អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

រដ្ឋា​ភិ​បាល​ជំរុញ​ឲ្យ​កាត់​​បន្ថយ​​ប្រើ​​ថង់​​ផ្លាស្ទិក​តាម​រយៈ​អនុ​ក្រឹត្យ​ថ្មី

រដ្ឋា​ភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី១០​ ខែ​តុលា ថ្មីៗនេះ បាន​ចេញ​អនុ​ក្រឹត្យ​ស្តីពី​ការ​គ្រប់​គ្រង​ថង់​​ផ្លាស្ទិក​​ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​តាម​ការ​សិក្សា កម្ពុជា​ត្រូវ​ចំណាយ​លុយ​ជាង​៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ទៅ​លើ​ការ​សំអាត​​ថង់​​ផ្លាស្ទិក​​តែ​ក្នុង​​ខេត្ត​ក្រុង​ធំៗ​ចំនួន​៣​ប៉ុណ្ណោះ។

កាក​​សំ​ណល់​​សំរាម​ថង់ផ្លា​ស្ទិក​តាម​ដង​ផ្លូវ
កាក​​សំ​ណល់​​សំរាម​ថង់ផ្លា​ស្ទិក​តាម​ដង​ផ្លូវ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ អ៊ឹង ប៊ុនថន

អនុក្រឹត្យ​ដែល​ចេញ​ដោយ​​ក្រសួង​បរិស្ថាន​នេះមាន​គោល​ដៅ​សំខាន់ៗ​ដូច​ជា​កំណត់​តួនាទី​និង ការ​ទទួល​ខុស​ត្រូវ​របស់ ស្ថាប័ន​ជំនាញ លើ​ការ​នាំ​ចូល ការ​ផលិត ការ​ចែក​ចាយ ការ​ប្រើ​ប្រាស់​ និង​ការ​កែ​ច្នៃ​សំណល់​ថង់​ប្លាស្ទិក​។ ជា​មួយ​គ្នា​នោះ អនុក្រឹត្យ​ដ​ដែល​ក៏​កំណត់​ពី​ការ​គិត​កម្រៃបន្ថែម​​លើ​ការ​ប្រើ​ប្រាស់​ថង់​ផ្លា​ស្ទិក​របស់​អតិថិ​ជន និង​អប់រំ​ឲ្យ​ប្រជា​ពលរដ្ឋ​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ថង់ផ្លាស្ទិក ព្រម​ទាំង លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​កែច្នៃ​សំណល់​ថង់ផ្លាស្ទិក​នៅក្នុង​​ស្រុក និ​ង​ការ​ផលិត​សម្ភារផ្លាស្ទិក​ដែល​ងាយ​ពុក​ផុយ​។

អគ្គ​នាយក​​នៃ​​អគ្គនាយក​ដ្ឋាន​​គាំពារ​​បរិស្ថាន​​នៃ​​ក្រសួង​​បរិស្ថាន លោក ហេង ណារ៉េត មាន​ប្រសាសន៍​​ថា អនុ​ក្រឹត្យ​នេះ​គឺ​មាន​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់​​ស្លឹក​​រុក្ខ​ជាតិ​​ដូចជា​​​ស្លឹ​ក​ឈូក និង​​ស្លឹក​ចេក មក​វេច​ខ្ចប់​​ចំណី​អាហារ​ឬទំនិញ​ជំនួស​ឲ្យការ​ប្រើ​​ប្រាស់​​ថង់​​ផ្លា​ស្ទិក​។​​លោក​ថា​​បើ​ពលរដ្ឋ​កាត់​​បន្ថយ​​ប្រើ​​ថង់​ផ្លាស្ទិក​បាន​នោះ វា​មិន​ត្រឹម​​តែ​​កាត់​​បន្ថយ​​ផល​​ប៉ះ​ពាល់​ដល់​​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជួយ​​លើក​​ស្ទួយ​​សេដ្ឋកិច្ច​ដល់​កសិករ​។

បើ​តាម​អគ្គនាយក​បរិស្ថាន​រូបនេះ ការ​​ប្រើ​ប្រាស់​​ថង់​​ផ្លាស្ទិក​​មិន​បាន​ថយ​ចុះនោះ​ទេ ដោយ​សារ​​វា​មាន​ភាព​ងាយ​ស្រួល និង​ចាំបាច់​​លើ​​ការ​​វេច​​ខ្ចប់​​ទំនិញ​មួយ​ចំនួន​។

តាម​ការ​​សិក្សា​​របស់​​អង្គការ​​មូល​និធិ​​អករា (ACRA Foundation) បង្ហាញ​ថា នៅ​ឆ្នាំ​២០១៦ ​កាក​សំណល់ និង​​សំរាម​​ដែល​​ប្រមូល​​បាន​​ជា​​រៀង​​រាល់​​ឆ្នាំ​​នៅ​​តាម​​ផ្លូវ​​ក្នុង​​ក្រុង​ គឺ​មា​ន ៣០០​​តោន​​នៅ​ខេត្ត​​សៀមរាប ចំនួន ៣៧០​​តោន​​ក្នុង​​ខេត្ត​​ព្រះសីហនុ និង ១៧.៨០០​​តោន​​នៅ​​ភ្នំពេញ ។

ការ​​សិក្សា​នេះក៏​ឲ្យដឹងថា កម្ពុជា ត្រូវ​​ចំណាយ​​លុយ​​ប្រចាំ​​ឆ្នាំ​ជាង​៥ម៉ឺន​ដុល្លារ ​លើ​​សម្ភារៈ​សម្អាត​ថង់​ផ្លា​ស្ទិក​​ក្នុងនោះ ៤.៥០០​​ដុល្លារ​​ក្នុង​​ខេត្ត​​ព្រះសីហនុ ១៥.០០០​​ដុល្លារ នៅ​​ខេត្ត​សៀម​រាប និង​៣១.០០០​​ដុល្លារ​នៅភ្នំពេញ។​ការ​​សិក្សា​​លើ​​ប្រជា​ព​លរដ្ឋ​​ជាង ២០០​​នាក់ បញ្ជាក់​​ថា ពួកគេ​​ត្រូវ​​បាត់​បង់​​ចំណូល​​ជា​​មធ្យម ១០៣​​ដុល្លារ​​ក្នុង​​មួយ​​ខែ​​ដោយសារ​​ស្ទះ​​លូ ដែលជា​មូលហេតុ​ពីថង់​ផ្លាស្ទិក​។

មាត្រា​​៤៨ នៃ​​អនុក្រឹត្យ​​ស្ដីពី​​ការ​​គ្រប់​គ្រង​​សំរាម និង​សំណល់​​រឹង​​ទី​ប្រជុំ​ជន ចែង​​ថា បុគ្គល​​ដែល​ធ្វើ​​ការ​​ទុក​​ដាក់ វេច​ខ្ចប់ ឬ​ប្រមូល និង​​ដឹក​​ជញ្ជូន​​សំរាម សំណល់​​រឹង​​ទីប្រ​ជុំជន លាយឡំ​​ជាមួយ​សំណល់​​រឹង​​ឧស្សាហកម្ម សំណល់​​វេជ្ជសាស្ត្រ ឬ​សំណល់​​គ្រោះថ្នាក់ ត្រូវ​​ទទួល​​ពិន័យ​​អន្តរការណ៍​​ជា​ប្រាក់​​ចំនួន ៥​​សែន​​រៀល​​សម្រាប់​​អាជីវ​កម្ម​​សិប្បកម្ម មន្ទីរពេទ្យ និង​សម្ភព។​ហើយត្រូវ​ពិន័យ ៨​​សែន​​រៀល​​សម្រាប់​​រោងចក្រ សហគ្រាស ក្រុមហ៊ុន និង ១​​លាន​​រៀល​​សម្រាប់​​ក្រុមហ៊ុន​​សេវា​​ប្រមូល និង​​ដឹក​​ជញ្ជូន​​សំរាម​​សំណល់​​រឹង​​ទី​ប្រជុំ​ជន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ