អានតួអត្ថបទ
កម្ពុជា

ស្ថាន​ការណ៍​​វឹក​វរ​នៅ​ទីក្រុង​បាង​កក ​មិន​បាន​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ​

ចាប់តាំងពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ប្រកាស​ទទួល​ទូរ​សព្ទ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ថៃ​ ចាប់ពី​ថ្ងៃទី២៦ឧសភា​មក ស្ថានទូត​ខ្មែរ បានទទួល​ទូរ​សព្ទ​ជាច្រើន ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ទូរ​សព្ទ​ដែល​មិន​ជាប់​​ទាក់ទង​ទៅនឹង​បម្រាម​គោចរ និង​បទបញ្ជានានា​ដែល​ដាក់​ដោយ​យោធា​ថៃ​នោះទេ។  

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អ្នក​ទូរ​សព្ទ​ទៅកាន់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ក្នុងមួយថ្ងៃៗ មិនបាន​និយាយ​ពី​បញ្ហា​ដែល​ពួកគេ​បាន​ជួបប្រទះ ឬគ្រោះអាសន្ន​បន្ទាន់​ណាមួយ ដែល​កើតចេញពី​ការដាក់​បម្រាម​គោចរ និង​បទបញ្ជារបស់​យោធា​ថៃ ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហា​រ​យោធា​នោះទេ។ អ្នក​ហៅ​ទូរ​សព្ទ​ចូល​ទាំងអស់​ដែលជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​បាន​រៀបរាប់​តែ​ពី​ទុក្ខលំបាក​របស់​ពួកគេ ទាក់ទង​ទៅនឹង​ទីកន្លែង​ការងារ ឬការ​ស្នាក់នៅ​របស់​ពលក​រ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក កុយ គួ​ង បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី២៦ឧសភា ជា​ថ្ងៃ​ដែល​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក បានប្រកាស​លេខ​ទូរ​សព្ទ៣ខ្សែ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទាក់ទង​មកកាន់​ស្ថានទូត​ខ្មែរ​ជាបន្ទាន់ ប្រសិនបើ​ពួកគេ​មាន​បញ្ហា ប៉ុន្តែ មិនមាន​ប្រជាពលរដ្ឋ​ខ្មែរ​ណាមួយ​ទទួលរង​គ្រោះ រឺ​មាន​បញ្ហា​ទាក់ទង​នឹង​បំរាម​គោចរ និង​បទបញ្ជាផ្សេងៗរបស់​យោធា​ថៃ​នោះទេ។

ស្ថានភាព​នយោបាយ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ហាក់​បាន​ធូរ​ស្រាល​បន្តិច​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយពី​រដ្ឋាភិបាលយោធា​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានសម្រេច​ដោះលែង​អ្នកនយោបាយសំខាន់ៗជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​ក្នុងអំឡុងពេល​នៃ​រដ្ឋប្រហារ​យោធា​តាំងពី​ថ្ងៃទី២២ឧសភា​មក​នោះ។ ស្ថានភាព​នេះ ក៏បាន​បង្កលក្ខណៈ​ងាយស្រួល​​ដល់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា-ថៃ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ លោក គោ ស៊ុំ​សារឿ​ត បាន​បញ្ជាក់ថា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភាគី​ថៃ​មិនទាន់​បន្ធូ​ការ​រឹតបន្តឺងសន្តិសុខ​នៅឡើយ​ទេ។  ប៉ុន្តែ​ជាមួយគ្នានេះ ភាគី​ថៃ​បាន​សន្យាថា ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ​ទៅ ស្ថានភាព​នៅតាម​ច្រកព្រំដែន​អាច​នឹង​ធូ​រស្រាល​ជាង​នេះ។

បើតាម​ការបញ្ជាក់​ពី​លោក​អភិបាលខេត្ត ការដោះដូរ​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ថយចុះ ហើយ​ចំនួន​អ្នក​ចូលទៅ​ទិញ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ​ ក៍បាន​ថយចុះ​ប្រមាណ​ពី៧០ទៅ៨០ភាគរយ​ផងដែរ ក្នុង​រយៈពេល​ដែល​ភាគី​ថៃ កំពុង​វឹកវរ​ដោយសារតែ​រដ្ឋប្រហារ​យោធា​ថៃ​ចាប់ពី​ថ្ងៃទី២២ឧសភា​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ