អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងមនុស្សស្និទ្ធចំនួន៧រូបទៀត

យ៉ាង​ហោច​ណាស់​ក្រុម​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៨​នាក់ រួម​ទាំង​លោក សម រង្ស៊ី ផង ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ដូច​ៗ​គ្នា​។​ ចំណាត់​ការ​របស់​តុលា​ការ​បែប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ លោក សម រង្ស៊ី ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ដើម្បី​ពិនិត្យ​លើ​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន និង​រៀប​ចំ​ផែន​ការ​សកម្ម​ភាព​បន្ត​។

មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន
មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន @Sam Raingsy
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ដី​កា​ចំនួន​៨​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃទី​១២​ខែ​មីនា​ឆ្នាំ​២០១៩​ ដែល​ទើប​ធ្លាក់​ដល់​ដៃអ្នក​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​អាទិត្យ​នេះ ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក កូយ សៅ បាន​បង្គាប់ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក តុ វ៉ាន់ច័ន្ទ លោក ឡុង រី និង​លោក ម៉ែន សុថាវរិន្ទ្រ។​ អ្នកទាំង​នេះគឺ​សុទ្ធ​តែ​ជា​អតីត​តំណាង​រាស្ត្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ហើយ​ពួកគេ​កំពុង​នៅ​ក្រៅ​ប្រទេស​។​

មន្រ្តី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​ទាំង​៨​រូប ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ដូចៗ​គ្នា គឺ​រួម​គំនិត​ក្បត់ និងញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​នៅ​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត។​

ទាំង លោក អេង ឆៃអ៊ាង និង​ឡុង រី ជាដើម បាន​ចាត់​ទុក ចំណាត់​ការ​របស់​តុលា​ការ​កម្ពុជា​មក​លើ​ពួកគេ​ថា​ជា«កាដូ មុន​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ ដែល​តុលា​ការ​របស់​លោក ហ៊ុន សែន ផ្តល់​ឲ្យ​ពួកគេ​»។

ជា​ការ​កត់​សំគាល់ ចំ​ណាត់​ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​សហរដ្ឋអាមេរិក ​នៅ​យប់​ថ្ងៃទី១៦ មីនា ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ម៉ោងនៅ​កម្ពុជា​។​ ជា​កិច្ច​ប្រជុំ​ដែល​អតីត​បក្សប្រឆាំង​នេះ​អះអាង​ថា ដើម្បី​ពិនិត្យ​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង​រៀបចំ​ផែនការ​សកម្មភាព​បន្ត។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​ សម រង្ស៊ី តាងនាម​ជា​ប្រធាន​ស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា អតីត​បក្ស​ប្រឆាំង​មិន​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រទេស​កម្ពុជា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ