អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទំព័រ​នយោបាយ​«​ឈាម និង​ទឹក​ភ្នែក​» គួរ​ត្រូវ​បាន​បញ្ចប់​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា ដែល​បណ្តាល​ឲ្យ​មនុស្ស ៤​ស្លាប់ ៣៩​នាក់​របួស និង​២៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន​មក​នោះ ស្ថានភាព​ហាក់​ស្ងប់ស្ងាត់​មួយរយៈ ប៉ុន្តែ វិបត្តិ​នយោបាយ​នៅ​តែ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។ ចាប់តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨​កក្កដា ឆ្នាំ ២០១៣ មក យ៉ាង​ហោចណាស់​មាន​មនុស្ស ៦​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​របួស និង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ដោយសារ​ការ​ប្រឈមមុខ​ដាក់គ្នា​ដ៏​តានតឹង​ក្នុង​ជម្លោះ​នយោបាយ។ ដូច្នេះ ដល់​ពេល​ហើយ ដែល​កម្ពុជា​ត្រូវ​បើក​ទំព័រ​នយោបាយ​ថ្មី ដោយ​ចំណាយ​ត្រឹម​កម្លាំង​កាយ និង​បញ្ញា​ស្មារតី ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ជំនួស​ឲ្យ​«​ឈាម និង​ទឹកភ្នែក​»។

ការ​បង្ក្រាប​ក្រុម​បាតុករ ដោយ​អាជ្ញាធរ​ប៉ូលីស កាលពី​ពេល​ថ្ងៃអង្គារ ទី១២វិច្ឆិកា ២០១៣
ការ​បង្ក្រាប​ក្រុម​បាតុករ ដោយ​អាជ្ញាធរ​ប៉ូលីស កាលពី​ពេល​ថ្ងៃអង្គារ ទី១២វិច្ឆិកា ២០១៣ @Facebook
ផ្សាយពាណិជ្ជកម្ម

ដោយ​មិនចាំបាច់​និយាយ​ដល់​អតីតកាល​ដ៏​ខ្មៅ​ងងឹត គិត​ត្រឹម​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ មាន​ព្រឹត្តិការណ៍​ជាច្រើន​ណាស់​ដែល​បញ្ជាក់ថា កម្ពុជា​នៅតែ​ស្ថិតក្នុង​ទំព័រ​នយោបាយ«ឈាម​និង​ទឹកភ្នែក»នៅឡើយ។ ជាក់ស្តែង ព្រឹត្តិការណ៍៥-៦កក្កដា ឆ្នាំ ១៩៩៧, ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៨ និង​ជម្លោះ​ជា​បន្ត​បន្ទាប់មកទៀតរ​ហូត​មកដល់​បច្ចុប្បន្ន តើ​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បាន​ស្លាប់ របួស និង​ត្រូវគេ​ចាប់ខ្លួន​នោះ?  សំណួរ​នេះ​គឺជា​ជំនួយស្មារតី​ដ៏​សំខាន់​សម្រាប់​ស្វែងយល់​អំពី​របៀប​ធ្វើ​នយោបាយ​នៅ​កម្ពុជា។

ម្ភៃ​ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ​បាន​កន្លងផុតទៅ ប្រទេសជាតិ​បាន​ស្គាល់​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ របៀប​ធ្វើ​នយោបាយ​ដោយ​ចំណាយ​ជីវិត ចំណាយ​ឈាម​និង​ទឹកភ្នែក​នៅតែ​មិនទាន់​ចប់​នៅឡើយ។ អ្នកខ្លះ​ស្លាប់​ខ្លួន អ្នកខ្លះ​រងរបួស អ្នកខ្លះ​ត្រូវគេ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ឬ​អ្នក​ខ្លះទៀត​ធ្លាក់ខ្លួន​ក្រ​ដោយសារតែ​នយោបាយ...។ រីឯ​អ្នកនយោបាយ​វិញ ទីបំផុត ក៏​ចាប់ដៃគ្នា​រលាក់ ញញឹម​ដាក់គ្នា និង​ធ្វើការ​ជាមួយគ្នា​ដដែល។

តាមពិត វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នកនយោបាយ​ឈ្លោះ​គ្នា រួចហើយ​ចាប់ដៃគ្នា និង​អង្គុយ​ធ្វើការ​ជាមួយគ្នា​ធ្វើ​ព្រងើយ​នោះ​ពី​ព្រោះនេះ​ជា​ចរិត​របស់​អ្នកនយោបាយ។ ហេតុនេះហើយ​បានជា​គេ​ប្រដូច​អ្នកនយោបាយ​ទៅនឹង«សិល្បករ» ឬ​គេ​ហៅថា«សិល្បករ​នយោបាយ» ដោយសារតែ​ពួកគេ​ចេះ​សម្តែង និង​ពូកែ​សម្តែង​ដែល​អាចធ្វើ​ឲ្យ​មហាជន​យំ​ឬ​សើច​ទៅតាម​ចិត្ត​ចង់។ ដូច្នេះ គេ​មិនគួរ​ស្តីបន្ទោស​អ្នកនយោបាយ​អំពី​ភាពបត់បែន​ទៅតាម​សភាពការណ៍​នោះទេ។

ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ស្តីបន្ទោស​នោះ​គឺ​អ្នកនយោបាយ​ហាក់ដូចជា​មិន​ព្រម​រៀនសូត្រ​និង​ដក​បទពិសោធន៍​ពី​អតីតកាល​របស់ខ្លួន​សោះ។ នៅក្នុង​បណ្តា​ប្រទេស​ជឿនលឿន គេ​ធ្វើ​នយោបាយ ដោយ​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​របស់គេ​បាត់បង់​ជីវិត​ឬ​ត្រូវ​បង្ហូរឈាម​និង​ទឹកភ្នែក​ឡើយ។ ផ្ទុយទៅវិញ​អ្នកនយោបាយ​ខ្លួនឯង​ត្រូវ​ហ៊ាន​លះបង់​ដើម្បី​ប្រយោជន៍​ជាតិ​និង​ប្រជាជន។ ពួកគេ​ប្រើប្រាស់​គំនិត​និង​គោលនយោបាយ​ដើម្បី​ស្វែងរក​ការគាំទ្រ។ ប្រសិនបើ​មាន​កំហុសឆ្គង​អ្វីមួយ គេ​សុខចិត្ត​លះបង់​តំណែង​នយោបាយ​ភ្លាម។

ប៉ុន្តែ នៅ​កម្ពុជា តំណែង​នយោបាយ​ច្រើនតែ​ត្រូវគេ​ចាត់ទុកជា​អាជីព​អស់​មួយជីវិត។ អ្នកនយោបាយ​នៅតែ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន ទោះជា​ត្រូវធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ក៏ដោយ។ ជាក់ស្តែង អ្នកស្លាប់ អ្នករបួស និង​អ្នក​ដែល​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​ដូច​បានលើកឡើង​ខាងដើម​គឺជា​ឧទាហរណ៍​ស្រាប់។ នេះ​នៅ​មិនទាន់​រាប់​ការខាតបង់​ខាង​សេដ្ឋកិច្ចផ្សេងៗទៀត​ដែល​កើតចេញពី​ជម្លោះ​នយោបាយ​ផង​នៅឡើយ​ទេ។

ជាការ​ពិតណាស់ មាន​ភ្លើង​ទើប​មាន​ផ្សែង នេះ​ជា​ក្រឹត្យក្រម​ធម្មជាតិ។ យ៉ាងណាមិញ ទាល់​តែមាន​បញ្ហា​ទើប​មាន​បា​បាតុកម្ម។ ដូច្នេះ គេ​មិនអាច​ស្តីបន្ទោស​អ្នកធ្វើ​បាតុកម្ម​បាន​ទេពី​ព្រោះ​ម្យ៉ាង​នេះ​ជា​សិទ្ធិសេរីភាព​ក្នុងសង្គម​ប្រជាធិបតេយ្យ និង​ម្យ៉ាងទៀត ការការពារ​ផលប្រយោជន៍​សមស្របរ​បស់​ខ្លួន​មិនមែនជា​កំហុស​ទេ។ អ្នក​ដែល​គួរ​ឲ្យ​ស្តីបន្ទោស​នោះ​គឺ​អ្នកនយោបាយ​ឯណោះ​ទៅវិញ​ទេ។ ប្រសិនបើ​អ្នកនយោបាយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ឲ្យ​បាន​ជាមុន បាតុកម្ម​ក៏​មិនកើត​មាន​ដែរ។ បើ​គ្មាន​បាតុកម្ម ក៏​គ្មាន​អ្នកស្លាប់ អ្នករបួស និង​អ្នករងគ្រោះ​ផ្សេង​ទៀតឡើយ។

ម្យ៉ាងទៀត ទោះ​ជាមាន​បាតុកម្ម​ក៏ដោយ ក៏​អំពើហិង្សា​ទំនងជា​មិន​ងាយ​កើតឡើង​ដែរ​ប្រសិនបើ​បាតុកម្ម​នោះ​មិនត្រូវ​បាន​ដុត​បន្ថែម​ដោយ​កម្តៅ​នយោបាយ​ទេនោះ​ពីព្រោះ​ទាំង​អ្នកធ្វើ​បាតុកម្ម ទាំង​សមត្ថកិច្ច​សុទ្ធតែជា​ខ្មែរ​ដូចគ្នា និង​មាន​សិទ្ធិ​និង​តួនាទីរៀងៗខ្លួន​ដែល​ត្រូវ​អនុវត្តន៍។ និយាយ​ឲ្យ​ចំ បើ​គ្មាន​ល្បិចកល​នយោបាយ​បង្កប់​នៅក្នុង​នោះទេ អំពើហិង្សា​បង្ហូរឈាម​កាលពី​ដើមខែ​មករា​ក៏​មិនអាច​កើតមាន​ដែរ ហើយ​បើ​គ្មាន​ប្រយោជន៍​នយោបាយ​ទេ អ្នកប្រព្រឹត្ត​ល្មើស​ក៏​មិនអាច​ចៀស​ផុតពី​សំណាញ់​ច្បាប់​បានដែរ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា នៅ​កម្ពុជា បញ្ហានយោបាយ​នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រឺ​ខ្លាច​នៅឡើយ។

សរុប​មកវិញ ទំព័រ​នយោបាយ«ឈាម​និង​ទឹកភ្នែក»គួរតែ​ត្រូវ​បញ្ចប់​ហើយ​នៅក្នុង​យុគសម័យ​ទំនើប​នេះ​ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្អែតឆ្អន់​នឹង​វិនាសកម្ម​នយោបាយ​ជាច្រើន​ទសវត្សរ៍​មកនេះ​គួរ​ដល់​ពេលដែល​ស្គាល់​ភាពសុខដុមរមនា​ចៀស​ផុតពី​ការ​បង្ហូរឈាម​និង​ទឹកភ្នែក​តទៅទៀត​ហើយ។ អំណឹះតទៅ អ្នកនយោបាយ​គួរ​នាំគ្នា​បើក​ទំព័រ​ថ្មី គឺ​ទំព័រ​នយោបាយ​ដែល​ប្រើ​គំនិត​និង​បញ្ញា​ជា​អាវុធ តែ​មិនត្រូវ​បណ្តោយ​ឲ្យ«ឈាម​និង​ទឹកភ្នែក»របស់​ពលរដ្ឋ​បន្ត​ស្រក់​ដោយសារ​បុព្វហេតុ​នយោបាយ​តទៅទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ