អាមេរិកប្រគល់រូបចម្លាក់ដែលមានអាយុជាង១ពាន់ឆ្នាំមួយអង្គមកឲ្យកម្ពុជាបន្ថែមទៀត
រូបចម្លាក់ទុរយោធន៍ (DURYODHANA) ដែលកម្ពុជាបានបាត់កាលពីឆ្នាំ១៩៧២ ត្រូវបានសហរដ្ឋអាមេរិកធ្វើពិធីប្រគល់មកឲ្យកម្ពុជាវិញ កាលពីថ្ងៃទី៧ឧសភាម្សិលមិញនេះ នៅក្នុងពិធីមួយ ដែលបានធ្វើឡើងនៅឯបុរីញូយ៉កសហរដ្ឋអាមេរិក ដោយមានការចូលរួមពីតំណាងភាគីរដ្ឋាភិបាលកម្ពុជា សហរដ្ឋអាមេរិក និងភាគីពាក់ព័ន្ធជាច្រើនទៀត។ គិតទាំងរូបចម្លាក់អង្គនេះ សហរដ្ឋអាមេរិកបានប្រគល់រូបចម្លាក់ចំនួន៣អង្គហើយមកអោយកម្ពុជាវិញ ក្រោមកិច្ចសហប្រតិបត្តិការ ការពារសម្បត្តិវប្បធម៌នៃប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើដំណើរជាពិសេសទៅកាន់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃចន្ទ ដើម្បីទទួលយករូបចម្លាក់នេះដោយផ្ទាល់ នៅក្រោមក្រសែភ្នែករបស់មន្ត្រីសហរដ្ឋអាមេរិក លោក Preet Bharara រដ្ឋអាជ្ញាប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក តំណាងក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក អង្គការយូណេស្កូ និងតំណាងសាលាបារាំងចុងបូព៌ាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៧ឧសភា។
សេចក្តីប្រកាសបានអោយដឹងថា គំនិតផ្តួចផ្តើមនេះ គឺបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្រោយពីមានកិច្ចពិភាក្សា រវាងលោក ច័ន្ទ តានី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Jeff Daigle ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
ផ្តើមចេញពីកិច្ចសហប្រតិបត្តិការនេះ ក្នុងនាមរដ្ឋាភិបាលកម្ពុជា រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កាលពីខែមេសាឆ្នាំ២០១២ បានសំរេចដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទៅកាន់តុលាការសហព័ន្ធដើម្បីទាមទារឱ្យមានការរិបអូសរូបចម្លាក់នេះមកកម្ពុជាវិញ។ បណ្តឹងដែលបានធ្វើឡើង ក្រោយពេលក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s បានដាក់អោយដេញថ្លៃ នូវលក់រូបចម្លាក់ទុរយោធន៍(DURYODHANA) នេះ នៅខែមីនា ឆ្នាំ២០១១នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឈ្មោះសប្តាហ៍អាស៊ី។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ នៃសាលាបារាំងចុងបូព៌ា បានរកឃើញថា វត្ថុបូរាណនេះជារបស់កម្ពុជា ដូច្នេះការដាក់ដេញថ្លៃ ដែលកំណត់ធ្វើ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ត្រូវបានបញ្ឈប់ទៅវិញ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតមួយ ទៅកាន់ក្រុមហ៊ុន Sotheby’s ដោយស្នើឱ្យក្រុមហ៊ុននេះ ប្រគល់រូបចម្លាក់ទុរយោធន៍ មកឱ្យកម្ពុជាវិញ។ ដំណើរការនីតិវិធីនៅតុលាការ បានធ្វើឡើងជាបន្តបន្ទាប់ និងបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៣ នៅពេលដែលក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s សម្រេចប្រគល់រូបចម្លាក់ទុរយោធន៍នេះ មកកម្ពុជាវិញ។
រូបចម្លាក់ទុរយោធន៍ (DURYODHANA) ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានលួចចេញពីប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៧២ ពីប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ ដែលជាទីតាំងបុរាណវិទ្យា ដ៏ឆ្ងាយដាច់ស្រយាលមួយ នៅភាគខាងជើង នៃប្រទេស ក្នុងអំឡុងសង្គ្រាមស៊ីវិល រយៈពេល ២ ទសវត្សនៅកម្ពុជា ។ បើគិតទាំងរូបចម្លាក់នេះទៀត អាមេរិកបានប្រគល់រូបចម្លាក់ចំនួន៣ហើយ មកអោយកម្ពុជាវិញ។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលនឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃអាទិត្យសប្តាហ៍នេះ អមដោយរូបចម្លាក់ទុរយោធន៍ដែលមានអាយុជាង១ពាន់ឆ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ