អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​មិន​អនុញ្ញាត​អោយ​បញ្ចាំង​ភាពយន្ត​រឿង "អ្នក​ណា​សម្លាប់​លោក ជា វិជ្ជា?"

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​តំណាង​សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន​ បាន ​ជួប​ពិភាក្សា​គ្នា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​បាន​សម្រេច​អនុញ្ញាត​អោយ​ក្រុម​សហភាព​សហជីព​កម្ពុជា​រៀបចំ​ដង្ហែ​ក្បួន​ នៅ​ថ្ងៃ​ទី​១​ឧសភា​ ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​ អន្តរជាតិ​លើក​ទី​១២៤។ ប៉ុន្តែ​អាជ្ញាធរ​រាជធានី​មិន​បាន​អនុញ្ញាត​អោយ​មាន​ការ​បញ្ចាំង​ភាពយន្តឯកសារ​រឿង "តើ​អ្នកណា​សម្លាប់​លោក ជា វិជ្ជា” ​តាម​ការ​ស្នើ​សុំ​នោះ​ឡើយ។ 

សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០
សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី នឹង​ដង្ហែ​ក្បួន​នៅ​ថ្ងែ​ទី ១ ឧសភា ២០១០ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:12

សេចក្តី​រាយការណ៍​របស់​ លាង ដឺលុច

ថ្នាក់​ដឹកនាំ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​បញ្ចាំង​ភាពយន្ត​ឯកសារ​រឿង "តើ​អ្នកណា​សម្លាប់​លោក ជា វិជ្ជា" នៅ​ទី​សាធារណៈ នៅ​ក្នុង​ថ្ងៃ​ទី​១​ឧសភា ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៤​បាន​ឡើយ។ ប៉ុន្តែ​ពួកគេ​អាច​ដង្ហែ​ក្បួន​បាន​នៅ​ថ្ងៃ​នោះ ដូច​តាម​ការ​ស្នើ​សុំ។ នេះ​ជា​សេចក្តី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ពេល​ដែល​មាន​ការ​ជួបប្រជុំ​រវាង​មន្ត្រី​សាលា​រាជធានី និង​លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា។ សហភាព​សហជីព​កម្ពុជា​ជា​ស្ថានប័ន​ដែល​ចងក្រង​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សហជីព​សេរី​កម្មករ​កម្ពុជា។

 
            យោង​តាម​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ សាលា​រាជធានី​បាន​ផ្តល់​មូលហេតុ​ដែល​ខ្លួន​មិន​អនុញ្ញាត​អោយ​មាន​ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​រឿង "តើ​អ្នកណា​សម្លាប់​លោក ជា វិជ្ជា" នោះ​ថា ដោយសារ​តែ​ខ្សែ​វីដេអូ​នេះ​មិនទាន់​ទទួល​បាន​ទិដ្ឋាការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ។ ដោយឡែក បើ​យោង​តាម​កំណត់ហេតុ​ដដែល សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ដូច​តាម​ការ​ស្នើសុំ អោយ​សហភាព​សហជីព​កម្ពុជា​របស់​លោក រ៉ុង ឈុន និង​លោក ជា មុន្នី​ដង្ហែរ​ក្បួន​ដែល​មាន​មនុស្ស​ចូលរួម​យ៉ាងតិច​២០០​នាក់ ដើម្បី​ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា និង​ដាក់​កម្រង​ផ្កា​នៅ​ទី​កន្លែង​ដែល​លោក​ជា វិជ្ជា​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​២០០៤។

            សេចក្តី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​យ៉ាងនេះ នឹង​ត្រូវ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​បន្ត​ទៀត។
            បើ​តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយឯក​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ក្រសួង​មហាផ្ទៃ​នឹង​អនុញ្ញាត​អោយ​មាន​ការ​ដង្ហែ​ក្បួន​ដូច​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ដូច​ការ​ពន្យល់​របស់​សាលា​រាជធានី​ដែរ ចំពោះ​ការ​ស្នើសុំ​បញ្ចាំង​ភាពយន្ត​ឯកសារ​ ស្តី​ពី​ឃាតកម្ម​លើ​លោក ជា វិជ្ជា​នោះ លោក ខៀវ សុភ័គ​ បាន​ថ្លែង​ថា ភាពយន្ត​ឯកសារ​នេះ​មិនមាន​ការ​អនុញ្ញាត​នាំ​ចូល​នោះ​ឡើយ។

            ភាពយន្ត​ឯកសារ​ស្តី​ពី​ឃាតកម្ម​លើ​លោក ជា វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​ចងក្រង​ដោយ​ក្រុម​ផលិតករ​បរទេស​ដែល​ធ្លាប់​រស់នៅ​កម្ពុជា។ ឯកសារ​នេះ​ចងក្រង​ព្រឹត្តិការណ៍​ ស្តី​ពី​ជីវិត​លោក ជា វិជ្ជា​ រវាង​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៨។ ហើយ​ភាពយន្ត​នេះ​ត្រូវ​បានបញ្ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១០​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ