លោក កឹម សុខា៖ តំណាងបេសកកម្មការទូតចំនួន១០ ព្រួយបារម្ភពីស្ថានការណ៍នយោបាយកម្ពុជា
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា មានតំណាងបេសកកម្មការទូត សំខាន់ៗចំនួន១០ បានសម្ដែងការព្រួយបារម្ភពីស្ថានភាពនយោបាយកម្ពុជាក្នុងពេលបច្ចុប្បន្ន។ លោកបន្ដថា តំណាងបេសកម្មការទូតទាំង១០ ប្រចាំទីក្រុងបាងកក ក៏បានសន្យាតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកម្ពុជាចុងក្រោយនេះផងដែរ។អត្ថបទដោយ៖ យ៉ា រសាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក កឹម សុខា នៅថ្ងៃទី ០២ ខែ កញ្ញា នេះ បានបង្ហោះសារចំនួនពីរកថាខ័ណ្ឌនៅក្នុងគណនីហ្វេសប៊ុករបស់លោក។ ខ្លឹមសារនៃសារនោះបញ្ជាក់ថា «តំណាងបេសកកម្មការទូតសំខាន់ៗចំនួន១០ ដែលមានស្ថានទូតនៅទីក្រុងបាងកក បានសម្ដែងនូវសេចក្ដីព្រួយបារម្ភ ហើយបានសន្យាថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នយោបាយតានតឹងនៅកម្ពុជាចុងក្រោយនេះ។
បើតាមប្រធានគណបក្សប្រឆាំងរូបនេះ ការសម្ដែងក្ដីបារម្ភនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរូបលោក ជាមួយបេសកម្មការទូតទាំងនោះ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃទី ០១ ខែ កញ្ញា។
ដោយឡែក មន្ដ្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដវិញ លោកចាត់ទុក ការលើកឡើងរបស់បេសកកម្មការទូតទាំងនោះ ជាការយល់ឃើញរបស់បុគ្គលម្នាក់ៗមកលើកម្ពុជា។ លោកថា ការយល់ឃើញនោះវាផ្ទុយពីស្ថានភាពពិតរបស់កម្ពុជានៅពេលបច្ចុប្បន្ន ដែលលោកថា គ្មានអ្វីគួរឲ្យព្រួយបារម្ភ។ បើតាមអ្នកនាំពាក្យរូបនេះ ការដោះស្រាយបញ្ហាផ្លូវច្បាប់ចំពោះអ្នករំលោភបំពានច្បាប់មួយចំនួនតូចមិនបានបង្កឲ្យប៉ះពាល់បរិយាកាសនយោបាយ ឬភាពត្រឹមត្រូវ យុត្តិធម៌ និងសេរីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនោះទេ។
កន្លងមក ក៏មានដែរ សមាជិកសភាមកពីទូទាំងប្រទេសអាស៊ាន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស ឬ Human Rights Watch និងសង្គមស៊ីវិលមួយចំនួនទៀត បានចេញមុខសម្តែងការព្រួយបារម្ភអំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជា។ មជ្ឈដ្ឋានទាំងនេះក៏បានអំពាវនាវរដ្ឋាភិបាលកម្ពុជា ត្រូវធានាឲ្យបានពេញលេញនូវសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល ព្រមទាំងសេរីភាពនៃការបញ្ចេញមតិ នៅមុនការបោះឆ្នោតជាតិធ្វើឡើងក្នុងឆ្នាំ២០១៨។
ចំពោះបញ្ហានេះ កន្លងមក តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិក៏បានឆ្លើយតបទៅស្ថាប័នជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញថា កម្ពុជា មានភាពចាស់ទុំលើរឿងសិទ្ធិមនុស្សហើយ ដូច្នេះមិនចាំបាច់មកប្រដៅនោះទេ។ កម្ពុជាមិនស្ថិតនៅក្នុងដំណាក់កាលកុមារភាពទៀតទេ និងមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រឈមដោះស្រាយដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការប្រៀនប្រដៅគ្រប់បែបយ៉ាងនោះទេ។ នេះគឺជាការគូសបញ្ជាក់របស់តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា កាលពីចុងខែសីហា រដ្ឋាភិបាលកម្ពុជាបានបិទស្ថានីយ៍វិទ្យុមួយចំនួនដែលផ្សាយបន្ដពីវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុសំឡេងប្រជាធិបតេយ្យ និងវិទ្យុអាស៊ីសេរី។ រដ្ឋាភិបាលក៏ព្រមានបិទ កាសែតឌឹខេមបូឌា ដេលី នៅថ្ងៃទី ០៤ កញ្ញាខាងមុខ ប្រសិនបើកាសែតនេះមិនបង់ពន្ធជាង៦លានដុល្លារជូនរដ្ឋ។ លើសពីនេះទៀតសោត រដ្ឋាភិបាលក៏បានប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ដែលធ្វើការផ្ដោតលើការងារពង្រឹងលទ្ធិប្រជាធិបតយ្យនៅកម្ពុជា។ ការបិទអង្គការនេះ រដ្ឋាភិបាលបានបញ្ជាក់ថា គឺដោយសារវិទ្យាស្ថាននេះ បានធ្វើសកម្មភាព ខណៈមិនទាន់ទទួលបានសេចក្ដីសម្រេចលើពាក្យស្នើសុំចុះបញ្ជីពីក្រសួងការបរទេសកម្ពុជា និងមិនបានចុះបញ្ជីរដ្ឋបាលសារពើពន្ធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ