ប្រតិភូកម្ពុជាចេញទៅតុលាការឡាអេថ្ងៃអង្គារស្អែក
ប្រមុខការទូតខ្មែរលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នឹងដឹកនាំប្រតិភូចេញទៅតុលាការយុត្តិធម៌អន្តរជាតិនៃ ទីក្រុងឡាអេនៅថ្ងៃអង្គារស្អែក។ លោកវ៉ា គីមហុងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងអនុប្រធាននៃប្រតិភូកម្ពុជានៅតុលាការអន្តរជាតិបានបញ្ជាក់ថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងប្រយ័ត្នប្រយែងបំផុតចំពោះបញ្ហាក្តីក្តាំនៃសំណុំរឿងប្រសាទព្រះវិហារនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៦
ប្រតិភូជាន់ខ្ពស់របស់កម្ពុជាទទួលបន្ទុកសំណុំរឿងក្តីក្តាំប្រសាទព្រះវិហារនឹងចេញដំណើរទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនៅថ្ងៃអង្គារស្អែកហើយ។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួងនៅព្រឹកថ្ងៃចន្ទនេះ។
ប្រតិភូជាន់ខ្ពស់ដែលរួមមានលោកវ៉ា គីមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងលោកឡុង វីសាឡូរដ្ឋលេខាធិការក្រសួងការបរទេសនឹងដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ នៅមុនចេញដំណើរឡើងយន្តហោះនោះ លោកប្រមុខការទូតកម្ពុជានឹងធ្វើសន្និសីទកាសែតស្តីអំពីបេសកកម្មទៅតុលាការទីក្រុងឡាអេនោះ។
លោកវ៉ា គីមហុងអនុប្រធានប្រតិភូបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទនេះថា កម្ពុជាបានត្រៀមលក្ខណៈយ៉ាងប្រយ័ត្នប្រយែងបំផុតក្នុងបញ្ហាក្តីក្តាំប្រាសាទព្រះវិហារនេះ ហើយថាលោកនៅតែមានក្តីសង្ឃឹមច្រើនលើផ្លូវច្បាប់ថា កម្ពុជាមានប្រៀបលើប្រទេសថៃ។
គួរបញ្ជាក់ថា កម្ពុជាមានមេធាវីបរទេស៣រូបដូចភាគីថៃដែរដើម្បីតតាំងសំណុំរឿងប្រាសាទព្រះវិហារនេះនៅតុលាការយុត្តិធម៌អន្តរជាតិក្នុងប្រទេសហូឡង់នោះ។ បើទោះជាក្នុងពេលកន្លងមក ក្រុមជ្រុលនិយមថៃបានព្រលយពាក្យថា ពួកគេនឹងធ្វើសកម្មភាពនៅព្រំដែននៅពេលមានសវនាការសំណុំរឿងប្រាសាទព្រះវិហារនៅពាក់កណ្តាលខែមេសានេះ លោកទេសរដ្ឋមន្ត្រីវ៉ា គីមហុងបានអះអាងថា លោកមិនព្រួយបារម្ភអំពីការរំខានរបស់ភាគីថៃខ្លាំងណាស់ណាទេ។ ប្រទេសថៃដែលលោកវ៉ា គីមហុងចាត់ទុកថាជាប្រទេសស៊ីវិល័យនិងមានអរិយធម៌នោះ។
គួរបញ្ជាក់ថា សវនាការដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ដល់ថ្ងៃទី១៩មេសាខាងមុខគឺជាសវនាការផ្ទាល់មាត់ចុងក្រោយនៃនីតិវិធីតុលាការអន្តរជាតិក្នុងចំណាត់ការនៃបណ្តឹងរបស់កម្ពុជាដែលស្នើអោយតុលាការរបស់អង្គការសហប្រជាជាតិមួយនេះបកស្រាយឡើងវិញសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារ។
កម្ពុជាបានដាក់បណ្តឹងនេះកាលពីថ្ងៃទី២៨មេសាឆ្នាំ២០១១ បន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត វេចាជីវ៉ាបានទាមទារកាន់កាប់ដីទំហំ៤,៦គមក្រឡាជុំវិញប្រាសាទព្រះវិហារ។
ក្នុង ដំណើរការសវនាការផ្ទាល់មាត់លើសំណុំរឿងប្រាសាទព្រះវិហារខាងមុខនេះ កម្ពុជានិងថៃត្រូវតតាំងគ្នាចំនួន២ជុំ ដែលត្រូវបានកំណត់ដោយតុលាការអន្តរជាតិនៃប្រទេសហូឡង់។ ហើយថាដំណើរការសវនាការនោះនឹងត្រូវផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនថឺនែតក្នុងគេហទំព័ររបស់តុលាការយុត្តិធម៌អន្តរជាតិទៀតផង។
លោកវ៉ា គីមហុង បានប្រាប់អោយដឹងថាលទ្ធផលនៃក្តីក្តាំនេះនឹងត្រូវប្រកាសនៅចុងឆ្នាំ២០១៣នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ