បត់​ជាតិ​ ព្រោះ​ពាក្យ​ក្បត់​ជាតិ​នេះ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។សម្រាប់ លោក សូរ ចន្ថា រឿង​នេះ​ជា​រឿង​យោបាយ​ច្រើន​ជាង​វិធាន​ការ​អនុវត្ត​ច្បាប់។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​មេបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​យ៉ាង​ដូច្នេះ ច្បាស់​ណាស់​វា​នឹង​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​​ជាតិ​ឆ្នាំ​ក្រោយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ