អានតួអត្ថបទ
កម្ពុជា​-ថៃ

បន្ទាប់ពី​ផ្ទុះអាវុធ​ថៃនិងកម្ពុ​ជា​សន្យា​ឈប់​បាញ់​គ្នា​ទៀតហើយ​

បន្ទាប់​ពី​កិច្ចចរចា​គ្នា​រយៈពេល​ជាង១ម៉ោង​នៅព្រឹក​ថ្ងៃទី​៥កុម្ភៈ​នេះ​ មេទ័ព​ខ្មែរ​និងថៃ​បាន​សន្យា​ថា​ឈប់ឱ្យ​មានការ​ផ្ទុះអាវុធ​ទៀត​ហើយ​ និង​ត្រូវ​រក្សា​កងកម្លាំង​របស់ខ្លួន​ឱ្យនៅ​ដដែល​ដោយ​ហាម​មិនឱ្យ​ចល័ត​ចុះឡើង​ឡើយ។​ កិច្ចចរចា​ដែល​បាន​ធ្វើឡើង​នៅឯច្រក​ព្រំដែន​ជាំ​ក្នុងស្រុក​អន្លង់វែង​លើ​ទឹកដី​កម្ពុជា​បាន​សម្រេច​លទ្ធផល​ជាវិជ្ជមាន​ ប៉ុន្តែ​មុន​ពេល​កិច្ចចរចា​ចាប់ផ្តើម​កងទ័ព​ខ្មែរនិង​ថៃបាន​បើក​ឆាក​ប្រយុទ្ធ​គ្នា​មួយឈុត​ទៀត​ នៅព្រឹក​ព្រលឹម​ថ្ងៃទី​៥កុម្ភៈ​នេះ​នៅ​ចំណុច​សំបុកឃ្មុំ​និង​ភ្នំទ្រព្យ​ដដែល។ ​ឆាក​ប្រយុទ្ធ​ដែល​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង​បាន​បញ្ចប់​ទៅវិញ​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ទាហាន​កម្ពុជា​ទេ។

ទាហានខ្មែរ​កំពុង​តែ​បាញ់ប្រយុទ្ធ​ទល់នឹង​ទាហានថៃ
ទាហានខ្មែរ​កំពុង​តែ​បាញ់ប្រយុទ្ធ​ទល់នឹង​ទាហានថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

02:53

សេចក្តីរាយការណ៍របស់​ ប៉ែន បូណា

ការ​ចរចា​គ្នា​នៅ​ច្រក​ជាំ​ ស្រុក​អន្លង់​វែង​បាន​ចប់​ហើយ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៥​កុម្ភៈ​នេះ​ដោយ ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ថា​ឈប់​បាញ់​គ្នា​ទៀត​ហើយ។ ​កិច្ច​ចរចា​ព្រឹក​មិញ​បាន​ធ្វើ​ឡើង​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ក្នុង​ទឹកដី​ កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន។

 
ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ទោ ​ជា ម៉ន ​មេបញ្ជាការ​យោធភូមិភាគ​៤​ និង​លោក​ឧត្តមសេនីយ៍​ទោ​ ស្រី ឌឹក ​មេ​បញ្ជាការ​កងពលធំ​លេខ​៣​ ប្រចាំ​ការ​ទិស​ព្រះវិហារ។ ​ចំណែក​ឯ​ភាគី​ថៃ​វិញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ សុវត្ថិឆៃ ​សាមុតសាខន ​មេបញ្ជាការ​ភូមិភាគ​២ ​និង​ឧត្តមសេនីយ៍ ​ឆៅវ៉ាលីត ​ឈុនប្រាក់សាន​ មេបញ្ជាការ​កងពល​តូច​លេខ​៦។

ក្រោយ​ពី​ការ​ចរចា​រយៈពេល​ជាង​១​ម៉ោង ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា ​នឹង​មិន​ផ្ទុះ​អាវុធ​នៅ​តាម​ជាយ​ដែន​ទៀត​ឡើយ។ ​ទាក់ទង​នឹង​តំបន់​ជម្លោះ​នៅ​សំបុក​ឃ្មុំ​ ភាគី​កម្ពុជា​និង​ថៃ​បាន​ឯកភាព​គ្នា​ថា ​មិន​ឱ្យ​ភាគី​ណាមួយ​ចូល​ក្នុង​តំបន់​សំបុក​ឃ្មុំ​ឡើយ។ ​ក្រៅ​ពី​នោះ ​ការ​ចល័ត​កម្លាំង​យោធា​ចុះឡើង​នៅ​តាម​ជាយដែន​ជាពិសេស​នៅ​ក្នុង​តំបន់​ ព្រះវិហារ​ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់​ខាត។ ​មិន​ត្រឹម​តែ​នៅ​ព្រះវិហារ​ប៉ុណ្ណោះ​ទេ ​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​ទូទៅ ​ចាប់​ពី​ច្រក​ជាំ​ស្រុក​អន្លង់វែង​រហូត​ដល់​ប្រាសាទ​តាមាន់​ក៏​ភាគី​ ទាំងពីរ​ត្រូវ​រក្សា​កម្លាំង​ឱ្យ​នៅ​ដដែល​ដែរ។

ទាក់ទង​នឹង​ការ​ឈរ​ជើង​នៅ​តំបន់​ព្រះវិហារ ​កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ថា​ថា​នឹង​បន្ត​អនុញ្ញាត​ឱ្យ​ទាហាន​ ខ្មែរ​៥​នាក់​និង​ថៃ​៥​នាក់​បោះ​ទីតាំង​នៅ​តំបន់​បន្លាលួស​ដែល​ជា​របង​ ប្រាសាទ​ព្រះវិហារ​ តែ​អ្នក​ទាំង​នោះ​ត្រូវ​ស្លៀកពាក់​ស៊ីវិល។ ​អ្នក​ទាំង​១០​នាក់​នោះ​មាន​សិទ្ធិ​ចេញ​ចូល​ក្នុង​តំបន់​សំបុកឃ្មុំ​បាន។​ រីឯ​ទាហាន​ថៃ​៤​នាក់​ដែល​កម្ពុជា​ចាប់​បាន​កាលពី​ម្សិលមិញ​ក៏​ត្រូវ​បាន​ ប្រគល់​ឱ្យ​ទៅ​ថៃ​វិញ​ហើយ​ដែរ។

ភាគី​កម្ពុជា​អះអាង​ថា​នៅ​ចំពោះ​មុខ​ភាគី​ថៃ​ថា ​ការ​ផ្ទុះ​អាវុធ​គឺ​បណ្តាល​មក​ពី​ភាគី​ថៃ​ជា​អ្នកបង្ក​ពី​ព្រោះ​កងទ័ព​ថៃ​ បាន​ចល័ត​ចូល​ក្នុង​តំបន់​សំបុក​ឃ្មុំ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​ត្រង់​ចំណុច​នេះ​គ្មាន​ព័ត៌មាន​ណា​ឱ្យ​ដឹង​ពី​គោល​ជំហរ​ខាង​ភាគី​ថៃ​នៅ​ឡើយ ​ទេ។ ​ប៉ុន្តែ​ នៅ​ល្ងាច​ថ្ងៃ​ទី​៤​កុម្ភៈ​ម្សិល​មិញ​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ លោក​កាស៊ីត​ ភីរម្យ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពេល​ចាក​ចេញ​ពី​កម្ពុជា​ថា ​ភាគី​ទាំង​ពីរ​ត្រូវ​ពិនិត្យ​កន្លែង​នេះ​ដើម្បី​ឱ្យ​ច្បាស់​ថា​តើ​អ្នកណា​ ជា​អ្នក​ផ្ទុះ​អាវុធ​មុន។

ម​បញ្ជាក់​ថា ​នៅ​ព្រឹក​មិញ​នេះ ​មុន​ពេល​ជំនួប​ចរចា​រវាង​មេទ័ព​កម្ពុជា​ថៃ​ ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​មួយ​ឈុត​ទៀត​នៅ​តំបន់​សំបុក​ឃ្មុំ​និង​ភ្នំ​ ទ្រព្យ​ខណៈ​ដែល​ទាហាន​ថៃ​បាន​លប​ចូល​ក្នុង​តំបន់​នោះ​ទាំង​ព្រឹក​ព្រលឹម។ ​ឆាក​ប្រយុទ្ធ​ដែល​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង​បាន​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​ សេចក្តី​រាយការណ៍​អំពី​គ្រោះថ្នាក់​ទេ។​តុល្យការ​ចុងក្រោយ​ឱ្យ​ដឹង​ថា​កងទ័ព ​និង​ប្រជាជន​កម្ពុជា​ស្លាប់​និង​របួស​ជាង​១០​នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​ អាវុធ​នៅ​ថ្ងៃ​ម្សិលមិញ៕

 

 


 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ