អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​ថៃ​ បញ្ចប់​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ ជាមួយ​នឹង​លទ្ធផល​តិចតួច

នាយក​រដ្ឋមន្ត្រី​ថៃ ​លោក​ប្រាយុទ្ធ​ ចាន់​អូចា​ រួម​ទាំង​គណៈ​ប្រតិភូ​ថៃ​ នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​រសៀល​ម៉ោង​២​និង​៤០​នាទី​ថ្ងៃ​ទី​៣១​តុលា​នេះ ​បន្ទាប់​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ នាយក​រដ្ឋមន្ត្រី​ថៃ ​បាន​ជួប​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ និង​បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ​ និង​អញ្ជើញ​ទៅ​បំពាក់​កំរង​ផ្កា ​និង​គោរព​ព្រះ​បរម​រូប ​ព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ។ ​

នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ប្រាយុទ្ធ​ ចាន់​អូចា ​អញ្ជើញ​ទៅ​បំពាក់​កំរង​ផ្កា​និង​គោរព​ព្រះ​បរម​រូប​ ព្រះ​បរម​រតនកោដ្ឋ​ មុន​នឹង​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​រសៀល​ម៉ោ​ង​២​និង​៤០​នាទី​ថ្ងៃ​ទី​៣១​តុលានេះ​​ ​។
នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​ប្រាយុទ្ធ​ ចាន់​អូចា ​អញ្ជើញ​ទៅ​បំពាក់​កំរង​ផ្កា​និង​គោរព​ព្រះ​បរម​រូប​ ព្រះ​បរម​រតនកោដ្ឋ​ មុន​នឹង​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ នៅ​រសៀល​ម៉ោ​ង​២​និង​៤០​នាទី​ថ្ងៃ​ទី​៣១​តុលានេះ​​ ​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នៅ​កម្ពុជា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចំណាយពេល១០នាទី ដើម្បី​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខ័ន្ធ និង​ដាក់​កំរងផ្កា​នៅឯ​វិមាន​ឯករាជ្យ​ នៅ​ប្រមាណ​ជា​ម៉ោង៩ និង៣០នាទី​ព្រឹក​ថ្ងៃទី៣១តុលា ហើយ​នៅ​ប្រមាណ​ជា​ម៉ោង​៩និង៤០នាទី នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​បន្តដំណើរ​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​នៃ​វិមានឯករាជ្យ​ថែមទៀត។ មិនតែ​ប៉ុណ្ណោះ ប្រមុខ​រដ្ឋាភិបាល​ថៃ​ ដែលជា​អតីត​មេ​យោធា​ថៃ​រូបនេះ ក៍បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​ព្រះបរមរាជវាំង មុនពេល​លោក​បានធ្វើ​ដំណើរ​ទៅ​ជួបជុំ​ជាមួយ​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។

 
លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នៅ​កម្ពុជា ​នៅ​រសៀល​ថ្ងៃទី៣១តុលា​នេះ បន្ទាប់ពី​លោក​បានដាក់​ជើង​ជាន់​លើដី​កម្ពុជា​ ជា​លើកដំបូង កាលពី​រសៀល​​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី៣០តុលា។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចាត់ទុកថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ ​ប្រវត្តិសាស្ត្រ​មួយ​របស់លោក​ នៅ​កម្ពុជា ​និង​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​បាន​ចាត់ទុកថា ជា​អ្នកនយោបាយ​ជើងចាស់។ ប៉ុន្តែ​សំរាប់​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា គេ​បាន​មើលឃើញថា ដំណើរ​ទស្សនកិច្ច​នេះ ហាក់​ទទួល​បាន​​ផល​តិចតួច​ប៉ុណ្ណោះ។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​កម្ពុជា បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​អតីត​មេដឹកនាំ​យោធា​ថៃ​រូបនេះ បាន​ផ្តោតជាសំខាន់​តែ​ទៅលើ​បញ្ហា​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ នៅតាម​ព្រំដែន​ប៉ុណ្ណោះ ក៍​ប៉ុន្តែ​ការអនុវត្ត​សាលដីការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ស្តីពី​ប្រាសាទព្រះវិហារ និង​ការបែងចែក​ តំបន់​ត្រួតស៊ីគ្នា ​នៅ​ព្រំដែន​សមុទ្រ ដែលជា​បញ្ហាសំខាន់​នោះ មិនត្រូវ​បានលើកឡើង​នោះទេ។

សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល២ថ្ងៃ​នៅ​កម្ពុជា លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព និង​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​បី ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍, កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​ការលុបបំបាត់​ការជួញដូរ​មនុស្ស និង​ការពារ​ជនរងគ្រោះ​ពី​ការជួញដូរ និង​កិច្ចព្រមព្រៀង​ស្តីពី ការតភ្ជាប់​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​ខេត្ត​អារញ្ញ​ប្រាថេត​ប្រទេស​ថៃ​ មកកាន់​ក្រុង​ប៉ោយប៉ែត និង​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ។ ក្រៅពីនោះ ភាគី​ទាំងពីរ​ក៏​បានលើកឡើង​ផងដែរ ពី​បញ្ហា​ពលករ​ខ្មែរ​ខុសច្បាប់ បញ្ហា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​កាប់​ឈើ​នៅក្នុង​ប្រទេស​ថៃ និង​ការបើក​ច្រកព្រំដែន​ថ្មី​ចំនួន៤ នៅ​ខេត្តព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ