អានតួអត្ថបទ
កម្ពុជា

ថៃ​ហាម​ឃាត់​រថយន្ត​ខ្មែរ​មិន​ឲ្យ​ចូល​ទឹក​ដី​ខ្លួន​ខណៈ​ច្រក​របៀង​នា​នា​នៅ​បន្ត​បិទ​នៅ​ឡើយ​

គិត​មកដល់​ថ្ងៃអាទិត្យ​ទី២៥ ឧសភា នេះ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រករបៀង​នានា​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា​នៅ​ឡើយ។ ការបិទច្រក​របៀង​ដោយ​ឯកតោ​ភាគី​របស់​ថៃ​នេះ​បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​កងទ័ព​ថៃ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​គ្រប់​គ្រង​អំណាច​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​ យ៉ាង​ណាក៏ដោយ ច្រកទ្វារ​អន្តរជាតិ​ធំ​ៗ​រវាង​កម្ពុជា និង ថៃ​នៅ​បើក​ដំណើរ​ជា​ធម្មតា​ ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​ហាម​មិន​ឲ្យ​រថយន្ត​ខ្មែរ ជាពិសេស​រថយន្ត​ឯកជន​ចូលក្នុង​ទឹកដី​ខ្លួន​ដូចពេលមុន​នោះទេ។ 

ព្រំដែន​កម្ពុជា-ថៃ។
ព្រំដែន​កម្ពុជា-ថៃ។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

បួន​ថ្ងៃ​មកហើយ​គិត​មកដល់​ថ្ងៃអាទិត្យ​នេះ​ដែល​ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រករបៀង​នានា​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​កម្ពុជា។បើទោះបី​មាន​ការបិទ​ច្រករបៀង​ក៏ដោយ ប៉ុន្តែ​ច្រក​អន្តរជាតិ​សំខាន់​នៅតែ​បន្ត​បើក​ដំណើរការ​ជាធម្មតា ហើយ​ទំនាក់ទំនង​តាម​ច្រកទ្វារ​នោះ​ទៀតសោត​ក៏​នៅតែមាន​ភាពល្អ​ដដែល។ក៏ប៉ុន្តែ​អាជ្ញាធរ​ថៃ​បាន​រឹតបន្តឹង​លើ​រថយន្ត​ខ្មែរ​ដែល​ធ្លាប់តែ​ចេញចូល​នៅក្នុង​ប្រទេស​ថៃ​នាពេល​កន្លងមក។

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ឯកជន​ខ្មែរ​ឆ្លង​ចូលក្នុង​ទឹក​ថៃ​ដូច​មុន​នោះទេ បើទោះបី​ច្រកទ្វារ​អន្តរជាតិសំខាន់ៗបាន​បន្ត​ដំណើរការ​ជាធម្មតា​ដ៏​ដោយ។

លោក គោ​ស៊ុំ សារឿ​ត​បាន​បញ្ជាក់ថា បើទោះបី​កង​ទាហាន​ថៃ​គ្រប់គ្រង​ប្រទេស​និង​កំពុង​គ្រប់គ្រង​តាម​ច្រកព្រំដែន​នានា​ក៏ដោយ ក៏ប៉ុន្តែ​មន្ត្រី​ព្រំដែន​កម្ពុជា និង ថៃ​នៅតែ​ជួបប្រជុំ​ពិភាក្សាគ្នា​លើ​បញ្ហា​មួយចំនួន​ដដែល។

ដោយឡែក​ចំពោះ ស្ថានភាព​យោធា​រវាង​កម្ពុជា និង​ថៃ​នៅតាម​បណ្តោយ​ព្រំដែន​ក៏​នៅតែមាន​ភាពស្ងប់ស្ងាត់ ទំនាក់ទំនង​ល្អ​និង គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះឡើយ។នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ៣ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ​ដែល​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ខ្សែ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

សូមបញ្ជាក់ថា ភ្លាមៗក្រោយពី​កងទ័ព​ថៃ​បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​គ្រប់គ្រង​ប្រទេស​នោះ  រដ្ឋាភិបាល​កម្ពុជា បានចេញ​បទបញ្ជា​ទៅកាន់​មេបញ្ជាការ​កងទ័ព មេ​ប៉ូលិស និង​អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់ ត្រូវ​ណែនាំ​ដល់​កងកម្លាំង​កម្ពុជា ដែល​ឈរជើង​តាម​ព្រំដែន​ជាមួយ​ថៃ ត្រូវ​បន្ត​បង្កើន​ទំនាក់ទំនង​ល្អ និង​មិនត្រូវ​ធ្វើការ​ចល័ត​កម្លាំង​តាម​ព្រំដែន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ