អានតួអត្ថបទ
កម្ពុជា

គណបក្ស​ជាប់​ឆ្នោត​ទាំង​២​កំណត់​ចូល​តុចរចា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ

ទី​បំផុត​​ទៅ​​គណបក្ស​​ប្រជាជន​​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​គ្នា​ចូល​តុ​ចរចា​ជា​ថ្មី​ម្តង​ទៀត​ហើយ។ ការជួប​គ្នា​ជា​ថ្មី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី១៨កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ​នេះ​នៅ​ឯ​មន្ទីរ​ព្រឹទ្ធ​សភា។ ថ្វី​ដ្បិត​តែ​គណបក្ស​ទាំងពីរ​នៅ​មាន​របៀប​វារៈ​ខុស​គ្នា​ខ្លះ​ក៏ដោយ ក៏​ប្រធាន​បទ​​ដែល​​សំខាន់​​ត្រូវ​​ជជែក​​គ្នា​​នៅ​​ពេល​​នេះ​​គឺ​​កំណែ​​ទម្រង់​​ការ​​បោះ​​ឆ្នោត។

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីឆ្លើយឆ្លងគ្នាតាមរយៈ សារព័ត៌មាននិងតាមរយៈសេចក្តីថ្លែងការណ៍ជាច្រើនលើកមក គណបក្សប្រជាជនកម្ពុជាបានសម្រេចនៅថ្ងៃសៅរ៍ទី១៥កុម្ភៈនេះដោយកំណត់យកថ្ងៃចន្ទទី១៨កុម្ភៈធ្វើជាថ្ងៃណាត់ជួបគ្នាជាមួយគណបក្សសង្គ្រោះជាតិ។ ជំនួបនេះនឹងធ្វើឡើងនៅឯមន្ទីរព្រឹទ្ធសភា។

ក្រោយ​ពី​សេចក្តី​ជូន​ដំណឹង​នេះ​ភ្លាម​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​ស្វាគមន៍​ជំនួប​នេះ​ដែរ។ លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​ចរចា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ជំទាស់​នឹង​កាល​បរិច្ឆេទ​និង​ទីតាំង​ជំនួប​នេះ​ទេ។

គួរ​កត់​សម្គាល់​ថា​ជំនួប​ចរចា​ជា​ថ្មី​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​កែ​ទម្រង់​បោះ​ឆ្នោត​តែ​ម្នាក់​ឯង​ដោយ​គ្មាន​សមាសភាព​ផ្សេង​ចូល​រួម។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​បញ្ហា​នេះ។ ក្រោយ​មក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​គណបក្ស​ប្រឆាំង​និង​ស្នើ​ឲ្យ​គណបក្ស​នេះ​ចាត់​តំណាង​មក​ចូល​រួម។

ឆ្លើយ​តប​នឹង​សំណើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ចាត់​តំណាង​៣រូប​ដើម្បី​ត្រៀម​ជួប​ចរចា​ជា​មួយ​ដៃ​គូ។ សមាសភាព​ទាំងបី​នោះ​មាន​លោក សុន ឆ័យ លោក កួយ ប៊ុនរឿន និង​លោក យ៉ែម ប៉ុញ្ញាឫទ្ធិ។ ក្រោយ​ពី​កំណត់​សមាសភាព​រួច​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​រង់​ចាំ​ការកំណត់​ពេល​វេលា​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្ស​កាន់​អំណាច​ក៏​បាន​សម្រេច​យក​ថ្ងៃ​ទី ១៨ កុម្ភៈជា​ថ្ងៃ​ជួប​ចរចា។ គណបក្ស​នេះ ក៏​មាន​សមាសភាព​បី​នាក់​ដែរ​គឺ លោក ព្រំ សុខា លោក សក់ សេដ្ឋា និង លោក កើត រិទ្ធ។

ទាក់ទងនឹងរបៀបវារៈនៃកិច្ចពិភាក្សាលើកនេះគណបក្ស​ទាំងពីរ​ហាក់​នៅ​មិន​ទាន់​បញ្ជាក់​ពី​ការឯកភាព​គ្នា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។ តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​ កាលពី​ថ្ងៃ​ទី ១៤កុម្ភៈ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា នឹង​ជជែក​អំពី​ការផ្លាស់​ប្តូរ​សមាសភាព គ.ជ.ប និង​ការបោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ជាដើម។

ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាអះអាងថា ចាំ​ដល់​ពេល​អង្គុយ​ទល់​មុខ​គ្នា​សិន​ទើប​ជជែក​គ្នា​អំពី​របៀប​វារៈ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំងពីរ​ហាក់ដូច​ជា​បន្ទន់​ឥរិយាបថ​ដាក់​គ្នា​បន្តិច​រយៈពេល​ចុង​ក្រោយ​នេះ​ដោយ​មិន​បង្ហាញ​ជំហរ​ដាច់​ណាត់​ទាក់ទង​នឹង​របៀប​វារៈ​ដែល​ត្រូវ​ជជែក​គ្នា​ដូច​កាល​ពី​មុន​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ