អានតួអត្ថបទ
កម្ពុជា

ក្រុម​សហជីព​ផ្តើម​បោះពុម្ព​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​មហាកូដកម្ម

ដើម្បី​ឈាន​ទៅ​រៀបចំ​មហា​កូដកម្ម​នៅ​ពាក់កណ្តាល​ខែ​មីនា សហព័ន្ធ​សហជីព៨​និង​សមាគម​ជាច្រើន​ទៀត​បាន​ផ្តើម​បោះពុម្ព​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ត្រៀម​ចូលរួម​កូដកម្ម។ ខិតប័ណ្ណ​ទាំងនោះ​នឹង​ត្រូវ​ចែកផ្សាយ​ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​តទៅ។ មុន​នឹង​​ឈាន​ដល់​មហា​កូដកម្ម ក្រុម​សហជីព​ទាំងនោះ​នឹង​អំពាវនាវ​ឲ្យ​កម្មករ​ពហិការ​មិន​ធ្វើការ​បន្ថែម​ម៉ោង និង​ចូលរួម​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជា​​ធិបតេយ្យ។

តំណាង​សហជីព​ដើរ​ហែ​ក្បួន ដើម្បី​សុំ​ឲ្យ​មាន​ការដោះលែង​អ្នក​ជាប់ឃុំ​ទាំង​២១នាក់ កាលពី​ពេល​ថ្មីៗ​នេះ។
តំណាង​សហជីព​ដើរ​ហែ​ក្បួន ដើម្បី​សុំ​ឲ្យ​មាន​ការដោះលែង​អ្នក​ជាប់ឃុំ​ទាំង​២១នាក់ កាលពី​ពេល​ថ្មីៗ​នេះ។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ដូច​ការគ្រោងទុក ក្រុម​សហព័ន្ធ​សហជីព​ចំនួន៨និង​សមាគម​មួយចំនួនទៀត​កំពុង​ផ្តើម​សកម្មភាព​របស់ខ្លួន​ឆ្ពោះទៅ​មហា​កូដកម្ម​កម្មករ​ទូទាំង​ប្រទេស​នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខ។ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខិតប័ណ្ណ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ចូលដល់​រោង​ពុម្ព​ហើយ។ ខិតប័ណ្ណ​ទាំងនោះ​នឹងត្រូវ​ចែក​ផ្សាយ​ដល់ក​ម្មករ​នៅ​ដើម​សប្តាហ៍​ក្រោយ។

កាលពី​ថ្ងៃទី១២កុម្ភៈ សហជីព​និង​សមាគម​ទាំងនោះ​បានសម្រេច​ថា នឹង​ប្រកាស​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ១៩ មិនា ខាងមុខ។ កូដកម្ម​នេះ​មាន​គោលដៅ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សហជីព​និង​កម្មករ ២៣ នាក់​ដែល​អាជ្ញាធរ​ចាប់ខ្លួន កាលពីដើម​ខែមករា​ក្នុង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ។ អ្នក​ទាំងនោះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្តកំពង់ចាម។ ពីរ​នាក់​ក្នុងចំណោម​នោះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​រួចហើយ។

ដើម្បី​ចៀសវាង​ការបង្ក្រាប កម្មករ​ដែលមាន​បំណង​ចូលរួម​ក្នុង​កូដកម្ម​នេះ គ្រាន់តែ​ផ្អាក​មិន​ទៅធ្វើ​ការ ហើយ​សំរាក​នៅផ្ទះរៀងៗខ្លួន​តែប៉ុណ្ណោះ។ ប៉ុន្តែ​មុន​ឈានដល់​កូដកម្ម​នេះ  សហជីព​ទាំងនោះ​នឹង​អំពាវនាវ​ឲ្យ​កម្មករ​ធ្វើ​ពិ​ការមិនធ្វើ​ការបន្ថែម​ម៉ោង​ចាប់​ពីថ្ងៃ ថ្ងៃទី ២៤ដល់​ថ្ងៃទី ២៨ កុម្ភៈ។  បន្ទាប់មក​វេទិការ​សាធារណៈ​មួយ​គ្រោង​នឹង​បើក​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី៨មីនា។ ការទាមទារ​ដំឡើង​ប្រាក់ខែ ១៦០ ដុល្លារ​ក៏​នៅតែ​ជា​ប្រធានបទ​សំខាន់​មួយ​ដដែល។

ប៉ុន្តែ គំរោង​ធ្វើ​កូដកម្ម​នេះ​ត្រូវបាន​ក្រុម​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​នយោបាយ​រដ្ឋាភិបាល​បដិសេធ​មិន​ចូលរួម។ លោក​ជួន មុំ​ថុល មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម​នោះ​ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា កូដកម្ម​នេះ​ធ្វើ​ឲ្យ​អ្នកវិនិយោគទុន​ព្រួយបារម្ភ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​កម្មក​រ។ លោក​អះអាងថា​កម្មករ​នឹងមិន​ចូលរួម​កូដកម្ម​នេះ​ទេ។ យ៉ាងណាក៏ដោយ ក្រុម​សហជីព​ដ៏​មាន​ឥទ្ធិពល​ទាំង៨អះអាងថា​គំរោង​កូដកម្ម​ទ្រង់ទ្រាយ​ធំ​របស់ខ្លួន​នឹងមាន​កម្មករ​ចូលរួម​យ៉ាងច្រើន​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ