អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហ​រដ្ឋ​អា​មេរិក​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​សកម្ម​ជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ក្តី​បារម្ភ​ទាក់​ទង​នឹង​មរណ​ភាព របស់​លោក ទិត្យ រ៉ន វ័យ ៣៧​ឆ្នាំ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ស្លាប់​ក្រោយ​ពី​ប៉ូលិសចាប់​ឃុំឃាំង​មិន​ទាន់​បាន​៤៨​ម៉ោង​ផង​។​ លើស​ពីនេះ​ទៀត សហរដ្ឋអាមេរិក​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ និង​បញ្ឈប់ការ​រឹត​បន្តឹង​ខាង​នយោបាយ​ និង​ដោះលែង​អ្នក​នយោ​បាយ​ដែល​ជាប់​ឃុំ។​

លោក ទិត្យ រ៉ន វ័យ ៣៧ឆ្នាំមុនពេលស្លាប់
លោក ទិត្យ រ៉ន វ័យ ៣៧ឆ្នាំមុនពេលស្លាប់ @FreshNews
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«​មរណ​ភាព​លោក​ទិត្យ រ៉ននិង​ចំណាត់​ការ​ប្រ​ឆាំងអតីត​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​»​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​និង​ជា​បន្ទាន់​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ឃុំឃាំង​ដោយ​អាជ្ញាធរ​ នៅ​ស្រុកស្ទឹង​ត្រង់ ​ខេត្ត​កំពង់​ចាម​។

លោក​ អ៊ាម ទិត្យ ​ ជា​ឪពុក​របស់​លោក ទិត្យ រ៉ន បាន​អះអាង​ថា​ កូន​របស់​លោក​ស្លាប់​ដោយ​អាថ៌​កំបាំង ​ដោយ​បាក់ក​ ​ជាំ​ភ្នែក​និង​មាន​ស្នាម​ជាំ ពេញ​ខ្លួន បន្ទាប់ពី​សមត្ថកិច្ច​ប៉ុស្តិ៍ទួល​ព្រះឃ្លាំង​ ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់​ចាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១៥ខែ​មេសា​ ហើយ​នៅថ្ងៃ​ទី១៨​ខែ​មេសា​ខាង​ពន្ធនាគារ​បាន​ប្រាប់​ថា កូនរបស់​លោក​បាន​ស្លាប់​នៅ​ពន្ធនាគារ ​ស្រប​ពេល​កូន​របស់​លោក​គ្មានជំងឺ​អ្វី​សោះ​ពី​មុន​មក។

ទោះ​ជា​យ៉ាង​ណា​ព្រះរាជ​អាជ្ញា​អមសាលា​ដំបូង​ខេត្ត​កំពង់ចាមបក​ស្រាយ​ថា ​លោក​ទិត្យ រ៉ន​ ត្រូវ​ចាប់​ខ្លួន​ដោយសារ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពីមុន។​​មត្ថកិច្ច​អះអាងថា​ លោក ​ទិត្យ រ៉ន ស្លាប់​ដោយ​សារ​ដួល​បោក​ក្បាល​ទៅនឹង​ជ្រុង​អាង​ទឹក​ក្នុង​បន្ទប់ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ថា​ករណី​ស្លាប់​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​រូប​នេះ​ជាដែន​សមត្ថកិច្ច​របស់​តុលាការ​កម្ពុជា ​ដោយ​លោក​ថា អាមេរិក​គ្មាន​សិទ្ធិ​ជ្រៀត​ជ្រែក​កិច្ច​ការ​របស់​កម្ពុជា​ឡើយ​។

ក្រៅពី​ករណី​ស្លាប់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ក្រសួង​ការ​បរទេស​ស.រ.អា. ក៏​បង្ហាញ​កង្វល់​និង​ការ​សោកស្តាយ​ទាក់​ទង​នឹង​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ជាង​៦០ ​នាក់ ។ លើសពី​នេះ​ទៀត ក្រសួង​ការ​បរទេស​ស.រ.អា.អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល បញ្ឈប់​ការ​រឹត​បន្តឹង​ខាង​នយោបាយ និង​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ដោយ​ខុស​ច្បាប់​រួម​មាន​ លោក កឹម សុខា និង​សកម្ម​ជន​ជា​ច្រើន​ទៀត រួម​ទាំង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ថ្មី​ៗ​នេះ​។

បើ​តាម​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីព​ហុបក្សឡើង​វិញ​ព្រម​ទាំងគោរ​ច្បាប់​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​។

យ៉ាងណាក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​តែង​តែ​បក​ស្រាយ​ថា​ចំ​ណាត់​ការ​ទៅ​អតីត​បក្ស​ប្រឆាំង​គឺ​ជាការ​អនុវត្ត​ច្បាប់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ