អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សម្តេច​ឳ​«ព្រះបិតាជាតិ»​ដែល​កប់​ជ្រៅ​ទៅ​ក្នុង​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះ​រាជ​​ពិធី​​ដង្ហែ​​ព្រះ​​បរម​អដ្ឋិ​​សម្តេច​ឪ​ សម្តេច​តា​ ព្រះ​បរម​​រតន​កោដ្ឋ​​ដែល​​ប្រព្រឹត្ត​​ទៅ​​ពី​​ថ្ងៃ​ទី​១០​ដល់​១២ ក​ក្កដា​​នេះ​​គឺ​ជា​​ពេល​វេលា​​ដែល​​បង្ហាញ​​ឲ្យ​​ឃើញ​​ជា​ថ្មី​​អំពី​​ប្រជា​ប្រិយភាព​​គ្មាន​​គូ​​ប្រៀប​​របស់​​ព្រះ​អង្គ​​នៅ​ក្នុង​​អារម្មណ៍​​ប្រជារាស្ត្រ​​ខ្មែរ​។ ​ក្តី​​រន្ធត់​​ក្រៀម​ក្រំ​​របស់​​ប្រជារាស្ត្រ​​ខ្មែរ​​បាន​បង្ហាញ​​ច្បាស់​​រួច​ហើយ​​ពេល​​ព្រះអង្គ​​សោយ​​ទិវង្គត​​កាល​ពី​​ថ្ងៃទី​១៥​តុលា​​ឆ្នាំ​ ២០១២។​ តើ​​​ហេតុ​​អ្វី​​បាន​ជា​​សម្តេច​​ឳ​ នរោត្តម ​សីហនុ ​ទទួល​បាន​​ការ​គោរព​ ស្រឡាញ់​​យ៉ាង​ខ្លាំង​​ពី​​សំណាក់​​ប្រជារាស្ត្រ​​ខ្មែរ​​រហូត​ដល់​​ចាត់​ទុក​​ព្រះ​អង្គ​ជា​«​ព្រះ​បិតា​​ជាតិ​»​?​

សម្តេច​ឳ ​នរោត្តម ​សីហនុ ​អតីត​ព្រះមហាវីរក្សត្រ​ របស់​កម្ពុជា​។
សម្តេច​ឳ ​នរោត្តម ​សីហនុ ​អតីត​ព្រះមហាវីរក្សត្រ​ របស់​កម្ពុជា​។ @Google
ផ្សាយពាណិជ្ជកម្ម

ពាក្យ​ថា​«​សម្តេច​ឳ​»​ដែល​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​គ្នា​បាន​ប្រើ​សម្រាប់​ហៅ​អង្គ​អតីត​ព្រះមហាក្សត្រ ​បាន​បង្ហាញ​រួច​ជា​ស្រេច​អំពី​ការ​គោរព​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ពួក​គេ​ចំពោះ​ព្រះអង្គ​។ នៅ​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​របប​សង្គម​រាស្ត្រ​និយម​ ការ​គោរព​ស្រឡាញ់​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​មាន​សភាព​ជ្រាល​ជ្រៅ​ដែល​ពិបាក​ពិពណ៌នា​។

ជាក់​ស្តែង​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ខ្លួន​មាន​សំណាង​ក្នុង​ជីវិត​ពេល​បាន​ចាប់​ព្រះហស្ត​ផ្ទាល់​របស់​ព្រះ​អង្គ​។ ​ក្រៅ​ពី​នោះ មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​បាន​ចាត់​ទុក​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះ​សម្តេច​ឪ​ប្រៀប​ដូច​ជា​វត្ថុ​ជា​ទី​«សក្ការៈ»​អ៊ីចឹង​។ ​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​ទូទៅ​ អង្គ​សម្តេច​ឳ​គឺ​ជា​អតីត​ក្សត្រ និង​ជា​អតីត​អ្នក​នយោបាយ​ដែល​ប្រកប​ដោយ​ទេព​កោសល្យ​គ្មាន​គូ​ប្រៀប។

ជា​ការ​ពិត ​អង្គ​សម្តេច​ឳ​មិន​មែន​គ្រាន់​តែ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពិបាក​រក​គូ​ប្រៀប​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ប៉ុណ្ណោះ​ទេ ​តែ​ព្រះអង្គ​ក៏​ធ្លាប់​ជា​អ្នកនយោបាយ​ដ៏​វ័យ​ឆ្លាត​ខាង​ការ​ទូត​ដែល​គេ​ទទួល​ស្គាល់​នៅ​ក្នុង​ឆាក​អន្តរជាតិ​ទៀត​ផង​។ ​ចំណុច​ខ្លាំង​របស់​ព្រះអង្គ​មាន​ច្រើន​ណាស់​ដែល​គេ​ពិបាក​រៀប​រាប់​ឲ្យ​អស់​សេចក្តី​។ ​ប៉ុន្តែ ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ ភាព​សាមញ្ញ​រាក់​ទាក់​បូក​ផ្សំ​ជាមួយ​នឹង​ទេពកោសល្យ​នយោបាយ​ដ៏​ប៉ិនប្រសប់​ដែល​ពិបាក​នឹងមាន​អ្នកណា​អាច​ធ្វើ​បាន​។

ព្រះអង្គ​បាន​ផ្សារ​ភ្ជាប់​ព្រះ​កាយ​ទៅ​នឹង​ជីវភាព​របស់​ប្រជារាស្ត្រ និង​អាច​សម្រប​ខ្លួន​ជាមួយ​កសិករ​ កម្មករ​ ឬ​កម្លាំង​ប្រដាប់​ តាម​រយៈ​ការ​ចូល​ប្រឡូក​ក្នុង​ជីវិត​ជាក់ស្តែង​ជាមួយ​អ្នក​ទាំង​នោះ​យ៉ាង​ពិត​។ ​នេះ​ជា​អ្វីដែល​អ្នក​នយោបាយ​ភាគច្រើន​តែង​មើល​រំលង​ឬក៏​ពិបាក​នឹងធ្វើ​បាន​។ ​ជាទូទៅ​ ក្នុង​សង្គម​ខ្មែរ គេ​ច្រើន​សង្កេត​ឃើញ​មាន​អ្នក​នយោបាយ​ពីរ​ប្រភេទ​គឺ​ ទី១ ​ជា​អ្នក​នយោបាយ​ចេញ​ពី​ត្រកូល​ខ្ពង់​ខ្ពស់​ដែល​មិន​សូវ​ស្គាល់​ការ​លំបាក​។ ​ម្លោះ​ហើយ​ពួក​គេ​មិន​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​សាមញ្ញ​ថា​យ៉ាងណា​នោះទេ​។ ​ម្យ៉ាង​ទៀត ​អ្នក​នយោបាយ​ប្រភេទ​នេះ​ច្រើន​តែ​មិនសូវ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​ជីវភាព​ក្រលំបាក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ។

ចំណែក​អ្នកនយោបាយ​ប្រភេទ​ទី២វិញ​គឺ ជា​អ្នក​ដែល​ចេញពី​ត្រកូល​អ្នក​ក្រីក្រ​សោះ ប៉ុន្តែ នៅ​ពេល​បាន​ឡើង​ធ្វើ​ធំ​ក៏​ឈ្លក់​វង្វេង​នឹង​បុណ្យ​ស័ក្តិ​ហើយ​ក៏​ភ្លេច​«ជាតិ​កំណើត»របស់ខ្លួន​ក៏មាន។ ប៉ុន្តែ ​សម្រាប់​អតីតព្រះមហាក្សត្រ​ខ្មែរ ស​ម្តេ​ឪ នរោត្តម ​សីហនុ ​វិញ ​ព្រះអង្គ​បាន​ចាត់​ទុក​​ការ​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​គឺជា​ស្នូល​នៃ​ព្រះរាជកិច្ច​របស់​ព្រះអង្គ​។ ក្នុង​ន័យ​នេះ ​ព្រះអង្គ​បាន​ចាប់​យក​ការងារ​សង្គមកិច្ច​ធ្វើ​ជា​ស្នូល​។ នេះ​គឺជា​ទស្សនៈវិជ្ជា​ដ៏​មានតម្លៃ​ដែល​សម្តេច​ឳ​បាន​បង្ហាញ​ឲ្យ​ឃើញ​និង​ជា​គំរូ​សម្រាប់​អ្នកនយោបាយ​ស្រករ​ក្រោយ​រៀនសូត្រ​តាម​។

ក្រៅ​ពី​នោះ​នៅ​មាន​ចំណុច​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​អង្គ​សម្តេច​ឳ​បានបង្ហាញ​ឲ្យ​ឃើញ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះអង្គ​។ ​ជាក់ស្តែង​ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ធំៗ​ជា​ច្រើន ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជារាស្ត្រ ដូចជា​ ការទាមទារ​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ​មក​វិញ​  ការ​ទាមទារ​ឯករាជ្យ​ភាព​ពី​បារាំង និង​ការ​តតាំង​ជាមួយ​ថៃ​រហូត​ឈ្នះក្ដី​ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នៅ​ឯ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ជា​ដើម​។ ​ទាំង​នេះ​សុទ្ធសឹង​ជា​ជោគជ័យ​ដែល​គេ​ចាត់​ទុក​ជា​គុណសម្បត្តិ​ធំធេង​របស់​សម្តេច​ឳ។

ម្យ៉ាងទៀត​ ព្រឹត្តិការណ៍​នយោបាយ​មួយចំនួន​ក្រោយពី​រដ្ឋប្រហារ​១៨​មីនា ​ឆ្នាំ ​១៩៧០ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ រហូត​ដល់​ធ្លាក់​ក្នុង​វាលពិឃាត​នៃ​របប​ខ្មែរក្រហម ក៏​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នឹក​ភ្នក​ដល់​របប​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អង្គ​សម្តេច​ឳ​។​ សម្រាប់​អ្នក​ដែល​បាន​ហែល​ឆ្លង​ភ្លើង​សង្គ្រាម​និង​មហា​សោកនាដកម្ម​ទាំង​នោះ​ តួអង្គ​សម្តេច​ឳ គឺជា​តំណាង​ឲ្យ​ភាព«ភ្លឺស្វាង»របស់​ប្រទេស​កម្ពុជា​ដែល​មិន​អាច​ខ្វះ​បាន​។ ​មរតក​ដ៏​សំខាន់​មួយទៀត​របស់​ព្រះអង្គ​គឺ ​នយោបាយ​ផ្សះផ្សារ​និង​បង្រួប​បង្រួម​ជាតិ​។ មរតក​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​នៅក្នុង​បរិបទ​នៃ​ការ​បែក​បាក់​ជាតិ​ដូចជា​បច្ចុប្បន្ន​។

សរុប​មក​វិញ ​គុណសម្បត្តិ​ទាំង​អស់​នេះហើយ​ដែល​ធ្វើ​ឲ្យ​អតីត​ព្រះមហាក្សត្រ​ នរោត្តម​ សីហនុ​ ក្លាយ​ជា​«​ព្រះបិតា​ជាតិ​»​របស់​ប្រជា​ជាតិខ្មែរ​។ ​ពិតណាស់​ថា​ មាន​អ្នក​ប្រឆាំង​ជាមួយ​ព្រះអង្គ​ហើយ​ក៏​មាន​ដែរ​អ្នក​រិះគន់​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​របស់​សម្តេច​ឪ ​ក៏ប៉ុន្តែ​ សួរថា​ តើ​មាន​អ្នក​នយោបាយ​ខ្មែរ​ណា​អាច​ទាក់ទាញ​ការគោរព​ ស្រឡាញ់​យ៉ាង​ស្មោះស្ម័គ្រ​ពី​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ដូច​ព្រះអង្គ​ដែរ​ឬ​ទេ​? ​បើ​ទេ ព្រះអង្គ​ពិត​ជា​ស័ក្តិសម​នឹង​ទទួល​ព្រះ​កិត្តិនាម​ជា​«ព្រះបិតា​ជាតិ​»​ដែល​កប់​ជ្រៅ​ក្នុង​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ