អានតួអត្ថបទ
កម្ពុជា

អំបែង​គ្រាប់​កំាភ្លើង​ថៃ​បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដំណំ

ជញ្ជាំង​ប្រាសាទ​ព្រះវិហារ​កាន់ស្លែ រាប់​រយ​ឆ្នាំ​មាន​ពណ៌​ខ្មៅ​ប្រផេះ បាន​របេះ​សាច់​ខ្មៅ​ខាង​ក្រៅ​ចេញ ធ្វើ​អោយ​គេ​មើល​ឃើញ​ស្នាម​ពណ៌​សៗ ពាសពេញ​ប្រាសាទ ប្រៀប​ដូច​ជា​ខ្លួន​មនុស្ស ដែល​មាន​ស្នាម​ដំបៅ មិន​ទាន់​សះ ពេញ​ដង​ខ្លួន។

អំបែង​គ្រាប់​កំាភ្លើង​ថៃ​ បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដំណំ​
អំបែង​គ្រាប់​កំាភ្លើង​ថៃ​ បាន​បំផ្លាញ​ប្រាសាទ​ព្រះវិហារ​យ៉ាង​ដំណំ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
01:42

សេចក្តីរាយការណ៍​របស់ អ៊ឹម ណាវិនពីភ្នំពេញ

អ៊ឹម ណាវិន

សាច់​ថ្ម​ប្រាសាទ នៅ​កន្លែង​ខ្លះ​បាន​របេះ​ចេញ ទំហំ​ប៉ុន​ប្រអប់​ប្រេង​កូឡា រីឯ​កន្លែង​ខ្លះ​របេះ​សាច់​ខ្មៅ​ចេញ ឃើញ​សាច់​ស មាន​ទំហំ​រហូត​ប៉ុន​ចាន​ឡូ ដូច​គេ​យក​ពូថៅ​ទៅ​កាប់​។ ប៉ុន្តែ ស្លាក​ស្នាម​ប្រេះ​បែក​ទំាង​អស់​នោះ​មិនមែន​ស្នាម​ពូថៅ​កាប់​នោះ​ទេ វា​គឺ​លទ្ធផល នៃការបាញ់​ដោយ​​គ្រាប់​កំាភ្លើង​របស់​ទាហានថៃ។

ជញ្ជាំង​​ជណ្តើរ​ប្រាសាទ ផ្នែក​ខាង​ស្តាំ ចាប់ពី​គូបារ៉ាក់​ទី​៥ រហូត​ដល់​គូប៉ារ៉ាក់​ទី​១ សុទ្ឋតែ​មាន​ស្នាម​របេះ។​ កន្លែង​ទទួល​រង​អំបែង​គ្រាប់​ច្រើន​ជាង​គេ គឺ​នៅ​ត្រង់​ចំណុច​គូបារ៉ាក់​ទី​១ ទី​៣ និង​ទី​៥។
 

ក្បាល​នាគ នៅ​ចន្លោះ​រវាង​គូបារ៉ាក់​ទី​៥ ទៅ​ទី​៤ បាន​របេះ​សាច់​ចេញ​មួយ​ចំហៀង​មុខ ធ្វើ​អោយ​បាត់បង់​ទម្រង់​មុខ​សត្វ​នាគ។ សសរ ប្រាសាទ​ត្រង់​គូបារ៉ាក់​ទី​៥ បាន​បែក​​មួយ​ចំហៀង។

កន្លែងដែល​​គ្រាប់​កំាភ្លើង​ថៃ​ធ្លាក់​ផ្តាច់​ជីវិត អ្នក​ប្រកប​របរ​ថតរូប​អោយ​ភ្ញៀវ​ទេសចរ​ម្នាក់ នៅ​ចំណុច គូបារ៉ាក់​ទី​៥ បាន​ទម្លាយ ​កម្រាល​ប្រាសាទ ទៅ​ជា​រណ្តៅ​ធំ​ប៉ុន​ភ្លៅ​មនុស្ស និង​មាន​ជម្រៅ​ជិត​មួយ​ចំអាម​ដៃ។
 

បន្ថែម​ពី​លើ​អ្វី​ដែល​គេ​បាន​មើល​ឃើញ​មុន​ការ​ប្រយុទ្ឋ​គ្នា​យ៉ាង​ខ្លំាងក្លា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ មួយ​ប្រាវ​ទៀត​កាលពី​យប់​ថ្ងៃ​អាទិត្យ និង ព្រឹក​ថ្ងៃចន្ទ​ទី ៧ កុម្ភៈ​នេះ។
ភ្លាមៗ​ក្នុង​ថ្ងៃ​ចន្ទ​ដដែល​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ចេញ​សេចក្តី ប្រកាស​ព័ត៌មាន​ជារួម​ថា​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ ពិសេស​ចំណុច​គូបារ៉ាក់​ទី​១ ទី​៣ និង​ទី​៥ ត្រូវ​បំផ្លាញ​យ៉ាង​ដំណំ​ដោយ​អាវុធ​របស់​ភាគី​ថៃ។

អ្នក​ជំនាញ​វត្ថុ​បុរាណ​នៅ​កម្ពុជា កំពុង​បូក​សរុប​ពី​ការ​ខូចខាត ប្រាសាទ​ព្រះវិហារ​ជា​ផ្លូវការ​ហើយ​​លទ្ធផល​លំអិត​ពី​ការ​ខូចខាត ប្រាសាទដែល​ជា​​បេតិកភណ្ឌ​ពិភពលោក​នេះ នឹង​ចេញ​ជា​ផ្លូវការ​ក្នុង​ពេល​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ