អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​ទទួច​អោយ​តុលាការ​ក្រុងឡាអេ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​

នៅ​ថ្ងៃទី​១៨​មេសា​ម្សិលមិញ ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​ហោ ណាំហុង​​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ចៅក្រមនៃ​តុលាការយុត្តិធម៌​អន្តរជាតិ ដោយ​ទទួល​អោយ​តុលាការ​មួយ​នេះ​ព្រម​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ស្តីពី​ប្រាសាទព្រះវិហារ។ សម្រាប់​​លោក​ប្រមុខ​ការទូត​កម្ពុជា ការ​បកស្រាយ​ច្បាស់​លាស់​មួយ​លើ​សាលក្រម​ឆ្នាំ​១៩៦២​នោះ ​នឹង​អនុញ្ញាត​អោយ​ប្រទេស​ជិតខាងទាំងពីរ​អាច​ផ្តើម​រស់នៅ​ជាមួយ​គ្នា​ក្នុង​បរិយាកាស​ជា​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ។

ក្រុមអ្នកតំណាង​កម្ពុចានៅតុលាការអន្តរជាតិ​ទីក្រុង​ឡាអេ​នៅថ្ងៃទី​៣០​ឧសភា២០១១
ក្រុមអ្នកតំណាង​កម្ពុចានៅតុលាការអន្តរជាតិ​ទីក្រុង​ឡាអេ​នៅថ្ងៃទី​៣០​ឧសភា២០១១ © ឌីណា
ផ្សាយពាណិជ្ជកម្ម

 

មាន​មូលហេតុ​ចាំបាច់ មួយ​ចំនួនដែល​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​លោក ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ចៅក្រម​នៃ​តុលាការ​ឡាអេ​អោយ​ទទួល​យល់​ព្រម​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​កម្ពុជា​បាន​ស្នើនោះ។

ក្នុង​ចំណោម​មូលហេតុទាំងនោះ កម្ពុជា​បាន​ផ្តល់​សារៈសំខាន់ទៅលើ​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់។ ក្នុង​នាម​កម្ពុជា លោក​ប្រមុខ​ការទូត​កម្ពុជា​បាន​គូសបញ្ជាក់​ប្រាប់​តុលាការ​នៃ​អង្គការ​សហប្រជាជាតិ​ថា ប្រសិន​បើ​គ្មាន​ការ​បកស្រាយជា​ស្ថាពរ​នៃ​សាលក្រមឆ្នាំ​១៩៦២​ទេ​នោះ ស្ថានភាព​ដូចសព្វថ្ងៃ​នេះ​នឹង​បង្ក​អោយ​មាន​ភាព​ក្តៅក្រហាយ​ ហើយ​នឹង​រារាំង​មិន​អោយ​ប្រជាជាតិ​ទាំងពីរ​អាច​រស់នៅ​ជាមួយ​គ្នា​ក្នុង​បរិយាកាស​មិត្តភាព សន្តិភាព និង​សហ​ប្រតិបត្តិការ​​​ឡើយ។

នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​នោះ​ដដែល ក្នុង​ន័យ​ទទូចអោយ​តុលាការ​អន្តរជាតិ​មួយ​ត្រូវ​តែ​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២ លោក​ហោ ណាំហុង​ក៏​បាន​រម្លឹក​ឡើង​វិញ​នូវ​ព្រឹត្តិការ​ណ៍​ផ្ទុះ​អាវុធ​ក្នុង​​ពេល​កន្លង​មក ដែល​បានធ្វើ​អោយ​មនុស្ស​ស្លាប់​និង​របួស និង​ការ​ជម្លៀស​ប្រជាជន​ទៀត​ផង។​ ការ​ផ្ទុះ​អាវុធ​ដែល​កើត​​ចេញ​ពីដើមចម​នៃ​​ការទាមទារ​កាន់កាប់​ដឹកដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​ថាហេតុដូចនេះ​ហើយ​បាន​ជា​កម្ពុជា​ត្រូវ​ស្នើអោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បកស្រាយ​សេចក្តី​សម្រេច​របស់​ខ្លួន​ឡើងវិញនោះ។

គួរ​បញ្ជាក់​ផងដែរថាលោក​ហោ ណាំហុង​មិន​បាន​ភ្លេច​រម្លឹក​សេចក្តីសម្រេច​របស់​តុលាការ​ឡាអេ​ក្នុង​ឆ្នាំ​១៩៦២​ដែល​ប្រកាស​ថា ប្រសាទ​ព្រះវិហារ​ស្ថិត​នៅ​លើ​ដែនដី​ក្រោម​អធិបតេយ្យ​ភាព​​របស់​កម្ពុជា ដែល​តាម​ផ្លូវ​​ច្បាប់​គឺមាន​ន័យ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិតនៅ​លើ​ទឹកដី​កម្ពុជា​ពី​បន្ទាត់​ព្រំដែន​ដែល​កំណត់​ដោយ​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​តុលាការ​អន្តរជាតិ​នេះ​បានយក​មក​ធ្វើ​ជា​មូលដ្ឋាននោះ។

នីតិវិធី​ចុងក្រោយ​នៃ​ការធ្វើ​អំណះអំណាង​រវាង​ភាគីកម្ពុជា និង​ថៃ​បាន​មក​ដល់​ថ្ងៃ​បញ្ចប់​ហើយ។ កម្ពុជា​នៅ​សង្ឃឹម​ថា តុលាការ​នឹង​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ដូច​ការ​ស្នើ​សុំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ