អានតួអត្ថបទ
កម្ពជា

ACU​ព្រម​បើក​ការ​ស៊ើប​អង្កេត​លើ​បណ្ដឹង​របស់​ក្រុម​យុវជន​ដែល​ប្ដឹង​លោក កឹម សុខា

ដូច​ការ​គ្រោង​ទុក អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACUនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ បង្ហាញលទ្ធ​ផល​ជា​សាធារណៈ​នៃ​ការ​ធ្វើ​កោសល្យ​វិច្ច័យ​លើ​សំឡេង​ខ្សែ​អាត់​របស់ លោក កឹម សុខា ។​ លោក​ទេស​រដ្ឋ​មន្ត្រី​ ឱម យ៉ិ​ន​ទៀង ប្រធានACU ប្រកាស​ថា ការ​សា​សង​រវាង​លោក កឹម សុខា និង​ស្រី​មុំ​ជា​សំឡេង​ពិត​ប្រាកដ។ ហើយACUព្រម​បើក​ការ​ស៊ើប​អង្កេត​លើ​ប​ណ្ដឹង​របស់​យុវជនដែល​ប្ដឹង​លោក កឹម សុខា ពាក់​ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

រូបថតៈលោក ឱម យ៉ិនទៀង ថ្លែងនៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះ
រូបថតៈលោក ឱម យ៉ិនទៀង ថ្លែងនៅព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០១៦នេះ @siv channa
ផ្សាយពាណិជ្ជកម្ម

ចំណាត់​ការ​ជា​បន្ត​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំពោះ លោក កឹម សុខា គឺ​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា ដែល​ធ្លាប់​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ​ACU បី​លើក​រួច​មក​ហើយ។ ACU ក៏​បាន​តម្រូ​វ​ឲ្យ​លោក កឹម សុខា មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ជាថ្មី​ម្ដង​ទៀត។  

នីតិ​វិធី​នៃ​ការ​ហែក​ស្រោម​សំបុត្រ​នឹង​ធ្វើ​ឡើង​តាម​រយៈ​គណៈ​កម្មាការ​មួយ​ របស់ACUដើម្បី​ចង់ដឹង​ពី​ប្រភព​លុយ​របស់​លោក កឹម សុខា ដែល​ធ្លាប់​ទិញ​ឡាន ដី និង ផ្ទះ​ជូន​ស្រី​ស្នេហ៍។ ហើយទាំង​នេះ​ក៏​ជា​ចំណុច​នៃ​ការ​ចង់​ដឹង​របស់ ក្រុម​យុវជន​ដឹ​ក​នាំ​ដោ​យ​ លោក ស្រី ចំរើន ទាម​ទារ​ឲ្យស្ថា​ប័ន​ជាតិ​មួយ​នេះ​បើក​ការ​ស៊ើប​អង្កេត។

លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អះ​អាង​ថា គ្មាន​អ្វី​ជាឧបសគ្គ​រា​រាំង​ដល់​ដំណើ​ការ​ស៊ើប​អង្កេត​របស់​លោក​នោះ​ទេ។ ទោះ​បី​ជា​នៅ​ពេល​នេះ​ACU​កំពុងរង​ការ​រិះ​គន់​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ក៏​ដោយ។ លោក ឱម យ៉ិនទៀង បាន​ថ្លែង​ការ​ពារបណ្ដឹង​របស់​យុវជ​ន​ថា ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​ច្បាប់ ព្រោះ​សាច់​រឿង​លោក កឹម សុខា ពាក់​ព័ន្ធសំណុំ​រឿង​ពុក​រលួយ ដែល​ស្ថិត​នៅ​ក្រោម​សមត្ថ​កិច្ច​ដោះ​ស្រាយ របស់ACU
ហើយ​បើ​តាមគម្រោង នៅ​ពេលACUប្រមូល​ភ័ស្តុ​តាង​បាន​គ្រប់​គ្រាន់​ហើយ​ស្ថាប័ន​ជាតិ​មួយ​នេះ នឹង​ធ្វើសំណើ​ទៅ​ព្រះ​រាជ​អាជ្ញា​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកា​ន់​ទៅ​លើ លោក កឹម សុខា។

ជា​មួយ​គ្នា​នេះ​ក្រុម​អ្នក​ច្បាប់ ACU ​ក៏​បាន​ជំរុ​ញ​និង​គាំទ្រ​នៅ​ក្នុង​ដំណើ​ការ​ស៊ើប​អង្កេត​នេះ​ដោយពួក​គេ​យល់​ថា​ ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។ នៅ​ក្នុង​ដំណើ​ការ​ស៊ើប​អង្កេត​នេះលោក​ទេស​រដ្ឋ​មន្ត្រី ឱម យ៉ិនទៀង អះ​អាង​ថា ​នឹង​មិន​ប៉ះ​ពាល់​ដល់​អភ័យ​ឯក​សិទ្ធិ​សភារ​បស់លោក កឹម សុខា ទេ។ ​

ដោយ​ឡែក​នីតិ​វិធី​ត្រួត​ពិនិត្យ​ខ្សែ​អាត់​សំឡេង​របស់ លោក កឹម សុខា ត្រូវ​បាន​អ្នក​ជំនាញ​របស់ ACU ធ្វើ​ឡើង​តាមរយៈ ការប្រមូល​យក​សំឡេង​របស់​លោក​កឹម សុខា នៅ​គ្រប់​ទី​កន្លែង និង​សំឡេង​របស់​កញ្ញា​ខុម ចាន់តារាទី​ហៅ​ស្រីមុំ​ដែល​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​​ធ្វើ​ការផ្ទៀងផ្ទាត់។ ហើយ​ការ​ផ្ទៀង​ផ្ទាត់​នោះ​ពិនិត្យ​ឃើញថា ទាំង​សំឡេង​សន្ទនា​និង​សំឡេង​ផ្ដល់​បទ​សំភាសន៍​ជា​មួយ​បណ្ដា​សារ​ព័ត៌​មាន​គឺ​ជា​សំឡេង​តែ​មួយ។

លោក អេង ឆៃអ៊ាង មន្ត្រី​គណៈ​មជ្ឈឹម​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​មិន​ឆ្លើយ​ឆ្លង​អ្វី​ទាំង​អស់​ចំពោះ​សកម្មភាព​ទាំង​នេះ​ ហើយ​គណបក្ស​ទុក​ឱ្យ​មតិ​សាធារណៈ​ជា​អ្នក​វិនិច្ឆ័យ​លើ​សកម្មភាព​ដែល​ ប្រើប្រាស់​យន្តការ​សភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ