អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​ខ្មែរ​អាមេរិក ​ស្នើ​សភា​អាមេរិក​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​លើ​រដ្ឋាភិបាល​កម្ពុជា​

នៅ​ថ្ងៃទី១០ ​ខែ​មិថុនា ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ធ្វើ​បាតុកម្ម​នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ឲ្យ​​រដ្ឋសភា​អាមេរិក ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​លោក ​ហ៊ុន ​សែន ​បើ​មិន​ដោះ​លែង​អ្នក​ទោស​នយោបាយ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។ ការ​ធ្វើ​បាតុកម្ម​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ស្ថិត​ក្នុង​ភាព​អាក្រក់​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​។​​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម ​ទាមទារ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌ​កម្មកម្ពុជា​
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កំពុង​ធ្វើ​បាតុកម្ម ​ទាមទារ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌ​កម្មកម្ពុជា​ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី​១០​ ខែ​មិថុនា ​ពល​រដ្ឋ​ខ្មែរ​​អាមេរិកាំង​ជា​ច្រើន​រយ​អ្នក​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​ ដូច​ជា​សហគមន៍​ខ្មែរ​នៅ ​រដ្ឋ​កាលីហ្វូនា​ រដ្ឋវ៉ា​ស៊ីង​តុន​ រដ្ឋ​ម៉ាស្សា​ជូសេត្ត​ និង​នៅ​វ៉ា​ស៊ីង​តុន​ឌីស៊ី។​ ជា​បាតុ​កម្ម​ ដែល​រៀប​ចំ​ដោយ​សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង​សហការ​ជា​មួយ​នឹង​សហគមន៍​ខ្មែរ​ទូទាំង​ពិភព​លោក ​ដែល​មាន​ដូច​ជា​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ​បារាំង ​និង​ប្រទេស​កាណាដា​។ ​នេះ​បើ​តាម​លោក​ ទូច ​វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​-អាមេរិ​កាំង ​ដែល​បាន​ថ្លែង​ពី​ទឹក​ដី​សហរដ្ឋ​អាមេរិក​ប្រាប់​វិទ្យុ​បារាំងនៅ​ព្រឹក​ថ្ងៃទី១១ ​ខែ​មិថុនា​។

លោក ទូច វិបុល បានបញ្ជាក់ថា ការ​ធ្វើ​បាតុ​កម្ម​នៅ​ខាង​មុខ​វិមាន​សភា​អាមេរិក​គឺ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ពី​២០​០ទៅ​៣០០នាក់​ ក្នុង​គោល​បំណង​ដូច​គ្នា​នឹង​ពល​រដ្ឋ​ខ្មែរ​ ដែល​កំពុង​ធ្វើ​បាតុកម្ម​តាម​រដ្ឋ​ផ្សេងៗ​ គឺ​ស្នើ​សុំ​សភា​អាមេរិក​បង្កើត​ច្បាប់​មួយ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋ​កិច្ច​ និង​ការ​ទូត​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែងស​កម្ម​ជន​នយោបាយ ​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​បក្ស​ប្រឆាំង​ដទៃ​ទៀត។​

ក្រៅពី​ការ​ស្នើ​ខាង​លើ​នេះ ​ក្រុម​បាតុករ ​ក៏​ស្នើ​ឲ្យ​រដ្ឋសភា​អាមេរិក​ បង្កើត​ក្រុម​ទាក់​ទង​កម្ពុជា ​ដើម្បី​ធានាការ​បោះឆ្នោត​ដោយ​សេរី ​និង​យុតិ្ត​ធម៌​ព្រម​ទាំង​ការ​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី​។​

លោក ទូ​ច ​វិបុល​បន្ថែម​ថា ​បាតុ​កម្ម​នេះ​នឹង​បន្ត​ធ្វើ​បើ​មាន​ភាព​ចាំ​បាច់ ​ដើម្បី​ឲ្យ​សហគមន៍​អន្តរ​ជាតិ​បាន​ដឹក​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ​សកម្មភាព​ទាំង​នោះ​គឺ​ជា​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក ​ហើយ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​មិន​មាន​សិទ្ធិ​សម្រេច​វាសនា​សម្រាប់​កម្ពុជា​ទេ។​ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ​បាតុករ​ដែល​បាន​ធ្វើ​ និង​កំពុង​ធ្វើ​បាតុកម្ម​ទាំង​នោះ ​“ល្ងង់​នឹង​ច្បាប់​របស់ខ្មែរ​” គាត់​ចេះ​តែជេ​រ​ ចេះ​តែ​ប្រឆាំង។​

លោក​ផៃ ​ស៊ីផាន​ បាន​ហៅ​សកម្មភាព​របស់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង ​ដែល​សុំ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​លើ​កម្ពុជានេះ គឺជារឿងគួរឲ្យអស់សំណើចព្រោះវាកើតឡើងច្រើនដងហើយ។ លោកបញ្ជាក់ថា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ មិន​ដូរ​នឹង​បាតុករ ​ដែល​កំពុង​ធ្វើ​បាតុកម្ម​នៅ​អាមេរិក​នោះ​ទេ។​

ដោយ​ឡែក​សហព័ន្ធ​ខ្មែរ​នៅ​អូស្ត្រាលី ​នៅ​ថ្ងៃទី១១​ ខែ​មិថុនា ​ក៏​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ផង​ដែរ​ ដោយ​សហព័ន្ធ​នេះ​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន ​គាំ​ទ្រ​ចលនា​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ ​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​។ នៅ​លើ​ទឹក​ដី​កាណាដា​កាល​ពី​ថ្ងៃទី​១០ មិថុនា ​ពលរដ្ឋ​ខ្មែរ​កាណាដា ​ក៏​បាន​ធ្វើ​បាតុ​កម្ម​ ដោយ​ស្នើ​សុំ​សភាកាណាដា​ពិនិត្យ​លើក​រណី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។ នេះ​បើ​តាម​លិខិត​អំពាវ​នាវ​ធ្វើ​បាតុ​កម្ម​ ដែល​ដាក់​ផ្សាយ​លើ​គេ​ហទំព័រ​ហ្វេស​ប៊ុករបស់​សម្ព័ន្ធ​មិត្ត​ខ្មែរ​-អាមេរិ​កាំង។​

សូម​បញ្ជាក់​ថា​ការ​ធ្វើ​បាតុកម្ម​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​អាមេរិក​ កាណាដា ​បារាំង​ និង​អូស្ត្រាលី​ពេល​នេះ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​របស់​អង្គការ​ការពារសិទ្ធិ​មនុស្ស​កាល​ពី​ដើម​ខែ​ឧសភា ​និង​ការ​ឃុំ​ខ្លួ​ន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​ហើយ​ថ្មីៗ​នេះ​ក៏​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួនលោក​កឹម​ សុខា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ