អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជីវិត​លោក កឹម សុខា រង​កម្ម​ដោយ​សារ​ការ​គម្រាម​កំហែង ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក​

លោក កឹម សុខា ទើប​ត្រូវបាន​​ចាប់​ខ្លួនកាល​ពីយប់​មិញ​ ​នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ​​ ក្រោម​បទចោ​ទ អំពើក្បត់ជាតិ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌរបស់​កម្ពុជា។ ជាការ​កត់​សម្គាល់​នេះ​មិន​មែន​ជាលើក​ទីមួយ​ទេ​ លោក ប្រ​ធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ត្រូវបាន​ចោទប្រកាន់ និង​ចាប់​ខ្លួនពីសំណាក់​រដ្ឋាភិបាល​កម្ពុជា។ បន្ដ​ទៅនេះ យ៉ា រសាត់ សូម​សង្ខេប​ប្រវត្តិ​នៃ​ការចាប់​ខ្លួន​របស់​លោក កឹម សុខា។

លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សមាជ​វិសាមញ្ញ​លើក​ទី ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សមាជ​វិសាមញ្ញ​លើក​ទី ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ។ @Kem Sokha fb
ផ្សាយពាណិជ្ជកម្ម

ក្នុងដំណើរ​ជីវិត​នយោបាយ លោក កឹ​ម សុខា បាន​ជួប​តែ​ភាព​រងកម្មតាម​រយៈ​​ការ​គំរាមកំហែង ការចោទប្រកាន់ និងការ​ចាប់​វាយ​ខ្នោះ​បញ្ចូលគុក ពីសំណាក់អាជ្ញាធរ​កម្ពុជា ទាក់​ទង​នឹង​បទ​ចោទផ្សេងៗគ្នា។ ​

ឆ្នាំមុន លោក កឹម​ សុខា ត្រូវបង្ខំចិត្ត​បង្ខាំងខ្លួនឯងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់ជាច្រើនខែ ដោយសារតែសំណុំរឿង​ស្នេហាលួច​លាក់ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ រឿងរ៉ាវនេះ​បានបែកធ្លាយតាមរយៈ​ហ្វែសប៊ុគ​​កាលពីដើម​ឆ្នាំ២០១៦។​ ប៉ុន្ដែ​រឿង​នេះ មិន​មែន​ធ្ងន់ធ្ងរនោះឡើយ។

រឿងដែលធ្ងន់ធ្ងរនោះ គឺរឿងដែលលោក កឹម​ សុខា បដិសេធ មិន​ព្រម​ចូល​បំភ្លឺ​តាម​ការ​កោះហៅរបស់តុលាការ​ក្រុងភ្នំពេញ​ចំនួនពីរលើកក្នុងនាម​ជាសាក្សី​ ទាក់​ទង​នឹង​សំណុំ​រឿង​​ស្នេហានោះ​។ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទថា ការប្រព្រឹត្ត​របស់លោក កឹម សុខា ដែល​មិនបាន​ចូលខ្លួន​មក​ឆ្លើយបំភ្លឺទាំង​ពីរលើក​នេះគឺជា​បទ​ល្មើស​​តាម​មាត្រា ៥៣៨​នៃ​ក្រមព្រហ្មទណ្ឌ ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅទីបំផុត​តុលាការបាន​សម្រេច​​​ដាក់ពន្ធនាគារ​ចំនួន ៥ ខែ និង​ពិន័យជាប្រាក់​ចំនួន​ ៨ សែន​រៀល ពីបទបដិសេធ​ក្នុងការ​ចូលខ្លួន ប៉ុន្ដ​លោក កឹម សុខា មិន​បាន​អនុវត្ត​ទោស​នោះឡើយ ដោយ​លោក​សំងំលាក់​ខ្លួន​នៅក្នុងស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​អស់​ជា​ច្រើនខែ។ លោក​ កឹម សុខា ត្រូវបាន​ប៉ូលិសប៉ុនប៉​ង​ចាប់ខ្លួន​នៅស្នាក់​ការគណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្ដែសកម្មភាពនេះត្រូវបានបញ្ឈប់ ដោយសារសកម្មជន​គណ​បក្ស​ប្រឆាំង​រាប់រយនាក់​នាំគ្នាទៅ​ដេកយាមនៅក្នុងស្នាក់ការនោះ ទាំងថ្ងៃទាំងយប់។

នៅទីបំផុត​ កាលពីដើម​ខែ ធ្នូ ឆ្នាំ ២០១៦ លោក កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស។

រឿងមួយ​ផ្សេងទៀត​ កាល​ពីអំឡុងឆ្នាំ ២០១៣ ក្នុង​ខ្សែអាត់សម្លេង​មួយដែលគេចោទថា ជាសម្លេងរបស់លោក កឹម សុខា បាន​និយាយថា “ទួលស្លែង ជាគុកសប្បនិម្មិត”។ ភ្លាមៗទាំងជនរងគ្រោះរួចផុតជីវិតពីគុកទួលស្លែង និងពលរដ្ឋកម្ពុជាដែល​រងគ្រោះ​ក្នុង​របប​​ខ្មែរក្រហម ជាច្រើន បាន​ទាមទាឲ្យលោក កឹម សុខា ​សុំទោស​ជន​រងគ្រោះ ក្នុង​របបខ្មែរក្រហម។ ប៉ុន្ដែ​លោក កឹម សុខា មិន​បាន​សុំទោសឡើយ ដោយ​លោក ថា លោក​​មិនបាន​និយាយដូចការចោទនោះទេ។

នៅទីបំផុត មហាបាតុកម្ម​ត្រូវបានធ្វើ​ឡើង​ទាំង​នៅក្នុងក្រុងភ្នំពេញ និងនៅតាមបណ្ដា​ខេត្តនានា។ ដោយ​សារ​តែសម្លេង​លោក កឹម សុខា ទាក់​ទង​នឹ​ងការ​មិន​ទទួលស្គាល់ គុកទួលស្លែង នោះ​ នៅ​ក្នុងឆ្នាំ២០១៣ ដដែល​ រដ្ឋសភា បាន​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អ្នក​មិន​ទទួល​ស្គាល់​របប​​ខ្មែរក្រហម។

ច្បាប់នោះមានឈ្មោះ​ថា ការប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ ដែល​ប្រព្រឹត្តឡើង ក្នុងរយៈ​កាល​នៃកម្ពុជាប្រ​ជាធិបតេយ្យ។ បើតាម​ច្បាប់នេះ អ្នកដែលមិន​ទទួលស្គាល់​របប​ខ្មែរក្រហម ដែល​មាន​ការ​សម្លាប់​មនុស្ស​ពី ៦ ខែ ដល់​ ២ ឆ្នាំ និង​ពិន័យ​ជាប្រាក់ ពី​​១ លានរៀល ដល់​ ៤ លានរៀល។

កាលពីចុងឆ្នាំ ២០០៥ វិញ កាលនោះ​លោក កឹម សុខា ក្នុងនាម​ជាប្រ​ធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា បាន​ជាប់ពន្ធនាគារ​ បន្ទាប់​ពី​លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ចោទ​ប្រកាន់​លោក ពីបទបរិហារកេរ្ដិ៍​ ។ ការ​ចោទប្រកាន់​របស់​លោកនាយករដ្ឋមន្ដ្រី គឺទាក់ទិន​នឹង​បដាមួយ​លើក​នៅ​ពីក្រោយ​លោក កឹម សុខា ក្នុងពិធីជួបប្រជុំរបស់មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែលបដានោះបាន​​ចោទប្រកាន់​ថា លោក ហ៊ុន សែន បាន​លក់​ទឹកដីឲ្យវៀតណាម។

កាល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៥ វេលា​ម៉ោង​១៣ និង​៣០​នាទី លោក កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ពីបទ​បរិហារកេរ្ដិ៍ និង​ជេរ​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​។ លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០០៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ