អានតួអត្ថបទ
កម្ពុជា-ថៃ

ខ្មែរ​បដិសេធ​ព័ត៌មាន​ថា​មាន​ទាហាន​ថៃ​ចូល​មក​តំបន់​ប្រាសាទ​តាក្របី

ខណៈ​ដែល​មាន​ពលករ​ខ្មែរ​២​នាក់ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​ក្នុង​ព្រៃ កាល​ពី​ថ្ងៃ​ពុធ ពេល​កំពុង​ឆ្លង​ព្រំ​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ​នោះ នៅ​ថ្ងៃ​នេះ ​ទាហាន​កម្ពុជា​ក៏​បាន​ចេញ​មក​បញ្ចប់​ពាក្យ​ចចាម​អារ៉ាម ដែល​លេច​ឮ​ថា​មាន​ក្រុម​ទាហាន​ថៃ​ជា​ច្រើន​នាក់​បាន​ចូល​មក​ប្រាសាទ​តា​ក្របី ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដើម្បី​​ត្រួត​ពិនិត្យ​រួមគ្នា​លើ​ប្រាសាទ​បុរាណ​មួយ​នេះ​។

ប្រាសាទ​តាក្របី​ធ្លាប់ជា​ចំណុច​ក្តៅ ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ
ប្រាសាទ​តាក្របី​ធ្លាប់ជា​ចំណុច​ក្តៅ ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ©រក្សាសិទ្ទិ/RFI
ផ្សាយពាណិជ្ជកម្ម

មិន​មាន​ក្រុម​ទាហាន​ថៃ​មក​កាន់​កាប់​តំបន់​ប្រាសាទ​តា​ក្របី ដែល​គ្រប់​គ្រង​ដោយ​កម្ពុជា ដូច​ពាក្យ​ចចាម​អារ៉ាម​ទេ នៅ​ព្រឹក​មិញ​នេះ​។ កង​ទ័ព​កម្ពុជា​នៅ​តែ​រក្សា​ស្វ័យ​ការ​ពារ​ទឹក​ដី​របស់​ខ្លួន និង​ចង់​បាន​សន្តិ​ភាព​រវាង​កម្ពុជា​-​ថៃ​ដដែល តាម​គោល​ការណ៍​របស់​រដ្ឋាភិបាល​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ជា តារា អគ្គមេ​បញ្ជា​រង​កង​យោធពល​ខេម​រភូមិន្ទ​។

តាម​លោក ជា តារា កម្ពុជា​ចង់​ឲ្យ​ប្រទេស​ទាំង​២​ ដែល​ធ្លាប់​មាន​ជម្លោះ​ព្រំដែន បញ្ចប់​ការ​ឈ្លានពាន ដើម្បី​ឈាន​ទៅ​រក​សន្តិ​ភាព និង​ភាព​រីក​ចម្រើន​ទាំង​សង​ខាង​។ ការ​បដិសេធ​របស់​ទាហាន​ខ្មែរ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​​ ទាហាន​ថៃ​ជា​ច្រើន​នាក់​បាន​សុំ​ចូល​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​អាច​ត្រួត​ពិនិត្យ​តំបន់​នោះ​រួម​គ្នា ជា​មួយ​ទាហាន​ខ្មែរ​។​តែ​បំណង​របស់​ទាហាន​ថៃ​ត្រូវ​បាន​ភាគី​កម្ពុជា​បដិសេធ​។

ការ​លេចឮ​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ព័ត៌​មាន​ថា ​ពលករ​ខ្មែរ​២​នាក់ ត្រូវ​បាន​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់​សម្លាប់​ក្នុង​ព្រៃ និង​ម្នាក់​ទៀត​រង​របួស​​មួយ​គ្រាប់​ត្រង់​ភ្លៅ កាល​ពី​ថ្ងៃ​ពុធ ពេល​ដែល​ពួក​គេ​និង​បក្ស​ពួក​៥​នាក់​ផ្សេង​ទៀត លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​ប្រណីត​ក្នុង​ដី​ថៃ ។

ប្រភព​ពី​ទាហាន​ភូមិ​ភាគ​៤​ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា​ទាហាន​សឹករង​ស្រុក​ត្រពាំង​ប្រាសាទ​ជា​ច្រើន​នាក់ បាន​ប្រយុទ្ធ​គ្នា​ប្រមាណ​១៥​នាទី នៅ​ចំណុច​លេខ​២៣​៩៨ ក្នុង​ស្រុក​ឃុនហាង ខេត្ត​ស៊ី​សា​កេត ដែល​ឈម​នឹង​ស្រុក​ត្រពាំងប្រាសាទ។ ​ទាហាន​ខ្មែរ​បាញ់​កាំ​ភ្លើង​អាកា​​អស់​ ៤០០​គ្រាប់ និង​កំា​ភ្លើង ​M16 ចំនួន​១១គ្រាប់ ទៅ​លើ​ទាហាន​ឈុតខ្មៅ​ថៃ ដើម្បី​រំដោះ​ពលករ​ខ្មែរ​ដែល​នៅ​រស់​ឲ្យត្រឡប់​មក​កម្ពុជា​វិញ។ ​មិន​មាន​ព័ត៌មាន​ថា ​ទាហាន​ខ្មែរ​និង​ថៃ​មាន​រង​របួសឬ​ស្លាប់ ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ាវ​នោះ​ទេ​។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​ជា​ច្រើន ​សុំ​ឲ្យ​ថៃ​បញ្ឈប់​ការ​បាញ់​បោះ​សេរី​លើ​ជនស៊ីវិល​ខ្មែរ​ត​ទៀត ដោយ​ត្រូវ​អនុវត្ត​ច្បាប់ ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ទឹកដី​ថៃ។​ ភាគី​ថៃ​មិន​បាន​ឆ្លើយ​តប​តាម​កំណត់​ទូត​កម្ពុជា​នោះ​ឡើយ ថ្វី​បើ​កិច្ចសហប្រតិបត្តិ​ការ​ផ្នែក​ការ​ទូត​រវាង​ប្រទេស​ទាំង​២ មាន​លក្ខណៈ​ល្អ​ប្រសើ​រ ក្រោយ​ពី​អ្នកស្រី យីងឡាក់ ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្រ្តី​ថៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ