អានតួអត្ថបទ
កម្ពុជា

សហជីព​ការងារ​រៀបចំ​ពិធី​ឧទ្ទិស​កុសល និង​ប្រមូល​បច្ច័យ​ជួយ​កម្មករ​ក្នុង​បុព្វហេតុ​ទាមទារ​ប្រាក់​ឈ្នួល

ដក​ថយ​ពី​ការធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល នៅ​ថ្ងៃ​ទី១២​មករា​នេះ សហភាព​ការងារ​កម្ពុជា ដែល​មាន​ចំណុះ​សហជីព និង​សមាគម​ចំនួន ៧ បាន​រៀប​ចំ​ពិធី​បង្សុកូល​មួយ ដើម្បី​​ឧទ្ទិស​កុសល​​ដល់​កម្មករ​ដែល​បាន​ស្លាប់ និង​ដើម្បី​ប្រមូល​បច្ច័យ​ជួយ​គ្រួសារ​កម្មករ និង​​កម្មករ​​រង​របួស​​ក្នុង​​បុព្វ​ហេតុ​​ទាមទារ​​ប្រាក់​ឈ្នួល។ នៅ​ថ្ងៃ​តែមួយ សហជីព​​ក៏​បាន​​​​ប្រកាស​​ជា​​ចំហ​ទាមទារ​​អោយ​រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន រៀបចំ​​អោយ​​មាន​​ការចរចា​​ដំឡើង​​ប្រាក់​​ឈ្នួល​គោល និង​អំពាវ​នាវ​អោយ​មាន​ការដោះលែង​កម្មករ និង​សកម្មជន​ទាំង២៣នាក់​ជា​បន្ទាន់។

ពិធីឧទ្ទិសកុសល និងប្រមូលបច្ច័យជួយកម្មករក្នុងបុព្វហេតុទាមទារប្រាក់ឈ្នួល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤
ពិធីឧទ្ទិសកុសល និងប្រមូលបច្ច័យជួយកម្មករក្នុងបុព្វហេតុទាមទារប្រាក់ឈ្នួល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ©CLC
ផ្សាយពាណិជ្ជកម្ម

មិន​គ្រាន់តែ​ជា​ពិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នកស្លាប់​ក្នុងការ​ប៉ះទង្គិច​រវាង​កម្មករ ជាមួយនឹង​សមត្ថកិច្ច​ កាលពី​ដើមខែ​មករា ពិធី​បែប​សាសនា​ដែល​រៀបចំឡើង​នៅ​ល្ងាច​នេះ ក៏​ជា ឱ​កាស​សម្តែង​ការដឹងគុណ​ដល់ វីរកម្មករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ និង​ប្រមូល​បច្ច័យ​ដើម្បី​ជួយ​សម្រួល​ជន​ជាប់ឃុំ ជន​រងរបួស និង​បន្ត​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​ផងដែរ។ នេះ​បើតាម លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃទី១២ មករា​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​រូបនេះ បានអោយដឹងថា ពិធីបុណ្យ​បង្សុកូល ដែល​បាន​រៀបចំឡើង​នៅ​ការិយាល័យ​សហភាព​ការងារ​កម្ពុជា ស្ថិតក្នុង​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ មានការ​និមន្ត​ព្រះសង្ឃ និង​អ្នកចូលរួម​ប្រមាណ ២០០នាក់  ដើម្បី​ឧទ្ទិស​កុសល​ជូន​វីរ​កម្មករ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត កាលពី​ថ្ងៃទី០៣ មករា ២០១៤ នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង។ ក៏មានដែរ ការបង្ហាញ​​ពិ​ពណ៌​រូបថត​ជនរងគ្រោះ ដោយ​ការប៉ះទង្គិច​រវាង​បាតុករ និង​សមត្ថកិច្ច កាលពី​ថ្ងៃទី២ និង​ទី៣ មករា កន្លងទៅ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ម្តុំ​រោងចក្រ យ៉ាក​ជីន នៅ​ស្រុក​កំបូល និង សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។

បើតាម​លោក អាត់ ធន់ ក្នុងថ្ងៃនេះ សហភាព​ការងារ​កម្ពុជា ក៏បាន​បង្កើត មូលនិធិ​សហភាព​ការងារ​កម្ពុជា ដើម្បី​យុទ្ធនា​ការប្រាក់​ឈ្នួល​សមរម្យ ក្នុង​គោលបំណង ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​វីរកម្ម​ករ​ដែល​បាន​ស្លាប់  កម្មករ​ដែល​ជាប់ពន្ធ​នាគារ​នៅ​កំពង់ចាម កម្មករ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ និង​មួយចំណែក​ទៀត​ ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​បន្ត។

ក្នុង​ថ្ងៃទី១២ មករា នេះដែរ មេដឹកនាំ តំណាង​សហជីព និង​សម្ព័ន្ធ​សហជីព ផ្នែក​កាត់ដេរ និង​ដេរ​ស្បែកជើង​ចំនួន ៨ បានចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ដល់ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន រៀបចំ​អោយមាន​ការចរចា​ដោយស្មោះ​ត្រង់​ជា​បន្ត និង​យ៉ាង​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍ផ្សេងៗ ជូន​កម្មករនិយោជិត បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​កម្មករ ដោះលែង​កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​ទាំង២៣នាក់ ដោយ​គ្មាន​លក្ខខណ្ឌ ផ្តល់​សំណង​ជម្ងឺ​ចិត្ត​ដល់​អ្នកស្លាប់ និង​របួស បញ្ចប់​បណ្ដឹង និង​ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​អោយចូល​ធ្វើ​ការងារ​ឡើងវិញ។

លោក អាត់ ធន់ ក៏បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ការបន្ត​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​សាជាថ្មី គឺជា​ជម្រើស​ចុងក្រោយ ប្រសិនបើ​សេចក្តី​ពុំមាន​ដំណោះស្រាយ​អោយមាន​សមរម្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ