អានតួអត្ថបទ
កម្ពជា

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដើម​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ថ្មី​ក្រោយ​ស្ងាត់​មួយ​រយៈ

កាល​​​ពី​​ថ្ងៃ​​ម្សិល​មិញ​​តំណាង​​រាស្ត្រ​​គណបក្ស​​សង្គ្រោះជាតិ​​ពីរ​​រូ​ប​​​គឺ​​លោក សុន ឆ័យ និង​លោក ម៉ៅ មុន្នីវណ្ណ បាន​​ចុះ​​ទៅ​ពិនិត្យ​ព្រំដែន កម្ពុជា វៀតណាម សារជាថ្មី នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី។ នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​នេះ​ លោក​ទាំង​ពីរ​បាន​ឃើញ​ដោយ​ផ្ទាល់​ថា រណ្តៅ​ស្រះ​ទឹក​ចំនួន​៨ ​ដែល​វៀតណាម​ជីក​កន្លង​មក​ នៅ​មិន​ទាន់​លុប​និង​ស្រះ​​មួយ​ចំនួន​ទៀត​ជីក​ពង្រីក​បន្ថែម។  

ស្រះ​ទឹក​មួយ​កន្លែ​ង​ស្ថិត​ក្នុង​ខេត្តរតន​គិរី​ដែល​មិន​ទាន់​បាន​លុប
ស្រះ​ទឹក​មួយ​កន្លែ​ង​ស្ថិត​ក្នុង​ខេត្តរតន​គិរី​ដែល​មិន​ទាន់​បាន​លុប @mao monyvann
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​ប្រតិភូ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក សុន ឆ័យ និង លោក ម៉ៅ មុន្នីវណ្ណ ផ្ដើម​ចុះ​ត្រួត​ពិនិត្យ​ព្រំដែនកម្ពុជា​វៀតណាម​ជា​ថ្មី​ទៅ​កាន់​តំបន់ ស នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ តំបន់​ស ​ដែល​​វៀត​ណាម​​បាន​​ជីក​​ស្រះ​​ទឹក​​៨​​កន្លែង​​ចូល​​មក​​ក្នុង​​​ដី​​ខ្មែរ។

 
តាមរយៈ​សំណេរ​អម​និង​វីដេអូ​ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​០១​ធ្នូ​នេះ លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម​ថា វៀតណាម​នៅ​មិន​ទាន់​លុប​ស្រះ​ចេញ​ពី​តំបន់​​ស​ទេ។ បើ​ទោះ​បីជា​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​ក្រុម​ការងារ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​លើក​មុន​ដែលតម្រូវ​ឲ្យ​វៀតណាម​លុប​ស្រះ​ចេញ​ក៏​ដោយ។ លោក ម៉ៅ មុន្នីវណ្ណ មើល​ឃើញ​ទៀត​ថា​ ស្រះ​ខ្លះ​ជីក​ពង្រីក​និង​ដី​ចម្កា​មួយ​ចំនួន​ត្រូវ​បាន​ទុក​ចោល និង​មួយ​ចំនួន​ទៀត​ដាំ​ដំណាំពង្រីក​បន្ថែម។ តំណាង​រាស្ត្រ​រូប​នេះ​នឹង​សសេរ​លិខិត​ប្រាប់​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​អំពី​បញ្ហា​នេះ។

លោក ម៉ៅ មុន្នីវណ្ណ ក៏​បាន​រិះគន់​ការ​ដោះ​ស្រាយ​បញ្ហា​រំលោភ​បូរណភាព​ទឹក​ដី​ខ្មែរ​របស់ រដ្ឋាភិបាល​កម្ពុជា​ជា​មួយ​ភាគី​វៀត​ណាម​កន្លង​មក​គ្មាន​មាន​ប្រសិទ្ធ​ភាព។ លោក​បានជំរុញ​ទៅ​រដ្ឋាភិបាល​ងាក​មក​ប្រើ​យន្តការ​អន្តរជាតិ​ដោយ​ប្រើ​ប្រាស់​មូលដ្ឋាន​សន្ធិ​សញ្ញាទី​ក្រុង​ប៉ារីស​ដើម្បី​ឲ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​ដាក់​សំពាធ​លើ​ភាគី​វៀតណាម និង ប្តឹង ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​បញ្ចប់​បញ្ហា​រំលោភ​ចូល​ទឹក​ដី​ខ្មែរ។  

ទន្ទឹម​គ្នា​នេះ លោក ផៃ ស៊ីផាន បាន​រិះ​គន់​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ​ដោយ​លោក​ចាត់​ទុក​ថា​មិន​យល់​ពី​ការងារ​របស់​រដ្ឋាភិបាល។ អ្នក​នាំ​ពាក្យ​រូបនេះ​បញ្ជាក់​ថា ការ​លុប​ស្រះ​នេះ​មិន​មែន​ជា​កាតព្វកិច្ច​របស់​វៀតណាមដែល​ត្រូវ​លុប​ទេ​គឺ​កម្ពុជា​ជា​អ្នក​លុប​ព្រោះ​ស្ថិត​នៅ​លើ​ខ្មែរ។

សូមបញ្ជាក់​ថា ការ​ជីក​ស្រះ​ទឹក​នៅ​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ​នេះ​ក្រសួង​កាបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​បី​លើក​រួច​មក​ហើយ​ទៅ​កាន់​ស្ថានទូត​វៀតណាម​ប្រចាំកម្ពុជា។ បន្ទាប់​មក​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​ចំនួន​ពីរលើក​នៅ​ក្រុងភ្នំពេញ​និង​ហាណូយ​ដើម្បី​រក​ដំណោះ​ស្រាយ។ ដំណោះ​ស្រាយ​រួម​គឺ​ភាគីវៀតណាម​យល់​ព្រម​លុប​ស្រះ​ទឹក​ប្រាំបី​កន្លែង​នេះ​នៅ​ក្នុង​ខេត្ត​រតនគិរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ