អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល​ពី លោក គឹម សុខ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ទារ​សំណង​ជំងឺ​ចិត្ត​ពី លោក គឹម សុខ ក្នុង​ទំហំ​ទឹក​ប្រាក់​៨០០លានរៀល ប្រហែល​២០​ម៉ឺន​ដុល្លារ ក្រោ​យ​ពី​លោក គឹម សុខ ចេញ​ពី​ពន្ធនាគារ ជិត​ពីរ​សប្ដាហ៍។ ជា​ការ​ឆ្លើយ​តប លោក គឹម សុ​ខ អះ​អា​ងថា ការ​កាត់​សេចក្ដី​របស់​តុលាការ​មក​លើ​រូប​លោក​ជា​រឿង​អយុត្តិធម៌​ណាស់​ទៅ​ហើយ​។ ដូច្នេះ​លោក​ពុំ​មាន​លទ្ធភាព​បង់​ជំងឺ​ចិត្ត​ទៅ​កាន់​លោកនាយករដ្ឋមន្ត្រី​ឡើយ។

រូបភាព៖ លោក ហ៊ុន សែន នៅថ្ងៃទី២៩សីហានេះ
រូបភាព៖ លោក ហ៊ុន សែន នៅថ្ងៃទី២៩សីហានេះ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ក្នុង​សំណុំ​រឿង​នេះ លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ដ្បិត​តែ​លោក គឹម សុខ អនុវត្តទោស​ចប់​សព្វ​គ្រប់ ​តែ​សំណង់​ជំងឺ​ចិត្ត​មិន​ផុត​រលត់​ឡើយ។ ដូច្នេះ​មេធាវី​គណបក្សប្រជាជន​កម្ពុជា ត្រូវ​បន្ត​ទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល​ពី លោក គឹម សុខ បើ​ពុំដូច្នោះ​អ្នក​វិភាគ​រូប​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​សារ​ជាថ្មី។ នេះ​បើ​តាមលោក ហ៊ុន សែន។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី សំណុំ​រឿង​សកម្មជន​ដីធ្លី អ្នក​ស្រី ទេព វន្នី លោក​ មាជ សុវណ្ណរ៉ា និង លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​នៃ​អតីបក្សប្រឆាំង​គឺ​សំណង​ជំងឺ​ចិត្ត និង​កម្រិត​នៃ​ទោស​បាន​ផុត​រលត់​ទៅ​ព្រម​គ្នា។ នេះ​ក៏​ព្រោះតែអ្នក​ទាំង​បី ទទួល​បាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើរ​លោ​ក​នាយករដ្ឋមន្ត្រី។

គួររំឮក​ឡើង​វិញ​បន្តិច​ថា លោក គឹម សុខ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពីបទ​ញុះ​ញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហាកេរ្តិ៍ ដោយ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​១៨​ខែ និង​ពិន័យ​ចូល​រដ្ឋ​ទឹក​ប្រាក់​៨​លាន​រៀល និង​ប្រាក់​សំណង​ទៅ​ដើម​បណ្តឹ​ង៨០០​លាន​រៀល​ទៀត។ ការ​ដោះលែង​លោក​គឹម សុខ នៅ​ពេល​នេះ គឺ​ដោយ​សារលោក​បាន​ទទួល​ទោស​រួច​រាល់​កំណត់​១៨​ខែ​នៅ​ក្នុង​ពន្ធនា​គារ។

ជា​ការ​កត់​សម្គាល់​ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក គឹម សុខ បាន​ធ្វើ​អធិប្បាយ​ថា កម្ពុជា​ជា​ប្រទេស«នីតិមាត់»ពោល​គឺ​ពុំមែន​ជា​នី​តិ​រដ្ឋឡើយ។​ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ លោក គឹម សុខ បន្ថែមថា នីតិមាត់​គឺ​សំដៅ​ច្បាប់​ស្ថិត​តែ​នៅ​លើ​មាត់​បុគ្គល​ម្នាក់ ។ ដែល​ចំណុច​នេះ លោក គឹម សុខ អះ​អាង​ថា ​លោក​ធ្លាប់​និយាយ​តាំង​តែ​មុន​ពី​លោក​ជាប់​ពន្ធនាគារ​ទៅ​ទៀត។ ជុំវិញ​ការទារ​ថ្លៃ​សំណង​ជំងឺ​ចិត្ត​ក្នុង​ទំហំ​ទឹក​ប្រាក់​៨០០​លាន​រៀល លោក គឹម សុខ ថា ប្រសិន​បើលោក​មាន​លុយ​ប៉ុន​ណេះ នៅ​ក្នុង​ដៃ​លោក​នឹង​ជួយ​អ្នក​ក្រ​លំបាក​និង​កុមារ​កំព្រា។ ដូច្នេះ​ពុំ​មាន​ហេតុផល​អ្វី​ដែល​លោក​ត្រូវ​ខំ​រក​លុយ​មក​សង​ជំងឺ​ចិត្ត​ក្នុង​សំណុំ​រឿង​មួយ​ដែល​​លោក​យល់​ថា ​ជា​ការ​កាត់​សេចក្ដី​ដោយ​អយុត្តិ​ធ​ម៌​នោះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ